ដោយៈទេពកង្រី/កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅក្នុងសាលាស្រុករលាប្អៀរ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ឈិន សេងងួន អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, ប្រធានអង្គភាពជុំវិញខេត្ត, កងកម្លាំងទាំង៣ ប្រភេទ និងសិស្សានុសិស្ស យុវជនកាកបាទក្រហមខេត្ត យុវជនកាយរិទ្ធិខេត្ត សរុបចំនួន១០០នាក់។
ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ឆ្នាំងលោក ឆាយ លាភា បានរាយការណ៍ពីលទ្ធផលការងារអនុវត្តនាពេលកន្លងមកទាក់ទងនឹងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងខេត្តកំពង់ឆ្នាំង ជាអាទិ៍ ការត្រួតពិនិត្យយានដ្ឋានកែច្នៃ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់យានយន្ត និង ការផ្សព្វផ្សាយ និងចែកឯកសារផ្សេងៗពាក់ព័ន្ធនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដោយទទួលបាននូវសូចនាករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។
អភិបាលរងខេត្តលោក ឈិន សេងងួន បានប្រសាសន៍ថាៈ ការអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនាពេលនេះ គឺស្របពេលរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏កាន់តែខិតជិតមកដល់ ដែលអាចជាសារមួយពញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបឱ្យបានយល់ដឹងពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការបើកបរធ្វេសប្រហែស បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអទិភាព ការបត់ ឬ វ៉ាជែងដោយប្រថុយប្រថាន ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការដឹកជញ្ជូនសំពីងសំពោងលើសទម្ងន់កំណត់ ការមិនពាក់មួកសុវត្ថិភាពនូវពេលបើកបរ និងមិនពាក់ខ្សែក្រវាត់សុវត្ថិភាពជាដើម។
អភិបាលរងខេត្តក៏បានធ្វើការអំពាវនាវដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវអនុវត្តអោយបាននូវសីលធម៌១២ចំណុច។ នៅរាល់ពេលបើកបរយានយន្ត និង ត្រូវចងចាំនូវពាក្យស្លោករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មួយឃ្លាថា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។
នៅក្នុងឱកាសនោះផងដែរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. លោកស្រីមឹន មាណវី ក៏បានផ្តាំផ្ញើដល់ អាជ្ញាធរដែនដី ភូមិ ឃុំ សង្កាត់ សូមសហការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវតាមមូលដ្ឋានរបស់ខ្លួន ឱ្យចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានព្រមៗគ្នា៕