ដោយៈ​សុផល​/​សៀមរាប​:​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បានរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​ខ្លួន​រយៈពេល​០៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២ ក្រោម​ការដឹកនាំ​ដោយ លោក ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក​. និង​ដោយមាន​វត្តមាន​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អនុប្រធាន និង​សមាជិក សមាជិកា​គណៈអចិន្ត្រៃយ៍ ព្រមទាំង​សមាជិក សមាជិកា គណៈកម្មាធិការ​កណ្តាល និង​ភ្ញៀវកិត្តិយស នៅ​សាលសន្និសីទ​សុខា ខេត្តសៀមរាប​។

​កិច្ចប្រជុំ​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​វឌ្ឍនៈភាព​ការងារ​លើ​សេចក្តីសម្រេច​របស់​មហា​សន្និបាត ផែនការ​យុទ្ធសាស្ត្រ និង​កម្មវិធី​ផ្សេងៗ ដែល ស​.​ស​.​យ​.​ក​. បាន​អនុវត្ត​កន្លងមក ក៏ដូចជា​ដើម្បី​កំណត់​អាទិភាព និង​លើក​ទិសដៅ​សកម្មភាព​បន្ត ស្វែងរក​ធាតុ​ចូល​បន្ថែម ដើម្បី​ផ្សាភ្ជាប់​ផែនការ​ការងារ​ឲ្យ​ស្របតាម​ការវិវត្ត​ជាក់ស្តែង​របស់​សង្គម​និង​ក៏​ដើម្បី​ជាការ​ជួបជុំគ្នា​ពង្រឹង​និង​ពង្រីក​សាមគ្គីភាព​ក្នុង​ក្រុមគ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ លោក ហ៊ុន ម៉ា​នី បានកត់សម្គាល់​នូវ​ដំណើ​រវិ​វត្ត​ឥតឈប់ឈរ​នៃ​បរិបទ សង្គម នយោបាយ និង សេដ្ឋកិច្ច ជាពិសេស​ការប្រកាន់យក​ប្រក្រតីភាព​ថ្មី​ក្នុងដំណាក់កាល​វិបត្តិ​កូ​វីដ​-១៩ ហើយ​បានធ្វើការ​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ក្នុងការ​ចូលរួម​ជា​កម្លាំង​ដ៏​សកម្ម​លើ​កិច្ចការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល​។​លោក​ក៏បាន​បន្ថែមទៀតថា ការចូលរួម​របស់​ស​មា​ជិ​ក សមាជិកា គ្រប់ៗ​រូប ពិតជា​បាន​សបញ្ជាក់​យ៉ាងច្បាស់​ពី​តួនាទី​យ៉ាងសំខាន់​របស់​យុវជន​ក្នុង​ដំណើរការ​ប្រព្រឹត្ត​ទៅក្នុង​សង្គម និង​ការអភិវឌ្ឍ​នានា​លើ​គ្រប់​វិស័យ​ក្នុងប្រទេស​។

​ជាក់ស្តែង ស្នាដៃ និង​សមិទ្ធផល​របស់​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក​. ដែល​សម្រេចបាន​នាពេល​កន្លងមក​បាន​ឆ្លុះបញ្ចាំង​តាម​ផ្នែក​សំខាន់ៗ​រួមមាន​៖ (១) ការរៀបចំ​រចនាសម្ព័ន្ធ​ចាត់តាំង និង​ការកសាង​ស​.​ស​.​យ​.​ក​. (២) ការការពារ និង​ថែរក្សា​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី ឯករាជ្យភាព សន្តិភាព ស្ថិរភាព សេរីភាព និង​សុវត្ថិភាព​សង្គម (៣) ការលើកកម្ពស់​សុខដុម​នីយកម្ម​សង្គម អត្តសញ្ញាណ និង​លើក​កិត្តិនាម​កម្ពុជា (៤) ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម (៥)​ការអភិវឌ្ឍ​សមត្ថភាព​យុវជន (៦) ការចូលរួម​សកម្មភាព​សង្គម (៧) ការលើកកម្ពស់​សុខភាព និង​វិស័យ​កីឡា (៨) ការជំរុញ​កិច្ចសហការ​ប្រតិបត្តិកា​រ និង​ទំនាក់ទំនង​អន្តរជាតិ (៩) យុទ្ធនាការ​ពលរដ្ឋ​ល្អ និង​(១០) កិច្ចការ​ផ្សព្វផ្សាយ និង​សាធារណៈមតិ​។​

​ដើម្បី​អនុញ្ញាតឱ្យ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​កណ្តាល ស​.​ស​.​យ​.​ក​. ដែល​តំណាង​ឲ្យ ស​.​ស​.​យ​.​ក​. រាជធានី​-​ខេត្ត វិស័យ​-​ក្រសួង​-​ស្ថាប័ន ក៏ដូចជា​អង្គការ សមាគម ចំណុះ​គណៈកម្មាធិការ​កណ្តាល បាន​ចូលរួម​លើក​ជា​សំណួរ ស្នើសុំ​យោបល់ និង​ចែករំលែក​ពីបទ​ពិសោធន៍​ការងារ គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ បានធ្វើ​ការបែងចែក​អង្គប្រជុំ​ជា​ក្រុម​ពិភាក្សា​ចំនួន​៣ ដែល​កិច្ចពិភាក្សា​តាម​ក្រុម​នោះ ត្រូវបាន​ដឹកនាំ​ដោយ​អនុប្រធាន​ស​.​ស​.​យ​.​ក​. មួយរូប​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ និង​ផ្តោតលើ​ប្រធានបទ​ធំៗ​ចំនួន​០៣ រួមមាន​៖ (១) ការរៀបចំ​រចនាសម្ព័ន្ធ ស​.​ស​.​យ​.​ក​. ថ្នាក់ឃុំ សង្កាត់ (២) ការ​កៀរគរ​យុវជន​ចូលរួម ស​.​ស​.​យ​.​ក​. (៣)​យុវជន​ក្នុង​បុព្វហេតុ​ជាតិ និង​ការអភិវឌ្ឍ​អនាគត​ប្រកបដោយ​ចីរភាព​។​

​ប្រធានបទ​នៃ​កិច្ចពិភាក្សា​ដែល​បានកំណត់​ខាងលើនេះ សុទ្ធសឹងតែ​ជា​ប្រធានបទ​សំខាន់ៗ ដែល​ឆ្លើយតប​ទៅនឹង​សកម្មភាព​កន្លងមក​ដែល ស​.​ស​.​យ​.​ក​. បាន និង​កំពុង​បំពេញ​យ៉ាងសកម្ម និង​ឆ្លុះបញ្ចាំង​ពី​ការងារ​អាទិភាព​ស្របតាម​ចក្ខុវិស័យ​របស់​ស្ថាប័ន ដើម្បី​បន្ត​បេសកកម្ម​ចូលរួម​ក្នុង​ដំណើរការ​អភិវឌ្ឍ​នានា​លើ​គ្រប់​វិស័យ​ក្នុងប្រទេស​។

​លទ្ធផល​នៃ​កិច្ច​ប្រជុំបាន​គូសបញ្ជាក់​យ៉ាងច្បាស់​ថា ស​.​ស​.​យ​.​ក​. បានទទួល​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ជា​បន្ត​បន្ទាប់ពី​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន​ទាំង​វិស័យ​សាធារណៈ និង​ឯកជន ជាពិសេស​លើ​តួនាទី​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​ជួយ​សង្គមជាតិ តាមរយៈ​ភាពជា​ដៃគូ​សហការ​យ៉ាងសកម្ម​ជាមួយ​ថ្នាក់​នាំ អាជ្ញាធរ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ថ្នាក់មូលដ្ឋាន ។ គិត​ត្រឹម​ឆ្នាំ​២០២១ រចនាសម្ព័ន្ធ ស​.​ស​.​យ​.​ក​. នៅ​ថ្នាក់​រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ វិស័យ និង​សមាជិក​អង្គ​នីតិបុគ្គល​របស់ ស​.​ស​.​យ​.​ក​. បាន​រីក​ធំធាត់​គួរឱ្យកត់សម្គាល់ ដោយ​សមាជិក​សរុប​មាន​ចំនួន ១៨០.៥៨១ នាក់ (​ស្ត្រី​ស្មើនឹង​៤២% នៃ​សមាជិក​សរុប​)​។ ទន្ទឹមគ្នានេះ បន្ថែម​លើ​ការរៀបចំ​នូវ​យន្តការ​ច្បាស់លាស់​ក្នុងការ​ពង្រឹង និង​ពង្រីក​រចនាសម្ព័ន្ធ​រប​ស់​ខ្លួន ស​.​ស​.​យ​.​ក​. ក៏បាន​បង្កើតឱ្យមាន​ក្រុមប្រឹក្សា​យុវជន​តាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដើម្បី​រួមចំណែក​បន្ថែម​ក្នុង​ការជួយ​យុវជន​កម្រិត​ឧ​ត្ត​មសិ​ក្សា​ត្រៀមខ្លួន និង​ចូលរួមចំណែក​កសាង​សង្គម​។ ស្រប​ជាមួយគ្នានេះ ដើម្បី​ពង្រីក​បន្ថែម​នូវ​កម្លាំង​យុវជន​ដែលជា​ចលករ​សំខាន់​ក្នុងការ​ចូលរួម​គាំទ្រ រាជរដ្ឋាភិបាល​ក្នុងការ​ឆ្លើយតប​ជាក់ស្តែង​ទៅនឹង​តម្រូវការ​សង្គម និង​ការវិវត្ត​របស់​ប្រទេសជាតិ និង​ពិភពលោក ស​.​ស​.​យ​.​ក​. បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុង​ការបន្ត សកម្មភាព​កៀរគរ​យុវជន​តាមរយៈ​ការដាក់ចេញ​ជា​ចក្ខុវិស័យ និង​ទិសដៅ​ការងារ​ច្បាស់លាស់​ប្រកបដោយ​ភាពបត់បែន​ខ្ពស់ ទាក់ទាញ ច្នៃប្រឌិត ជាមួយនឹង​ការដឹកនាំ និង​សាមគ្គី​ភាពជា​ធ្លុង​មួយ ។​

​ក្រៅពី​លទ្ធផល​ខាងលើ យោង​លក្ខ​ខ​ន្តិ​កៈ និង​បទបញ្ជាផ្ទៃក្នុង​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជំពូក​៤ ប្រការ​៥ និង​១៦ កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល បានសម្រេច​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​សមាសភាព​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល​ចំនួន ០៩​រូប​បន្ថែម ហើយ​សមាសភាព​ចំនួន ០៣​រូប ក្នុងចំណោម​នោះ​រួមមាន​៖ លោក ជា សុ​មេធី លោក កែវ ពិសិដ្ឋ និង​លោក កែ សួន​សុភាព​បានទទួល​ការគាំទ្រ​ជ្រើសតាំង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ស​.​ស​.​យ​.​ក​.​។ ជាមួយគ្នានេះ កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​នាពេលនេះ ក៏បាន​ឈានទៅដល់​ការឯកភាព​រៀបចំ​មហា​សន្និបាត​តំណាង​ទូទាំងប្រទេស ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ និង​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ ដោយ​មហាសន្និបាត​នោះ​នឹងមាន​នូវ​ការរៀបចំ​ជា​គណៈកម្មការ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ ដើម្បី​បំពេញបន្ថែម​នូវ​តួនាទី​ប្រធានកិត្តិយស ក៏ដូចជា​ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​តែងតាំង​សមាជិក​គណៈកម្មាធិការ​កណ្តាល​ឲ្យ​មាន​ភាពទូលំទូលាយ និង​កាន់តែ​ល្អប្រសើរ​។

​គួរ​រម្លឹក​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៩ គណៈកម្មាធិការ​កណ្ដាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​របស់ខ្លួន នៅ​ទឹកដី​ខេត្តសៀមរាប​ម្តង​រួចមកហើយ ដើម្បី​បូកសរុប​លទ្ធផល​ការងារ​សម្រេចបាន និង​លើក​ទិសដៅ​ការងារ​បន្ទាប់ ដែល​កិច្ចប្រជុំ​បែបនេះ ជា​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​យុវជន​មួយ​នេះ​។ ដោយឡែក​ក្នុង​ឆ្នាំ​២០២១ កន្លងទៅនេះ ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​ខ្លួន​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​កិច្ចប្រជុំ​នោះបាន​អនុញ្ញាត​ឱ្យ​សមាជិក សមាជិកា​អាច​បន្តធ្វើ​ការប្រជុំ ពិភាក្សា និង​ដឹកនាំ​ការងារ​របស់ ស​.​ស​.​យ​.​ក​. ដោយ​សុវត្ថិភាព​ផងដែរ​៕​