ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ដើម្បីជាផ្នែកនៃកិច្ចខិតខំជួយប្រជាជាតិដែនកោះដែលកំពុងជួបវិបត្តិខ្វះសាច់ប្រាក់និងបំណុលបរទេសនេះ ចិនកំពុងពិចារណាផ្តល់ឥណទាន១,៥ពាន់លានដុល្លារដល់ស្រីលង្កា និងការសំរេចចិត្តមួយនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ នេះបើតាមមន្ត្រីជាន់ខ្ពស់ចិនម្នាក់បានប្រាប់អោយដឹងកាលពីថ្ងៃចន្ទ ។
ឯកអគ្គរដ្ឋទូតចិនប្រចាំស្រីលង្កាលោក ឈី ហ្សេនហុង(Qi Zhenhong)បានប្រាប់អ្នកយកព័ត៌មានថា ភាគីទាំងពីរបានពិភាក្សាអំពីកំចីដាច់ដោយឡែកមួយតំលៃមួយពាន់លានដុល្លារទៀត ដែលរដ្ឋាភិបាលស្រីលង្កាស្នើសុំ។
លោកបានបន្ថែមថា ប្រទេសអាស៊ីខាងត្បូងមួយនេះត្រូវបានធនាគារអភិវឌ្ឍន៍ចិនសុំផ្តល់កំចីចំនួន៥០០លានដុល្លារកាលពីថ្ងៃ១៨មីនា។
ស្រីលង្កាត្រូវសងបំណុលប្រមាណ៤ពាន់លានដុល្លារនៅឆ្នាំនេះ រួមមាន១ពាន់លានជាមូលបត្រអន្តរជាតិដែលត្រូវសងនៅខែកក្កដា តែទុនបំរុងរបស់ខ្លួននៅសល់តែ២,៣១ពាន់លានដុល្លារ គិតត្រឹមចុងខែកុម្ភៈ ដោយធ្លាក់ចុះអស់ប្រមាណ៧០ភាគរយធៀបនឹងពីរឆ្នាំមុន។
សូមបញ្ជាក់ថា ប្រទេសនេះកំពុងខិតខំស្វែងរកលុយពីប្រភពផ្សេងៗដើម្បីទិញទំនិញចាំបាច់មកពីក្រៅប្រទេស ដូចជាប្រេងឥន្ធនៈ និងថ្នាំពេទ្យ ។ការខ្វះប្រេងសំរាប់ដំណើរការម៉ាស៊ីនភ្លើងនាំដល់ការកាត់បន្ថយការផ្គត់ផ្គង់ចរន្តអគ្គិសនី ឬដូរវេនគ្នាដាច់ភ្លើងនៅទូទាំងប្រទេស។
ចិនជាម្ចាស់បំណុលធំបំផុតទីបួនរបស់ស្រីលង្កា ដោយនៅពីក្រោយទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ីនិងជប៉ុន។
នៅរយៈពេលមួយទសវត្សរ៍មកនេះ ចិនបានអោយស្រីលង្កាខ្ចីប្រាក់ជាង៥ពាន់លានដុល្លារសំរាប់សាងសង់ផ្លូវហាយវ៉េ កំពង់ផែ អាកាសយានដ្ឋានមួយព្រមទាំងរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មមួយផងដែរ។
ប្រធានាធិបតីស្រីលង្កាលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា(Gotabaya Rajapaksa)បានស្នើអោយចិនជួយកែសម្រួលការសងបំណុលឡើងវិញ កាលពីលោកជួបរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យីកាលពីខែមករា តែចិននៅមិនទាន់ឆ្លើយតបទេ។
ប្រភពក្រសួងហិរញ្ញវត្ថុមួយបាននិយាយថា ការសងចិនមានចំនួនប្រមាណ៤០០ទៅ៥០០លានដុល្លារ។
លោក រ៉ាចាប៉ាក់សា បាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងធ្វើការជាមួយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិIMFដើម្បីជួយប្រទេសដោះស្រាយវិបត្តិសេដ្ឋកិច្ច ហើយកិច្ចពិភក្សាផ្លូវការនឹងចាប់ផ្តើមនៅខែមេសា៕
មុនពេលផ្ទុះជំងឺកូវីដ១៩ ចិនជាប្រភពទេសចរដ៏ធំរបស់ស្រីលង្កានិងប្រទេសនេះនាំទំនិញចូលពីចិនច្រើនជាងប្រទេសណាៗទាំងអស់