ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ៊ុយក្រែនបានអះអាងកាលពីថ្ងៃអាទិត្យទី២០មីនាថា កងកម្លាំងរបស់ខ្លួនបានបាញ់សម្លាប់មេបញ្ជាការរងនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីក្នុងកាវាយសំពងដ៏ធ្ងន់មួយទៀតចំពោះកងកម្លាំងរបស់លោកវ្ល៉ាឌីមៀ ពូទីន។
អនុសេនីយ៍ឯក អង់ដ្រេ ប៉ាលីយ (Andrey Paliy) អាយុ ៥១ ឆ្នាំគឺជាមន្ត្រីកងទ័ពជើងទឹកជាន់ខ្ពស់តែមួយគត់ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ។
លោកវរសេនីយ៍ឯក សឺហ្គេ ស៊ូខារ៉េវ (Sergei Sukharev) នៃកងវរសេនាធំវាយលុកឆត្រយោងលេខ ៣៣១ មកពីកូស្ត្រូម៉ា (Kostroma) ត្រូវបានសម្លាប់នៅថ្ងៃទី ១៨ ខែមីនា ហើយលោក អង់ដ្រេ ស៊ូខូវេតស្គី (Andrei Sukhovetsky) អាយុ ៤៧ ឆ្នាំត្រូវបានសម្លាប់ក្នុងប្រតិបត្តិការពិសេសមួយដោយអ្នកលបបាញ់កាំភ្លើងស៊ីបនៅថ្ងៃទី ៣ ខែមីនា។
ក្រៅពីនេះ ឧត្តមសេនីយ៍ទោ អូឡេក មីតយ៉ាអេវ (Oleg Mityaev) អាយុ ៤៧ ឆ្នាំ មេបញ្ជាការកងពលធំកាំភ្លើងវែងលេខ ១៥០របស់កងទ័ពជើងគោកបានស្លាប់ក្នុងការប្រយុទ្ធគ្នាជុំវិញទីក្រុងម៉ារីវប៉ូល ឧត្តមសេនីយ៍ វីតាលី ជើរ៉ាស៊ីម៉ូវ (Vitaly Gerasimov) អាយុ ៤៥ ឆ្នាំត្រូវបានសម្លាប់នៅថ្ងៃទី ៧ ខែមីនានៅក្រៅក្រុងខាគីវ (Kharkiv) ភាគខាងកើត និងវរសេនីយ៍ឯក អង់ដ្រេ កូឡេសនីកូវ (Andrey Kolesnikov) មេបញ្ជាការកងឆ្មាំរថក្រោះកាន់តេមីរ៉ូវស្កាយ៉ា (Kantemirovskaya) ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានៅថ្ងៃទី ១១ ខែមីនា។
ដំណឹងនេះកើតឡើងខណៈរុស្ស៊ីអះអាងថាបានវាយចំទីតាំងហ្វឹកហ្វឺនសម្រាប់អ្នកប្រយុទ្ធបរទេស ដោយសម្លាប់កងកម្លាំងពិសេសនិង ទាហានស៊ីឈ្នួលមិនមែនជនជាតិអ៊ុយក្រែនជាង ១០០ នាក់។
ការស្លាប់របស់លោកប៉ាលីយហាក់ត្រូវបានបញ្ជាក់ដោយមិត្តភក្តិជនជាតិរុស្សីឈ្មោះ កុនស្តាទីន សារិនកូ (Konstantin Tsarenko)ជាលេខាធិការនៃក្រុមប្រឹក្សាសាធារណៈនៃសាលាកងទ័ពជើងទឹក ទោះបីជាការស្លាប់មិនត្រូវបានទទួលស្គាល់ជាផ្លូវការដោយទីក្រុងមូស្គូក៏ដោយ៕
អនុសេនីយ៍ឯក អង់ដ្រេ ប៉ាលីយ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យនៅសមរភូមិក្រុងម៉ារីវប៉ូល