ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ជា​អធិបតី ពិធី​ប្រកាស​ផ្សព្វផ្សាយ​និង​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​២ (២០២១-២០៣០) ប្រារព្ធ​នៅ​សណ្ឋាគារ​រ៉េស៊ីដង់ សុខា​ភ្នំពេញ ។​

​ក្នុង​ពិធី​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី ២១ ខែមីនា​ឆ្នាំ​២០២២​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​បាន​មាន ប្រសាសន៍ថា​ពិធី​នេះ​មាន​គោលបំណង​ប្រកាស​ផ្សព្វផ្សាយ​និង​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២​ពី​ឆ្នាំ​២០២១​ដល់​ឆ្នាំ​២០៣០​ដែល​រាជរដ្ឋាភិបាល​បានអនុម័ត​កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ឲ្យ​បាន​ទូលំទូលាយ​ក្នុងចំណោម​អ្នកពាក់ព័ន្ធ​នានា បង្កើន​ការទទួលខុសត្រូវ និង​ការចូលរួម​គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​ជាតិ ដំណាក់កាល​ទី​២​នេះ​។ នេះ​បើ​យោងតាម​ទំព័រ​
​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ក្រឡា​ហោម ស ខេង​។​

​សម្ដេច​ក៏បាន​រំលឹក​ជូន​អង្គពិធី​អំពី​មូលហេតុ​សំខាន់ៗ និង​កិច្ចដំណើរការ​នៃ​ការអនុវត្ត​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ​នៅក្នុង​ប្រទេស​កម្ពុជា​និង​កំណត់សម្គាល់​អំពី​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​សាធារណៈ​ដែល​ក្នុងនោះ​ប្រព័ន្ធគ្រប់គ្រង​តាមបែប វិមជ្ឈការ​ពិតជា​មាន​គុណសម្បត្តិ​ល្អប្រសើរ​ច្រើន ដោយសារ​ប្រព័ន្ធ​នេះ​បានផ្តល់​ការទទួល ខុសត្រូវ និង​ភាពជា​ម្ចាស់​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​ស្ថិតនៅ​កៀក​ជិត​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើ​សេចក្ដីសម្រេចចិត្ត​ក្នុង​ការផ្តល់​សេវាសាធារណៈ​ចាំបាច់​នានា​ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ។

​សម្ដេច​បាន​បន្ត​ក្នុងន័យ​ដើម​ថា​«​និយាយ​ដោយ​សាមញ្ញ គឺ​រដ្ឋបាល​ដែល​នៅ​កៀក​ជិត ប្រជាពលរដ្ឋ​អាច​ដឹង​សុខទុក្ខ និង​តម្រូវការ​ពិតប្រាកដរ​បស់​ប្រជាពលរដ្ឋ​បាន​យ៉ាងច្បាស់ និង ត្រឹមត្រូវ​ជាង​រដ្ឋបាល​ដែល​នៅ​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ ហើយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំងនេះ​ក៏ អាច​រៀបចំ​ផែនការ អាចមាន​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​អាចធ្វើ​សេចក្តី សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ក្នុងការ​ឆ្លើយតប​ទៅនឹង​សំណើ សំណូមពរ និង​តម្រូវការ​នានា​របស់ ប្រជាពលរដ្ឋ​បាន​យ៉ាង​សមស្រប ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ស្របតាម​ស្ថានភាព ជាក់ស្តែង​ដែលមាន​លក្ខណៈ​ខុសគ្នាៗ​នៃ​មូលដ្ឋាន​នីមួយៗ​»​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បានបញ្ជាក់​អំពី​មូលហេតុ​សំខាន់ៗ​ធំៗ​ចំនួន​បី ដែល​រាជរដ្ឋាភិបាល​សម្រេចចិត្ត​រៀបចំ​និង អនុវត្ត​ប្រព័ន្ធគ្រប់គ្រង​តាមបែប​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា រួមមានៈ ទីមួយ​គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​លទ្ធិ​ប្រជា ធិបតេយ្យ​សេរី​ពហុបក្ស​តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែលមាន​ការចូលរួម​ពី​គណបក្ស នយោបាយ​ជាច្រើន ដើម្បី​ពង្រឹង «​សន្តិភាព​ស្ថេរភាព​ន​យោ​បា​» សម្រាប់​ជា​កាលានុវត្តភាព​ក្នុងការ​កសាង​ជាតិ ឡើងវិញ​។ ទី​ពីរ​. ត្រូវបាន​សម្ដេច​បន្តថា​ដើម្បី​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណៈ និង ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​តាមរ​យៈ​ការផ្ទេរ​នូវ​សិទ្ធិអំណាច​មុខងារ​ធនធាន​និង​ការទទួលខុសត្រូវ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ ។​មូលហេតុ​ទី​បី​.​គឺ​ដើម្បី​ជំរុញ​និង​លើកកម្ពស់​ការចូលរួម​នានា​នៅ​មូលដ្ឋាន​តាម រយៈ​ការ​បំផុស ឱ្យមាន​នូវ​គំនិត​ផ្តួចផ្តើម និង​ច្នៃប្រឌិត​ដ៏​សម្បូរ​ណ៍​បែប​នៃ​ការដឹកនាំ​របស់​អាជ្ញាធ​រ​មូលដ្ឋាន ព្រមទាំង​ការចូលរួម​មតិយោបល់ និង​ការផ្ដល់​មូលនិធិ​នានា​របស់​ប្រជាពលរដ្ឋនៅក្នុង​ការ អភិវឌ្ឍ​មូលដ្ឋាន​នីមួយៗ​។​

​សម្ដេច​ក្រឡាហោម​ក៏បាន​បញ្ជាក់​អំពី​សមិទ្ធ​ផល​ធំៗ​ពីរ​ដែល​សម្រេចបាន​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​នៃ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ រួមមាន​ទីមួយ ផ្អែកលើ​ការសម្របសម្រួល ឯកភាព​ស្រុះស្រួល​គ្នា​ខាង​នយោបាយ បានរៀបចំ​ធ្វើការ​បោះឆ្នោត​ដោយផ្ទាល់ និង​មិនផ្ទាល់​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និង​ទី​ពីរ គឺ​ការសម្រេចបាន​នូវ​ការលើកកម្ពស់​ប្រសិទ្ធភាព និង​គុណភាព​នៃ​ការផ្តល់ សេវាសាធារណៈ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន តាមរយៈ​ការផ្ទេរ​មុខងារ និង​ធនធាន​ក្នុង វិស័យ​អាទិភាព​នានា​ជា​បណ្ដើរៗ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

​សម្ដេច​ក្រឡាហោម​ក៏បាន​កត់សម្គាល់​ផងដែរ​អំពី​បញ្ហា​ប្រឈម​ដែល​ត្រូវ​រួមគ្នា​ពិនិត្យ និង​ដោះស្រាយ​ដូចជា​ការធានា​ឱ្យ មានការ​ស្រុះស្រួល​មូលគំនិត​គ្នា​អំពី​ការអនុវត្ត​គោលនយោបាយ​វិម ជ្ឈការ និង​វិសហមជ្ឈការ រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​នៅ​មិនទាន់មាន​លក្ខណៈ​សមស្រប ការចូលរួម​របស់​ស​ង្គ​ម​ស៊ីវិល និង​វិស័យ​ឯកជន​នៅ​ពុំទាន់​ពេញលេញ និង​មាន​និរន្តរភាព​ខណៈ​ការធ្វើឱ្យមាន​ការផ្លាស់ប្ដូ​រ​ផ្នត់គំនិត​និង​របៀបរបប​បំពេញការងារ​របស់​ម​ន្ត្រី​ទៅតាម​បែបបទ​ថ្មី​នៃ​កំណែទម្រង់​ក៏​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​ដែល​តម្រូវឱ្យ​បន្ត​ប្រើប្រាស់​ពេលវេលា​បន្តទៀត​ដើម្បី​ដោះស្រាយ​ផងដែរ​។​

​សម្ដេច​ក៏បាន​មានប្រសាសន៍​អំពី​អំពី​ចក្ខុវិស័យ​ចម្បងៗ​មួយចំនួន​នៃ​កម្មវិធី​កំណែទម្រង់ ដំណាក់កាល​ទី​២​នេះ ដែល​ចក្ខុវិស័យ​នោះ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​រចនាសម្ព័ន្ធ និង​មុខងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​, ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​ធនធានមនុស្ស​,​ធនធាន​ហិរញ្ញវត្ថុ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ការលើកកម្ពស់​គុណភាព​នៃ​ការផ្តល់សេវា និង​គណនេយ្យភាព​រប​ស់​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ ។​

​សម្ដេច​ក្រឡាហោម​បាន​សង្កត់ធ្ងន់ថា ចាំបាច់​ទាមទារ​ឱ្យមាន​ការចូលរួមចំណែក​យ៉ាងសកម្ម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​នានា ទាំង​ស្ថាប័ន​សាធារណៈ វិស័យ​ឯកជន អង្គការ​សង្គម ស៊ីវិល អ្នកពាក់ព័ន្ធ​នានា ជាពិសេស​ប្រជាពលរដ្ឋ​របស់​យើង ដោយ​ផ្តោតលើ​អភិក្រម​រួម​គិត​រួម​ធ្វើ​និង​រួម​ទទួលខុសត្រូវ​សំដៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សេវាសាធារណៈ​ប្រកបដោយ គុណភាព​និង​ប្រសិទ្ធភាព និង​ទទួលបាន​ផលប្រយោជន៍​ពី​ការអភិវឌ្ឍ​មូលដ្ឋាន​ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌​សង្គម ដើម្បី​ធានា​ដល់​ការសម្រេច​នូវ​ចក្ខុវិស័យ គោលបំណង គោលដៅ និង​លទ្ធផល​រំពឹងទុក​នានា​ដែល​បានកំណត់​ក្នុង​កម្មវិធី​ជាតិ​ដំណាក់កាល​ទី​២​នេះ ។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់ ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ហៅ​កាត់​ថា គ​.​ជ​.​អ​.​ប បានបង្ហាញ​សេចក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ន​រាជរដ្ឋាភិបាល​អង្គការ​សង្គម​ស៊ីវិល​អ្នកពាក់ព័ន្ធ​នានា​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នឹង​បន្ត ចូលរួម​ឲ្យ​កាន់តែ​សកម្ម ប្រកបដោយ​ផ្លែផ្កា​ថែមទៀត​ទៅតាម​តួនាទី ការទទួលខុសត្រូវ និង​តាម​វិស័យ​ពាក់ព័ន្ធ​នានា ក្នុងការ​ជំរុញ​ការអនុវត្ត​កម្មវិធី​ជាតិ ដំណាក់កាល​ទី​២​នេះ​ឲ្យ សម្រេចបាន​ជោគជ័យ​តាម​ផែន​ការដែល​បានគ្រោង​ទុក ៕សរន