ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖យន្តហោះBoeing 737មួយរបស់ក្រុមហ៊ុនអាកាសចរណ៍ចិនChina Easternជាមួយនឹងមនុស្ស១៣២នាក់នៅក្នុងយន្តហោះបានធ្លាក់កាលពីថ្ងៃចន្ទទី២១មីនានៅខេត្តហ្កាងស៊ី។
រដ្ឋបាលអាកាសចរណ៍ស៊ីវិល(CAAC)ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្លាក់បានកើតឡើងជិតទីក្រុង វូចូវ(Wuzhou)។យន្តហោះបានចេញពីទីក្រុងគុនមិញក្នុងខេត្តយុនណានទៅកាន់ទីក្រុងឧស្សាហកម្មក្វាងចូវនៅតាមឆ្នេរខាងកើត។
នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការស្លាប់ឬរងរបួសពីគ្រោះថ្នាក់យន្តហោះនេះនៅឡើយទេ។យន្តហោះបានដឹកអ្នកដំណើរ១២៣នាក់និងសមាជិកយន្តហោះចំនួន៩នាក់ សរុប១៣២នាក់នៅពេលវាធ្លាក់។
CAACបាននិយាយថា ខ្លួនបានបញ្ជូនមន្ត្រីមួយក្រុមទៅកាន់កន្លែងធ្លាក់ និងបុគ្គលិកសេវាអគ្គិភ័យខេត្តហ្កាងស៊ីបាននិយាយថា ខ្លួនកំពុងធ្វើការគ្រប់គ្រងអគ្គិភ័យបង្កឡើងដោយការធ្លាក់យន្តហោះ។
រូបភាពផ្កាយរណបបង្ហាញអគ្គិភ័យដ៏ធំមួយនៅកន្លែងយន្តហោះធ្លាក់នៅពេលការទូរស័ព្ទទៅកាន់ក្រុមហ៊ុនអាកាសចរណ៍China Eastern មិនមានការឆ្លើយតប។
ក្នុងពេលជាមួយគ្នា សារព័ត៌មានរដ្ឋចិនបាននិយាយថា ប៉ូលិសមូលដ្ឋានបានទទួលការហៅទូរស័ព្ទមកពីអ្នកភូមិប្រាប់ពីការធ្លាក់យន្តហោះនៅម៉ោងប្រមាណ២កន្លះរសៀល៕
រូបឯកសារបង្ហាញយន្តហោះដឹកអ្នកដំណើរក្នុងក្រុមហ៊ុនChina Easternមួយត្រៀមចេញដំណើរនៅក្រុងប៉េកាំងកាលពីឆ្នាំ២០១៩
រូបភាពផ្កាយរណបបង្ហាញអគ្គិភ័យដ៏ធំមួយនៅកន្លែងយន្តហោះធ្លាក់ តែស្លាប់ឬរបួសប៉ុន្មាននៅមិនទាន់ដឹងនៅឡើយទេ