ដោយៈ​សុផល​/​ភ្នំពេញ​៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជាកាលពី​រសៀល​ថ្ងៃទី ២១ ខែមីនា ឆ្នាំ​២០២២​ បាន​ចាត់​ឱ្យ​លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ ជួប​សំណេះសំណាល​ជាមួយ​លោកស្រី ម៉ាញ ម​សកា ដើម្បី​សួរសុខទុក្ខ​ពី​ស្ថានភាព​ជំងឺ និង​ឧបត្ថម្ភ​ថវិកា​ចំនួនប្រាំ​ពាន់​ដុល្លារ​អាម៉េរិក ដល់​លោក ព្រហ្ម ម៉ាញ សិល្បករអា​យ៉ៃ​ជើងចាស់ វ័យ​៧២​ឆ្នាំ ដើម្បី​ជួយ​សម្រាល​ការលំបាក​ក្នុងពេល​សង្គ្រោះបន្ទាន់ និង​កំពុង​សម្រាក​ព្យាបាល​ជំងឺលើសឈាម នៅ​មន្ទីរពេទ្យ​ប៉ាស៊ីហ្វិក​ភ្នំពេញ​។​

​ក្នុងឱកាស​ជួប​​នោះ លោកស្រី​អគ្គលេខាធិការរង​ទី​១ បាន​នាំ​ប្រសាសន៍​របស់សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ការគិតគូរ​ពី​សុខភាព របស់លោក ព្រហ្ម ម៉ាញ ដែលជា​សិល្បករ​ជើងចាស់ មាន​ស្នាដៃ​ជាច្រើន​ក្នុងការ​ចូលរួម​លើកកម្ពស់​វិស័យ​សិល្បៈ តាមរយៈ​ការសម្តែង និង​ច្រៀង​អា​យ៉ៃ​។ ទន្ទឹមនឹងនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តាំផ្ញើ​ពី​ការថែទាំ​សុខភាព អនុវត្តតាម​វេជ្ជបញ្ជា​គ្រូពេទ្យ និង​សូមឱ្យ​ឆាប់​បានជា​សះស្បើយ មាន​សុខ​ភាពល្អ​រឹងមាំ​ឡើងវិញ​។​

លោកស្រី ម៉ាញ ម​សកា កូនស្រី​របស់លោក ព្រហ្ម ម៉ាញ និង​ក្រុមគ្រួសារ បាន​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​មាតា​មនុស្សធម៌ ដែល​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ ផ្តល់​ភាពកក់ក្តៅ និង​ក្តីសង្ឃឹម​ជូន​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​៕​សរន