ដោយៈ​សុផល​/ភ្នំពេញ​៖​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ​ចាប់ផ្តើម​ដំណើរការ​អនុវត្ត​គម្រោង​“​ការកសាង​ទិន្នន័យ​មូលដ្ឋាន​ស្ថិតិ​ជាតិ​ស្តីពី​ការរាប់​ចរាចរណ៍​ប្រចាំ​ថ្ងៃជា​មធ្យម​ប្រចាំឆ្នាំ​ក្នុងប្រទេស​កម្ពុជា​” ។​គម្រោង​នេះ​ជា​ជំនួយ​របស់​ភាគី​កូរ៉េ ហើយ​កូរ៉េ នឹង​ចែករំលែក​បទពិសោធន៍ និង​វិធីសាស្ត្រ​ល្អៗ​ក្នុងការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើប​ដើម្បី​រាប់ និង​ព្យាករណ៍​កំណើន​ចរាចរណ៍​ប្រចាំ​ថ្ងៃជា​មធ្យម​ប្រចាំឆ្នាំ​ក្នុងប្រទេស​កូរ៉េ​។​គម្រោង​នេះ​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការកសាង​ប្រព័ន្ធ​ទិន្នន័យ​ស្ថិតិ​ជាតិ ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ការកសាង​សមត្ថភាព​មន្ត្រីរាជការ​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន។

​ភាគី​កូរ៉េ និង​ក្រុមការងារ​ទីប្រឹក្សាបច្ចេកទេស​គម្រោង នឹង​ចុះមក​បំពេញបេសកកម្ម​ការងារ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ ប្រជុំពិភាក្សា និង​ចុះ​ពិនិត្យ​បណ្តាញ​ផ្លូវជាតិ​សំខាន់ៗ​ដោយផ្ទាល់ ជាមួយ​អគ្គនាយកដ្ឋាន​ផែនការ និង​គោលនយោបាយ និង​ភាគី​ពាក់ព័ន្ធ ដើម្បីឱ្យ​គម្រោង​សម្រេចបាន​ជោគជ័យ​តាម​ផែនការ​គ្រោងទុក​។​

​ទាក់ទង​នឹង​គម្រោង​នេះ កាលពី​ថ្ងៃទី​២១​ខែមីនា ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​ធនាគារ Korea Eximbank រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​វីដេអូ (Zoom) នៃ​គម្រោង​ស្តីពី “​ការកសាង​ទិន្នន័យ​មូលដ្ឋាន​ស្ថិតិ​ជាតិ​ស្តីពី​ការរាប់​ចរាចរណ៍​ប្រចាំ​ថ្ងៃជា​មធ្យម​ប្រចាំឆ្នាំ ក្នុងប្រទេស​កម្ពុជា (Building National Statistics Database on Annual Average Daily Traffic (AADT) in Cambodia)”​។​

​សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​អគ្គនាយកដ្ឋាន​ផែនការ​និង​គោលនយោបាយ​និង​ថ្នាក់ដឹកនាំ​តំណាងឱ្យ​អគ្គនាយកដ្ឋាន​សាធារណការ អគ្គនាយកដ្ឋាន​បច្ចេក​ទេស អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក រួមទាំង​ថ្នាក់ដឹកនាំ​នៃ​ធនាគារ Korea Eximbank ទីប្រឹក្សាបច្ចេកទេស​គម្រោង (PEC) និង​វិទ្យាស្ថាន​វិស្វកម្ម​សំណង់​ស៊ីវិល និង​បច្ចេកវិទ្យា​សំណង់​កូរ៉េ (KICT)​។​

លោក វ៉ា ស៊ឹម​សុរិយា អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ថ្លែងថា​៖​គោលបំណង​សំខាន់​គឺ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ការចាប់ផ្តើម ដំណើរការ​អនុវត្ត​គម្រោង​“​ការកសាង​ទិន្នន័យ​មូលដ្ឋាន​ស្ថិតិ​ជាតិ​ស្តីពី​ការរាប់​ចរាចរណ៍​ប្រចាំ​ថ្ងៃជា​មធ្យម​ប្រចាំឆ្នាំ​ក្នុងប្រទេស​កម្ពុជា​” ដែលជា​ជំនួយ​របស់​ភាគី​កូរ៉េ និង​ការចែករំលែក​បទពិសោធ​ន៍​និង​វិធីសាស្ត្រ​ល្អៗ​ក្នុងការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើប​ដើម្បី​រាប់​និង​ព្យាករណ៍​កំណើន​ចរាចរណ៍​ប្រចាំ​ថ្ងៃជា​មធ្យម​ប្រចាំឆ្នាំ​ក្នុងប្រទេស​កូរ៉េ​។​

​លោក​បាន​បញ្ជាក់ថា​​គម្រោង​នេះ​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការកសាង​ប្រព័ន្ធ​ទិន្នន័យ​ស្ថិតិ​ជាតិ​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​និង​ការកសាង​សមត្ថភាព​មន្ត្រីរាជការ​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​៕សរន