ប្រែ​សម្រួលៈ​បំណង​(ST,​ដេល្លី​ម៉េល​)៖ យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​China Eastern​បាន​ធ្លាក់​កាលពី​ថ្ងៃ​ចន្ទ​នៅ​តំបន់​ហ្កាងស៊ី​ដោយ​មនុស្ស​ជាង​១០០​នាក់​នៅក្នុង​យន្តហោះ​ត្រូវ​គេ​សង្ស័យ​​ថា​បាន​ស្លាប់​។​

​អ្នក​ជួយ​សង្គ្រោះ​ជាង​១.០០០​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​យន្តហោះ​ធ្លាក់​នៅ​ខណ្ឌ​តេង តែ​ភាព​ព​ងងឹត​និង​សណ្ឋាន​ដី​បង្ក​ការលំបាក​ដល់​ការងារ​សង្គ្រោះ​និង​ស្វែងរក​។​

​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន​(CAAC)​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ថា « យន្តហោះ​Boeing 737​របស់​ក្រុមហ៊ុន​អាកាសចរណ៍​China Eastern បាន​បាត់​ការ​​ទាក់ទង​ក្នុងអំឡុងពេល​ហោះហើរ​ចេញពី​ក្រុង​គុន​មី​ញ​ទៅ​ក្វាង​ចូ​វ​។​យន្តហោះ​ឥឡូវ​ត្រូវ​បាន​បញ្ជាក់​ថា​ធ្លាក់​»​។​

​យន្តហោះ​ជើងហោះហើរ​លេខ MU5735​នេះ​ផ្ទុក​អ្នកដំណើរ​១២៣​នាក់ និង​សមាជិក​នាវិក​ចំនួន​ប្រាំបួន​នាក់​។​

​ដោយ​មិន​បញ្ជាក់​ចំនួន​មនុស្ស​ស្លាប់​ឬ​រងរបួស ក្រុមហ៊ុន​ដែលមាន​ស្នាក់​ការ​នៅ​ក្រុង​សៀង​ហៃ​នេះ​បានប្រែក្លាយ​គេហទំព័រ​និង​ទំព័រ​បណ្តាញ​សង្គម​របស់​ខ្លួន​ទៅ​ជា​ពណ៌​ស​ខ្មៅ ដែល​ជា​សញ្ញា​កាន់​មរណទុក្ខ​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី ស៊ី ជីន​ភីង បាន​បញ្ជា​អោយ​មាន​ការស៊ើបអង្កេត​ពេញលេញ​មួយ​ចំពោះ​ឧបទ្ទវហេតុ​នេះ​ដើម្បី​ធានា​«​សុវត្ថិភាព​នៃប្រតិបត្តិ​ការ​អាកាសចរណ៍​ទាំងស្រុង​»​។​

CAAC និង​ក្រសួង​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បញ្ជូន​មនុស្ស​ជា​ច្រើន​ក្រុម​ជួយ​សង្គ្រោះ​និង​ស្វែងរក រួម​មាន​អ្នក​ជួយសង្គ្រោះ​ទៅ​ពី​ខេត្ត​ក្វាង​ទុង​(Guangdong)​និង​តំបន់​ស្វយ័ត​ហ្កាងស៊ី​(Guangxi ) តែ​អ្នក​ជួយសង្គ្រោះ​បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​ចិន​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា ការខ្វះ​ពន្លឺ​និង​សណ្ឋាន​ដី​លំបាក​កំពុង​រារាំង​ការងារ​របស់​គេ​។​

​សូមបញ្ជាក់​ថា ខណ្ឌ​តេង​នេះ​ជា​តំបន់​ភ្នំ​មួយ​ជាប់​នឹង​ព្រំដែន​ខេត្ត​ក្វាង​ទុង​។​

​ពួក​អ្នកស្រុក​បាន​និយាយថា ការធ្លាក់​នេះ​បង្ក​អគ្គិភ័យ​តូច​មួយ​នៅក្នុង​ព្រៃ​និង​ក៏​បាន​រាយការណ៍​ឃើញ​កំទេច​យន្តហោះ​នៅ​រាយប៉ាយ​ពេញ​តំបន់​ដែល​ធ្លាក់​ដែល​វា​កាន់តែ​ធ្វើ​អោយ​អស់​សង្ឃឹម​ថា​នឹង​​មាន​អ្នក​នៅ​មាន​ជីវិត​ពី​ការធ្លាក់​នេះ​។​

​រូបភាព​ចេញពី​កាម៉េរ៉ា​របស់​ក្រុមហ៊ុនរ៉ែ​មួយ​បាន​បង្ហាញ​យន្តហោះ​ដាំ​ក្បាល​ចុះ​យ៉ាង​លឿន​ចូល​ក្នុងព្រៃ​

​ការធ្លាក់​យន្តហោះ​បង្ក​អគ្គិភ័យ​តូច​មួយ​នៅក្នុង​ព្រៃ​

​កំទេច​យន្តហោះ​ប៉ែក​រាយប៉ាយ​កន្លែង​ធ្លាក់​ដែលនាំអោយ​មាន​សង្ឃឹមតិ​ចណាស់​ថា​មាន​អ្នក​នៅ​មាន​ជីវិត​ពី​ការធ្លាក់​នេះ​

​ទិន្នន័យ​នៃ​ការហោះហើ​រប​នា​បង្ហាញ​យន្តហោះ​ចំណាស់​៦​ឆ្នាំ​នេះ​បាន​កំពុង​ហោះ​ថេរ​រហូតដល់​ពេល​វា​ធ្លាក់ចុះ​រយៈ​កំពស់​ភ្លាមៗ​នៅ​ម៉ោង​ប្រមាណ​២​និង​២០​នាទី​រសៀល​ថ្ងៃ​ចន្ទ ដោយ​ធ្លាក់​ចុះ​ប្រមាណ​៨.០០០​ម៉ែត្រ​តែ​រយៈពេល​ពីរ​នាទី​

​យន្តហោះ​ដែល​ធ្លាក់​កាលពី​ថ្ងៃ​ចន្ទ​ជា​ប្រភេទ​Boeing 737-800 ដែល​គេ​គិតថា​ជា​ប្រភេទ​យន្តហោះ​មាន​សុវត្ថិភាព​បំផុត​

​អ្នក​ជួយ​សង្គ្រោះ​ជា​ច្រើន​ក្រុម​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ​

​សាច់ញាតិ​នៅ​រង់ចាំ​ដំណឹង​នៅ​អាកាសយានដ្ឋាន​

​ការធ្លាក់​កាលពី​ថ្ងៃ​ចន្ទ​ជា​គ្រោះថ្នាក់​យន្តហោះ​អាក្រក់​បំផុត​នៅ​ចិន​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​នេះ​។​នៅ​ឆ្នាំ​២០១០ យន្តហោះ​មួយ​របស់​ក្រុមហ៊ុន​Henan Airlines​បាន​ធ្លាក់​នៅក្នុង​ខេត្ត​ហេ​ឡុង​​ជាំ​ង​(Heilongjiang)​បាន​សម្លាប់​មនុស្ស​៤៤​នាក់ ក្នុងចំណោម​មនុស្ស​៩៦​នាក់​នៅក្នុង​យន្តហោះ​។​

​នៅ​ឆ្នាំ​២០០៤ យន្តហោះ​របស់​ក្រុមហ៊ុន China Eastern​មួយ​បាន​ធ្លាក់​នៅ​តំបន់​ម៉ុង​ហ្គោលី​ខាងក្នុង ដោយ​សម្លាប់​មនុស្ស​៥៣​នាក់​៕