ប្រែសម្រួលៈបំណង(ដេល្លីម៉េល,ST)៖ជប៉ុនកាលពីថ្ងៃអង្គារបានប្រឆាំងជំទាស់ជាខ្លាំងចំពោះការសំរេចចិត្តរបស់រដ្ឋាភិបាលក្រុងមូស្គូក្នុងការបោះបង់ចោលកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាសន្តិភាពសង្គ្រាមលោកលើកទីពីរ ដោយសារតែចម្លើយតបដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលក្រុងតូក្យូចំពោះប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ុយមីអូ គីស៊ីដា បាននិយាយនៅក្នុងសភាថា «សភាពការណ៍ចុងក្រោយកើតឡើងដោយសារលទ្ធផលនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីបង្វែរបញ្ហាទៅកាន់ទំនាក់ទំនងជប៉ុន-រុស្ស៊ី វាមិនត្រឹមត្រូវខ្លាំងមែនទែន និងមិនអាចទទួលយកបានទាំងស្រុង»។
ដោយថ្កោលទោសរុស្ស៊ីចំពោះការប្រើកម្លាំងដើម្បីផ្លាស់ប្តូរស្ថានភាពជាក់ស្តែងជាឯតោភាគី លោកបានបន្ថែមថា «ជប៉ុនសូមប្រឆាំងជំទាស់យ៉ាងមុតមាំ»។
សូមបញ្ជាក់ថា ជប៉ុននិងរុស្ស៊ីអស់ពេលជាច្រើនឆ្នាំបានប៉ុនប៉ងបង្កើតកិច្ចព្រមព្រៀងស្តីពីសន្ធិសញ្ញាក្រោយសង្គ្រាមលោកលើកទីពីរ តែឋានៈកោះចំនួនបួនដែលរុស្ស៊ីកាន់កាប់ក្រោយសង្គ្រាមលោកលើកទីពីរតែជប៉ុនអះអាងថាជារបស់ខ្លួននោះ នៅតែជាចំណុចរាំងស្ទះដ៏សំខាន់។
ដោយទំនងជាសងសឹកនឹងជំហរខ្លាំងក្លារបស់រដ្ឋាភិបាលក្រុងតូក្យូក្នុងការដាក់ទណ្ឌកម្មលើខ្លួន រុស្ស៊ីកាលពីយប់ថ្ងៃចន្ទបាននិយាយថា ខ្លួននឹងបោះបង់ចោលកិច្ចពិភាក្សានេះ ដោយលើហេតុផលថា«មិនអាចបន្តការពិភាក្សាតទៅទៀតបានជាមួយប្រទេសមួយដែលប្រកាន់ជំហរអរិភាពដោយបើកចំហ និងព្យាយាមបង្កផលប៉ះពាល់លើផលប្រយោជន៍របស់ប្រទេសយើង»។
រដ្ឋាភិបាលក្រុងមូស្គូ ក៏បានបញ្ចប់របបមិនយកទិដ្ឋាកាលើប្រជាជនជប៉ុនដែលចង់ទៅទស្សនាកោះមានជម្លោះទាំងបួន ព្រមទាំងដកខ្លួនចេញពីកិច្ចពិភក្សាអំពីសកម្មភាពសេដ្ឋកិច្ចរួមគ្នានៅទីនោះ។
ជប៉ុនស្ថិតក្នុងចំណោមក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរហៅថា G-7ក្នុងការដាក់ទណ្ឌកម្មតឹងរឹងលើបណ្តាស្ថាប័នហិរញ្ញវត្ថុនិងក្រុមមេដឹកនាំរុស្ស៊ី។
លោកគីស៊ីដា បាននិយាយកាលពីថ្ងៃអង្គារថា «ជំហររបស់ជប៉ុនក្នុងការដោះស្រាយបញ្ហាដែនដីខាងជើងរហូតដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយគឺមិនផ្លាស់ប្តូរទេ។តែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នាំអោយយើងមិនមានសង្ឃឹមសំរាប់បញ្ហានេះ»៕
លោកគីស៊ីដា បាននិយាយថា ឥឡូវវាមិនអាចស្រមៃដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថ្មីជាមួយរុស្ស៊ីទេ តែជប៉ុននៅមិនទាន់ដកខ្លួនចេញពីគំរោងថាមពលរួមគ្នាជាមួយរុស្ស៊ីនៅឡើយទេ