​ដោយៈ ជា សីហ​/​ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២២ លោក រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួបពិភាក្សា ការងារ​ជាមួយ លោក បេ​ណ័ បូ​ស្កេ​ត ( Benoir Bosquet) នាយក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក ទទួលបន្ទុក​ការអភិវឌ្ឍន៍​ចីរភាព​សកល និង​សហការី​នៃ​ធនាគារពិភពលោក នៅឯ​ទី​ស្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

គោលបំណង នៃ​កិច្ចប្រជុំ​នេះ​គឺ ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ទៅលើ​ដំណើរការ​គម្រោង​នានា​នៅក្នុង​វិស័យ​កសិកម្ម និង​ការរៀបចំ​ផែនការ​គាំទ្រ​គម្រោង​កម្មវិធី​សម្រាប់​វិស័យ​កសិកម្ម​បន្ថែមទៀត​នាពេល​អនាគត​។

​លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​ធនាគារពិភពលោក ដែល​បាន​ចូលរួម​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ជាពិសេស​ក្នុង​វិស័យ​កសិកម្ម​។ នៅក្នុង​បរិបទ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីត ធនាគារពិភពលោក​បាន​ចូលរួម​គាំទ្រ​ដល់​ការ​ទ្រទ្រង់​ជីវភាព​កសិករ និង​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​១៩ តាមរយៈ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា ដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង និង​ចំណូល​របស់​ប្រជាកសិករ​។ ទន្ទឹមនឹងនេះ ឯកឧត្តម​បាន​ជម្រាបជូន​ថា ដំណើរ​គម្រោង​ទាំងឡាយ​ក្រោម​ហិរញ្ញប្បទាន​ឥណទាន របស់​ធនាគារពិភពលោក​មានដំណើរ​ការ​រលូន​ល្អ និង​បាន​ជួយ​ជំរុញ​កំណើន​ផលិតផល​កសិកម្ម ជាពិសេស​ចូលរួម​ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​។​

​លោក បេ​ណ័ បូ​ស្កេ​ត បាន​ថ្លែងអំណរគុណ​ដល់ ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​សហការី​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​សហការ​ជាមួយ​ធនាគារពិភពលោក ក្នុង​ដំណើរ​ការរៀបចំ និង​អនុវត្ត​គម្រោង​បាន​ជោគជ័យ​នាពេល​កន្លងមក​។ ជាមួយគ្នានេះ ធនាគារពិភពលោក​កំពុង​ពិនិត្យ​ពិចារណា​លើ​ការគាំទ្រ​បន្ថែមទៀត នៅក្នុង​អនុវិស័យ​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ និង​អនុវិស័យ​ជលផល ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា នៅក្នុង​វិស័យ​កសិកម្ម និង​ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ សុខមាលភាព​សាធារណៈ និង​បង្កើន​ការនាំចេញ​ផងដែរ​។ ក្រៅពីនេះ​ធនាគារពិភពលោក ក៏មាន​គម្រោង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប និង​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​វិស័យ​កសិកម្ម ដើម្បី​ធានា​និរន្ត​ភាព​នៅក្នុង​វិស័យនេះ​៕.mara