ដោយៈ ដេប៉ូ/ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជាបានជជែកពិភាក្សាការងាររួមគ្នាដោយបាន ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) របស់កម្ពុជា ទាំងលើការបណ្តុះបណ្តាលសមត្ថភាព សិស្ស-និស្សិត រួមនឹងការបំពាក់សម្ភារបរិក្ខានានាជាការជួយលើកកម្ពស់ ទៅលើការ បណ្តុះបណ្តាលផ្នែកនេះឲ្យស្របតាមការវិវឌ្ឍន៍យ៉ាងរហ័ស នៃបច្ចេកវិទ្យារបស់ពិភពលោក។
គួរបញ្ជាក់ថាកិច្ចពិភាក្សានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នេះរវាង លោក អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក ម៉ាទីន វាវរ៉ា ( Martin Vávra) ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា។
លោក អ៊ិត សំហេង បានថ្លែងអំណរគុណរដ្ឋាភិបាលឆែក ដែលបានផ្តល់ជំនួយ ជួយដល់កម្ពុជានាពេលកន្លងមក ជំនួយអស់ទាំងនេះបានរួមចំណែកឲ្យ កម្ពុជាបន្តការអភិវឌ្ឍប្រទេសរបស់ខ្លួនឲ្យមានការរីកចម្រើនបន្តទៅមុខទៀត។ ទន្ទឹមនេះដែរ អ្នកជំនាញការរបស់ឆែកក៏បានមកបំពេញកិច្ចការងារនៅក្នុង ប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះ ក្រសួងការងារ បានផ្តល់នូវបណ្ណ ការងារដល់ពលករជំនាញ ក៏ដូចជាអ្នកជំនាញការរបស់ឆែកប្រមាណជាង ១០០នាក់មកហើយ ដោយពួកគេនឹងទទួលបានសិទ្ធគាំពារនានា ដូចពលរដ្ឋកម្ពុជាដែរ។
ជាមួយគ្នាលោក រដ្ឋមន្ត្រី បញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏មានកិច្ច សហប្រតិបត្តិការជាមួយអង្គការភីន ឬ PIN (People In Need) ដែលជាអង្គការ មិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញនៃប្រទេសឆែក ដែលអនុវត្ត លើគម្រោងជំនួយមនុស្សធម៌, គម្រោងអភិវឌ្ឍន៍រយៈពេលវែង, កម្មវិធីអប់រំ, និងកម្មវិធីសិទ្ធិមនុស្សនៅតាមតំបន់ដែលមានវិបត្តិនៅទូទាំងសកលលោក និងបានចូលមកកម្ពុជា ពីឆ្នាំ ២០០៨។ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យ TVETវិញ រដ្ឋាភិបាលឆែក ក៏បាន បំពាក់ឧបករណ៍សម្ភារបណ្តុះបណ្តាល, បំប៉នសមត្ថភាពថ្នាក់ដឹកនាំ និងគ្រូ, ផលិតឯកសារសិក្សា, កែលម្អហេដ្ឋា រចនាសម្ព័ន្ធ ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង (២០១៩-២០២១) និងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (២០២០-២០២១)។
លោកឯក អគ្គរដ្ឋទូតឆែកប្រចាំកម្ពុជាក្នុងពិធីនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ហើយរដ្ឋាភិបាលឆែកបានផ្តល់ នូវជំនួយក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាបន្តបន្ទាប់។ ដោយឡែកចំពោះ សកម្មភាពកិច្ចសហប្រតិបត្តិលើការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ជាជីវៈនេះទៀតសោត លោកអគ្គរដ្ឋទូត ចង់ឲ្យគម្រោងនេះមាននិរន្តរ៍ភាព និង ចង់បានការបញ្ជាក់បន្ថែមពីលោករដ្ឋមន្ត្រី ថាតើក្រសួងចង់ឲ្យរដ្ឋាភិបាល ឆេកបន្តជួយលើផ្នែកTVET នេះ ក្នុងកម្រិតណាបន្តទៀត។
ឆ្លើយតបទៅនឹង សំនួររបស់លោក អគ្គរដ្ឋទូត ក្នុងពិធីនេះលោក អ៊ិត សំហេង ចង់ឲ្យមានដំណើរទស្សនកិច្ចរវាងគ្រូ និងគ្រូរបស់ប្រទេសយើងទៅវិញទៅមក ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ ចែករំលែកនូវចំណេះដឹង ក៏ដូចជាកម្មវិធីសិក្សា លើការបណ្តុះបណ្តាលផ្នែកធនធានមនុស្សនេះ ឲ្យកាន់តែប្រសើរ និងដើរឲ្យ ទាន់នូវការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោក។
ទាក់ទិនក្នុងរឿងនេះដែរ លោករដ្ឋមន្ត្រី ក្រសួងការងារក៏បានស្វាគមន៍ និងឲ្យមានការរៀបចំទស្សនកិច្ចសិក្សារវាងគ្រូ និងគ្រូ របស់ប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកនូវចំណេះដឹងផងនោះ លោកឯក អគ្គរដ្ឋទូតរីករាយនូវសំណើនេះ និងសូមឲ្យខាងក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបន្តធ្វើកិច្ចការនេះជាមួយស្ថានទូត ដើម្បីដាក់ស្នើសុំទៅ រដ្ឋាភិបាលឆែកឲ្យមានកិច្ចសហប្រតិបត្តិការលើកិច្ចការងារទាំងនេះឲ្យបានកាន់តែលឿន៕/PC