ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ស្រីលង្កាបញ្ជាអោយទាហានល្បាតតាមស្ថានីយ៍ប្រេងនៅពេលការតវ៉ាប្រឆាំងរប៉េះរប៉ោះបានកើតមានក្នុងចំណោមអ្នកបើកបររាប់ពាន់នាក់ដែលតម្រង់ជួរចាំចាក់សាំង។
ប្រជាជាតិអាស៊ីខាងត្បូងនេះ កំពុងជួបវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតចាប់តាំងពីទទួលបានឯករាជ្យភាពនៅឆ្នាំ១៩៤៨ ដោយការផ្តាច់ចរន្តអគ្គិសនីត្រូវធ្វើឡើងដោយដូរវេនគ្នា និងទំនិញចាំបាច់ដូចជាស្បៀងនិងហ្គាសចំអិនអាហារក៏ខ្វះខាត។
អាជ្ញាធរបាននិយាយថា ទាហានត្រូវបានដាក់ពង្រាយក្រោយហ្វូងមនុស្សពោរពេញដោយកំហឹងបានបិទផ្លូវមមាញឹកមួយនៅក្នុងទីក្រុងកូឡុំបូ ដោយធ្វើអោយស្ទះចរាចរណ៍រាប់ម៉ោងកាលពីថ្ងៃចន្ទ។
មន្ត្រីយោធាម្នាក់បាននិយាយថា« អារម្មណ៍ខឹងកាន់តែកើនឡើងនៅពេលការតំរៀបជួរចាំចាក់ប្រេងកាន់តែវែង។មានការសំរេចចិត្តមួយកាលពីយប់មិញដើម្បីហៅទាហានចូលមកជួយប៉ូលិសត្រៀមបង្ក្រាបចលាចលណាមួយ»។
រូបភាពស្តីពីឧបទ្ទវហេតុកាលពីថ្ងៃចន្ទដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម បង្ហាញស្ត្រីដែលខឹងក្រេវក្រោធមួយក្រុមបានរារាំងរថយន្តដឹកអ្នកទេសចរមួយដើម្បីប្រឆាំងនឹងការខ្វះប្រេងកាតដែលត្រូវការសំរាប់ចង្ក្រានដាំស្ល។
ការហៅទាហានចូលជួយនេះក៏កើតឡើងក្រោយអ្នកបើកបរម្នាក់ចាក់សម្លាប់អ្នកបើកបរម្នាក់ទៀតក្នុងជម្លោះតម្រង់ជួរចាំទិញសាំងនិងការដួលស្លាប់មនុស្សចាស់បីនាក់ក្នុងពេលរង់ចាំទិញប្រេងឥន្ធនៈចាប់តាំងពីថ្ងៃសៅរ៍មក។
ប៉ូលិសបាននិយាយថា បណ្តាស្ថានីយប្រេងមានមនុស្សរង់ចាំទិញតាំងពីពាក់កណ្តាលយប់។
ក្នុងពេលជាមួយគ្នា ការិយាល័យប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា បានប្រកាសជំនួបកំពូលមួយនៃគណបក្សនយោបាយទាំងអស់នៅថ្ងៃពុធដើម្បីពិភក្សាវិបត្តិសេដ្ឋកិច្ច តែពួកក្រុមប្រឆាំងនិយាយថាពួកគេនឹងមិនចូលរួមទេ៕
ស្រីលង្កាកំពុងជួបការដួលរលំសេដ្ឋកិច្ចដ៏អាក្រក់ចាប់តាំងពីប្រទេសទទួលបានឯករាជ្យភាពនៅឆ្នាំ១៩៤៨។ ឥឡូវសូម្បីតែហ្គាសចំអិនអាហារក៏ខ្វះ