ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ នៅក្នុងរាជធានីភ្នំពេញនារាត្រីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ មេឃបានធ្លាក់ភ្លៀង យ៉ាងខ្លាំង បណ្តាលអោយតំបន់និងលំនៅដ្ឋាន ប្រជាពលរដ្ឋមួយចំនួនបានទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង ប៉ុន្តែដោយការយកចិត្តទុកដាក់ ពីអាជ្ញាធរសង្កាត់ ខណ្ឌនិងអាជ្ញាធររាជធានី ភ្នំពេញ បានធ្វើសកម្មភាពចុះកាយសំរាមចេញពីមាត់លូនិងប្រើប្រាស់ ម៉ាស៊ីន បូមទឹកនៅតាមស្ថានីយ៍បូមទឹកមួយចំនួនទាំងយប់ ទើបធ្វើអោយទឹកបានស្រុក ចុះទៅវិញយ៉ាងលឿន ។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា៖ នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ មេឃ បានធ្លាក់ភ្លៀង យ៉ាងខ្លាំង នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ។ ក្នុងស្ថានភាពនេះ លោកជា ពិសី អភិបាលខណ្ឌទួលគោក បានចាត់អោយមន្ត្រី ចុះពិនិត្យ និងដោះស្រាយ ការជន់លិចដោយជំនន់ទឹកភ្លៀងនេះ ក្នុងនោះ សង្កេតឃើញថា មហាវិថីកម្ពុជាក្រោម , វិថីនេរុហ៍ , មហាវិថី សហព័ន្ធរុស្សុី មិនមានទឹកលិចលង់ទេ តែចំណែក មហាវិថី ម៉ៅ សេទុងត្រង់ចំណុច ប្រសព្វផ្លូវលេខ២៣០ មានទឹកលិចលង់ក្នុងកម្រិតមធ្យម ហើយមន្ត្រី និងកម្លាំង បានចុះកាយលូ រហូតធ្វើអោយទឹកស្រកទៅវិញអស់។
ចំណែកលោកម៉ែន សុខខេន ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណ ការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ ដោយមានការណែនាំ ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អង្គភាពលូទឹក បូមទឹកនៃ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើសកម្មភាពភ្លាមៗលើ ការបូមទឹកចេញពីរាជធានីភ្នំពេញ ។ ក្នុងនោះស្ថានីយ៍ដែលដំណើរបូមទឹកកាល ពីយប់មិញរួមមាន៖ ស្ថានីយ៍បឹងត្របែក,បឹងទំពុន,ទួលសំពៅ,កប់ស្រូវ, ទួលគោកទី១,ទួលគោកទី២,បូរី១០០ខ្នង,លូ៥ សរុបចំនួន៨ស្ថានីយ៍ ទើបទឹកបានស្រុកចុះទៅវិញ យ៉ាងលឿន៕/PC