ដោយៈ ដេប៉ូ / ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹងមួយ ពីការបើកផ្តល់ប្រាក់ឧបត្ថម្ភ ជូនបងប្អូនកម្មករ និយោជិត ក្នុងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារ ស្របតាមស្មារតី កញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល លើកទី៧៩។
ក្រសួងការងារ បានបញ្ជាក់ ដល់បងប្អូនកម្មករ និយោជិត ចំនួន ២.៤៩៤ នាក់ នៃ សហគ្រាសទាំង ៣៩ នៃវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យា ការងារស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ជ្រាបថា ធនាគារ វីង (ខេមបូឌា) នឹងផ្ញើសារ អំពីការបើកប្រាក់ឧបត្ថម្ភរបស់ រាជរដ្ឋាភិបាល ទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួង តាមរយៈរដ្ឋបាល សហគ្រាស នាពេលកន្លងមក។
ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យា ការងារ ក្នុងនោះចំនួន៖
– ១២០ ០០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ
-១៦០ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។
ក្រសួងការងារ បានរំឭកថាៈ ធនាគារ វីង (ខេមបូឌា) នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារ តាមទូរសព្ទពីធនាគារ វីង (ខេមបូឌា)។
ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទ ដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។
សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវា ទៅភ្នាក់ងារវឹងឡើយ ពេលបើកប្រាក់ ឧបត្ថម្ភនេះ។
ក្នុងករណីបងប្អូនកម្មករ និយោជិត ដែលបម្រើការងារ នៅសហគ្រាស ទាំង៣៩ នេះ មិនបានទទួលសារទូរសព្ទ ពីធនាគារ វីង (ខេមបូឌា) នោះសូមបងប្អូនទំនាក់ទំនង សួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាព លេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលសហគ្រាសរបស់ខ្លួន ក្រសួងនឹងបន្តជូនដំណឹង ដល់បងប្អូនកម្មករ សហគ្រាស ដទៃផ្សេងទៀត អំពីការបើក ផ្តល់ប្រាក់ឧបត្ថម្ភនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសបងប្អូនកម្មករ និយោជិត ជ្រាបជាព័ត៌មាន និង សូមរួសរាន់ទំនាក់ទំនង បើកប្រាក់ឧបត្ថម្ភនេះ នៅតាមភ្នាក់ងារវីងនានា ដែលនៅជិតបំផុត ឱ្យបានទាន់ពេលវេលា៕/V