ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ គេថា ប្រពន្ធដ៏ឆើតឆាយរបស់សេដ្ឋីនិងអ្នកនយោបាយអ៊ុយក្រែនមា្នក់បានយួរលុយ២២លានអឺរ៉ូ(២៨,៩១លានដុល្លារ) កាត់ព្រំដែនជនភៀសខ្លួនចូលក្នុងសហភាពអឺរ៉ុប ។លុយជាប្រាក់ដុល្លារនិងអឺរ៉ូ ត្រូវបានគយហុងគ្រីឆែកឃើញនៅក្នុងវ៉ាលីសរបស់ភរិយារបស់អតីតសមាជិកសភាអ៊ីហ្គ័រ កូតវីតស្គី (Igor Kotvitsky)។
ឥឡូវការស៊ើបអង្កេតករណីព្រហ្មទណ្ឌមួយត្រូវបានធ្វើឡើងដោយសារតែនាង អាណាស្តាស្យា កូតវីតស្កា(Anastasia Kotvitska)មិនបានរាយការណ៍អំពីការបញ្ជូនប្រាក់សន្ធឹកសន្ធាប់បែបនេះចេញពីប្រទេស។
លោក កូតវីតស្គី ដែលធ្លាប់ជាសមាជិកសភាមានទ្រព្យធនបំផុតរបស់អ៊ុយក្រែន បាននិយាយថា ប្រពន្ធលោកបានចាកចេញពីប្រទេសដើម្បីសម្រាលបុត្រ តែបានបដិសេធរបាយការណ៍ថានាងនាំលុយ២៨លានដុល្លារនិង១,៣លានអឺរ៉ូ ចេញពីប្រទេស។
លោកបាននិយាយថា «លុយរបស់ខ្ញុំនៅក្នុងធនាគារអ៊ុយក្រែន។ខ្ញុំអត់មានយកអ្វីចេញទេ»។
សេចក្តីថ្លែងការណ៍មួយបង្ហោះក្នុងបណ្តាញសង្គម ដោយកូនស្រីលោក បាននិយាយថា វាជា«ព័ត៌មានក្លែងក្លាយនិងជាពាក្យចចាមអារ៉ាម»។
នាង អាណាស្តាស្យា កូតវីតស្កាដែលត្រូវបានរាយការណ៍ថាបានធ្វើដំណើរជាមួយបុរសហុងគ្រីពីរនាក់និងម្តាយ មិនបាននិយាយយ៉ាងណាទេអំពីព័ត៌មាននេះ៕
នាង អាណាស្តាស្យា កូតវីតស្កា ប្រពន្ធរបស់សេដ្ឋី អ៊ីហ្គ័រ កូតវីតស្គី ត្រូវបានគេរាយការណ៍ថាបាននាំលុយជាង២៨លានដុល្លារកាត់ព្រំដែនដែនចូលក្នុងសហភាពអឺរ៉ុប