ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រុស្ស៊ីបានបាត់បង់ទាហានជិត១០.០០០នាក់ក្នុងរយៈពេលតិចជាង៤សប្តាហ៍នៅអ៊ុយក្រែន នេះបើយោងតាមតួលេខរបស់រុស្ស៊ីផ្ទាល់។
ចំនួនអ្នកស្លាប់ ដែលច្រើនមិនគួរឱ្យជឿសម្រាប់សង្គ្រាមដែលវិមានក្រឹមឡាំងជឿថានឹងឈ្នះក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ត្រូវបានចេញផ្សាយដោយវេបសាយគាំទ្ររដ្ឋាភិបាលមួយប៉ុន្តែត្រូវបានដកចេញយ៉ាងរហ័ស។
គេបានប៉ាន់ស្មានថាដំណឹងនេះត្រូវបានបង្ហោះដោយបុគ្គលិកដែលគាំទ្រអ៊ុយក្រែន។ មុននេះរុស្ស៊ីធ្លាប់បានទទួលស្គាល់ថាមានអ្នកស្លាប់ចំនួន ៤៩៨ នាក់ ប៉ុន្តែនោះគឺធ្វើនៅថ្ងៃទី ២ ខែមីនា។
ដំណឹងនេះបានកើតឡើង ខណៈរូបថតពីផ្កាយរណបបានបង្ហាញភស្តុតាងបន្ថែមទៀតដែលថាកងកម្លាំងរបស់លោកពូទីនកំពុងបន្តការប្រយុទ្ធនិងជីកលេណដ្ឋាននៅមុន “សង្គ្រាមរយៈពេលវែង”។
តួលេខកាលពីយប់ថ្ងៃចន្ទបានបង្ហាញថា ទាហានរុស្ស៊ី ៩.៨៦១ នាក់បានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន និង ១៦.១៥៣ នាក់បានរងរបួស។
ទាហានសូវៀតប្រហែល ១៥.០០០ នាក់បានស្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីការលុកលុយឆ្នាំ ១៩៧៩ ប៉ុន្តែនោះគឺមានរយៈពេលជាងដប់ឆ្នាំ។
អ៊ុយក្រែនបានដាក់តួលេខទាហានរុស្ស៊ីស្លាប់ចំនួន ១៥.០០០នាក់ ប៉ុន្តែតួលេខចុងក្រោយនេះគឺខ្ពស់ជាងការប៉ាន់ស្មានរបស់សហរដ្ឋអាម៉េរិក ដែលដាក់ចំនួនស្លាប់ ៧.០០០នាក់។
ចំនួនស្លាប់នេះគឺជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពពីក្រសួងការពារជាតិរបស់ទីក្រុងមូស្គូ ហើយខណៈដែលចំនួននេះត្រូវបានដកចេញយ៉ាងរហ័សពីវេបសាយកាសែត Komsomolskaya Pravda ដែលជាកាសែតគាំទ្ររដ្ឋាភិបាល ចំនួនស្លាប់នេះនៅតែមាននៅក្នុងប័ណ្ណសារកាលពីយប់ថ្ងៃចន្ទ។
ទោះបីជាតួលេខនេះបង្ហាញពីជោគជ័យផ្នែកយោធារបស់អ៊ុយក្រែនក៏ពិតមែន ក៏ប៉ុន្តែមានសញ្ញាជាច្រើនកាលពីយប់ថ្ងៃចន្ទ ដែលបង្ហាញថា សង្គ្រាមកំពុងបង្វែរប្រៀបឈ្នះមកខាងរុស្ស៊ីរិញ។
របាយការណ៍ស៊ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេស ដែលមើលឃើញដោយកាសែត Daily Mail បាននិយាយថា កងកម្លាំងរបស់ទីក្រុងមូស្គូកំពុងតែទម្លាយភាពទ័លច្រកយ៉ាងសំខាន់។
ពួកគេបានប្រើដ្រូនកាន់តែមានប្រសិទ្ធភាពដើម្បីវាយប្រហារគោលដៅអ៊ុយក្រែននៅលើដី។
កងកម្លាំងរុស្ស៊ីក៏បានបំផ្លាញដ្រូន TB2 ផលិតនៅតួកគីមួយចំនួនផងដែរ ដែលកន្លងមកបានបង្ហាញប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងកងទ័ពនិងឧបករណ៍យោធារបស់រុស្ស៊ី។
របាយការណ៍បានបង្ហាញថា ប្រព័ន្ធការពារមីស៊ីលបាញ់ពីដីទៅអាកាសរបស់អ៊ុយក្រែនក៏អាចត្រូវបានបំផ្លាញផងដែរ ខណៈមីស៊ីលរុស្ស៊ីកាន់តែច្រើនកំពុងបាញ់ចំគោលដៅជាហូរហែ។
គ្រាប់រ៉ុក្កែតរុស្ស៊ីបានវាយប្រហារចំមូលដ្ឋានហ្វឹកហ្វឺនសម្រាប់យុទ្ធជនបរទេសមួយ ដោយសម្លាប់មនុស្ស ៣៥ នាក់និងរបួស ១៣៤ នាក់ កន្លែងជួសជុលយន្តហោះមួយកន្លែង និងឃ្លាំងក្រោមដីមួយ ដែលរក្សាទុកអាវុធលោកខាងលិចរបស់ទីក្រុងគៀវ។
របាយការណ៍នេះពន្យល់ពីរបៀបដែលរុស្ស៊ី “បានបង្កើនការបាញ់ផ្លោងជាបន្តទៅលើទីក្រុងផ្សេងៗ ជាពិសេសទីក្រុងម៉ារីវប៉ូល ទីក្រុងខាគីវ ទីក្រុងស៊ូមី និងទីក្រុងឆែរនីហ៊ីវ” បន្ទាប់ពីបានបំពេញការផ្គត់ផ្គង់ដល់កងកាំភ្លើងធំរបស់ខ្លួន។
ក្រុមអ្នកវិភាគការពារជាតិរបស់ចក្រភពអង់គ្លេសក៏បានសម្តែងការព្រួយបារម្ភផងដែរថា មីស៊ីលលឿនជាងសំឡេង Kinzhal របស់រុស្ស៊ីអាចឆ្លងកាត់ប្រព័ន្ធការពារប្រឆាំងមីស៊ីល។
អ្នកវិភាគជាច្រើនក៏បានចោទជាមន្ទិលផងដែរអំពីការវាយតម្លៃរបស់លោកខាងលិចមុននេះថាខែលការពារដែនអាកាសរបស់អ៊ុយក្រែននៅតែមានប្រសិទ្ធភាព។
របាយការណ៍ចារកម្មនិយាយថា រុស្ស៊ីមានបំណង “បំផ្លិចបំផ្លាញ” ទីក្រុងម៉ារីវប៉ូលទាំងស្រុងដើម្បី “ព្រមានដល់ទីក្រុងផ្សេងទៀត”៕
សាកសពទាហានរុស្ស៊ីត្រូវបានដឹកចូលស្រុកទាំងឡានៗរាល់យប់