ដោយ:រ៉ាម៉ន/ភ្នំពេញ: អនុវត្តតាមការណែនាំពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ នៃក្រុមរថយន្តអគ្គិភ័យប្រចាំសាលាខណ្ឌ និងរថយន្តស៊ីទែនទឹកជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា នាំយកទឹកស្អាត ទៅចែកជូនប្រជាពលរដ្ឋ នៅបុរីឈូកវា សង្កាត់សំរោងក្រោម និងប្រជាពលរដ្ឋ នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ ដែលកំពុងជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ។
លោក ហែម ដារិទ្ធិ បានលើកឡើងថា ប្រជាពលរដ្ឋ រស់នៅតំបន់ទាំងពីរខាងលើនេះ សុទ្ធតែមានប្រព័ន្ធទឹកស្អាតរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញ ចូលដល់លំនៅដ្ឋានគ្រប់គ្នា តែប៉ុន្មានថ្ងៃមកនេះ ដោយអង្គភាពរដ្ឋាករទឹក បានរៀបចំប្រព័ន្ធទឹក នៅម្តុំរង្វង់មូលចោមចៅ បានធ្វើឱ្យការផ្គត់ផ្កង់ទឹក មកកាន់តំបន់នេះ មានភាពរអាក់រអួលធ្វើឱ្យប្រជាពលរដ្ឋ ខ្វះខាតទឹកប្រើប្រាស់ ។ ក្រោយទទួលបានព័ត៌មាននេះ អាជ្ញាធរខណ្ឌសហការជាមួយ ម្ចាស់បុរី បានចាត់ចែងរថយន្តដឹកទឹកពីតំបន់នានា មកផ្គត់ផ្គង់ជាបន្តបន្ទាប់ តែដោយតំបន់នេះមានប្រជាពលរដ្ឋរស់នៅច្រើន ដូចនេះផ្គត់ផ្គង់ទឹកចែកជូនបងប្អូន ពិតជាមិនបានគ្រប់គ្រាន់តាមតម្រូវការនោះទេ ។តែទោះបីយ៉ាងនេះក្តីក៏ប្រសើជាងអត់ ៕/PC