ដោយ: ដេប៉ូ/ភ្នំពេញ: នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នេះ កម្ពុជាបានចូលរួមអបអរសាទរទិវាទឹកពិភពលោក ក្រោមប្រធានបទ «ទឹកក្រោមដី – ធ្វើឱ្យការមើលមិនឃើញទៅជាមើលឃើញ»។
គួរបញ្ជាក់ថា ពិភពលោកបានប្រារព្ធទិវាទឹកពិភពលោក និងបានលើកកម្ពស់ការយល់ដឹងអំពីប្រជាជនចំនួន ២ ពាន់លាននាក់ដែលកំពុងរស់នៅដោយគ្មានទឹកស្អាតប្រើប្រាស់។ ការផ្តោតសំខាន់នៃទិវាទឹកពិភពលោកឆ្នាំ ២០២២ នេះ គឺដើម្បីជំរុញសកម្មភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG)៖ ទឹក និងអនាម័យសម្រាប់ទាំងអស់គ្នានៅឆ្នាំ ២០៣០ ។
បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថាប្រធានបទនៃទិវាទឹកពិភពលោកឆ្នាំ ២០២២ គឺ «ទឹកក្រោមដី – ធ្វើឱ្យការមើលមិនឃើញទៅជាមើលឃើញ»។ ទឹកក្រោមដី គឺមើលមិនឃើញ ប៉ុន្តែឥទ្ធិពលរបស់វាអាចមើលឃើញនៅគ្រប់ទីកន្លែង។ ទឹកក្រោមដីគឺជាកំណប់ទ្រព្យលាក់កំបាំងដែលធ្វើឱ្យជីវិតរបស់យើងកាន់តែសម្បូរបែប។ ស្ទើរតែទាំងអស់នៃទឹកសាបនៅក្នុងពិភពលោកគឺជាទឹកក្រោមដី។ នៅពេលដែលការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ ទឹកក្រោមដីនឹងកាន់តែធ្ងន់ធ្ងរឡើង។ យើងត្រូវធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងធនធានដ៏មានតម្លៃនេះប្រកបដោយនិរន្តរភាព។
ក្រសួងបរិស្ថានបានឱ្យដឹងបន្ថែមថា ដើម្បីរក្សាបាននូវប្រភពទឹកសាបសម្រាប់ប្រើប្រាស់ និងទប់ស្កាត់វិបត្តិខ្វះទឹក យើងទាំងអស់គ្នាត្រូវចូលរួមអភិរក្សធនធាន ធម្មជាតិ ព្រៃឈើដែលជាប្រភពទាក់ទាញទឹកយ៉ាងសំខាន់។ កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១ភាគរយ នៃប្រទេសកម្ពុជា។ ដោយសារកត្តាសុខសន្តិភាព និងការការពារនិងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ។ សូមចូលរួមសន្សំសំចៃការប្រើប្រាស់ ទឹកដើម្បីរក្សនិរន្តរភាពប្រភពទឹកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕