ដោយៈ សុផល/ភ្នំពេញ: មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការកាត់បន្ថយសំណល់ប្លាស្ទិក ដោយអនុវត្តន៍តាមយុទ្ធសាស្ត្រ 4R ដល់ក្រុមនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមវត្តមានលោក គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជានាយកគម្រោងទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រកម្ពុជា។
កម្មវិធីវគ្គបណ្ដុះបណ្ដាលនេះ ក៏មានការចូលរួមពីសំណាក់ លោក កៀន តាក់ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញព្រមទាំងនិស្សិត និងព្រះសង្ឃ ចូលរួមសរុបចំនួន ២២០អង្គ-នាក់។
វគ្គបណ្ដុះបណ្ដាលបានត្រូវរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយចំណេះដឹង ស្វែងរកដំណោះស្រាយថ្មីៗ (នវានុវត្តន៍) និងចែករំលែកចំណេះដឹងបន្តទៅដល់ក្រុមនិស្សិត (យុវជន ៤ក+៤រ) ក៏ដូចជាពីក្រុមនិស្សិត ទៅកាន់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់សំណល់ប្លាស្ទិក។
គួរបញ្ជាក់ផងដែរថា ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលតាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួន ០៨កន្លងមកនេះ មន្ទីរបរិស្ថានរាជធានីភ្នំពេញ នឹងបន្តបណ្ដុះបណ្ដាលតាមរយៈប្រព័ន្ធវីដេអូ Zoom Meeting បន្តទៀតដល់ក្រុមនិស្សិត ដើម្បីតាមដានការអនុវត្តរបស់ក្រុមនិស្សិត ស្វែងយល់ពីនវានុវត្តន៍នៃការទប់ស្កាត់សំណល់ប្លាស្ទិកក្នុងរាជធានីភ្នំពេញតាមរយៈយុវជន ៤ក+៤រ ស្របជាមួយលក្ខណៈសម្បត្តិទី៦ របស់គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” គឺមានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ ចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយសំណល់!
គួររំឭកថា យុវជន ៤ក+៤រ ដែលសំដៅលើ៖ ក១.ការប្រើប្រាស់ឡើងវិញ (REUSE) ក២.ការកាត់បន្ថយ(REDUCE) ក៣.ការកែច្នៃ(RECYCLE) ក៤.ការបដិសេធ(REFUSE) រីឯ ៤រ គឺ រ១.រៀន រ២.រើស រ៣.រក និងរ៤.រម្លឹក៕