ដោយ:ពៅនិមល/ភ្នំពេញៈ យោងតាមទិន្នន័យរបស់រដ្ឋបាលជលផល បានឲ្យដឹងថា គិតក្នុងរយៈពេលជាង ៣ខែមក (២៩ វិច្ឆិកា ២០២១ ដល់ថ្ងៃទី១១ មីនា ២០២២) ដីព្រៃលិចទឹកតំបន់៣ ទំហំ៦៣.៤១៨,២០ហិចតា ត្រូវបានប្រជាពលដ្ឋ ១៥.១២០គ្រួសារ ស្ម័គ្រចិត្តប្រគល់ជូនរដ្ឋវិញ ខណៈដែនព្រៃលិចទឹកសរុប ៦៤៧.៤០៤ហិកតា ស្ថិតជុំវិញបឹងទន្លេសាប។
នៅក្នុងអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២២ ខែមីនានេះ លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្រោយបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ស្តីពីការចុះពិនិត្យស្រាវជ្រាវទប់ស្កាត់ការកាប់ទន្ទ្រាឈូសឆាយដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ក្រុមការងារអន្តរក្រសួង និងក្រុមការងារខេត្ត បានចុះពិនិត្យ ស្រាវជ្រាវ ទប់ស្កាត់ដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបចំនួនគ្រួសារដែលបានវាស់គឺ ៨.៨៦០គ្រួសារ គិតទំហំផ្ទៃដីដែលបានវាស់ជាក់ស្តែង ៨៧.០៤២,៤៥ហិកតា។ ក្នុងនោះគ្រួសារដែលបានប្រគល់ដីជូនរដ្ឋវិញមានចំនួន ១៥.១២០គ្រួសារ ស្មើទំហំដី ៦៣.៤១៨,២០ហិកតា។
នៅក្នុងការចុះអនុវត្តន៍ច្បាប់នេះ លោកបានបញ្ជាក់ថា បានឃាត់ខ្លួនជនសង្ស័យបាន ចំនួន ៣៤នាក់ បញ្ជូនទៅសាលាដំបូងខេត្ត តុលាការសម្រេចឃុំខ្លួនចំនួន ២៩នាក់ និងដោះលែងចំនួន ៥នាក់។ បានដកហូតវត្ថុតាង៖ ត្រាក់ទ័រ ៩គ្រឿង, ម៉ាស៊ីនព្រោះស្រូវ ៤គ្រឿង, ម៉ូតូ ៤គ្រឿង, រនាស់រាស់ដី ២គ្រឿង, ជីរអ៊ុយរ៉េ ១២៦ការ៉ុង, ជីរពាក់កណ្តាលសរីរាង្គ ៤៣ការ៉ុង និងស្រូវ ៨,៥តោន។ ទាក់ទិនបញ្ហាប្រឈមក្នុងការងារ លោកបានឲ្យដឹងថា មុនបទបញ្ជារដ្ឋាភិបាល កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ។ ក្រោយបទបញ្ជារដ្ឋាភិបាល ការរំលោភបំពានដីព្រៃលិចទឹក មានការថយចុះស្ទើរតែទាំងស្រុង ប៉ុន្តែនៅមានការលួចចូលធ្វើស្រែបន្តិចបន្តួច។
ជុំវិញការលើកឡើងខាងលើនេះ លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បកម្មកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រព្រឹត្តខុសជាមួយនឹងអាជ្ញាធរដែលគាត់លួចបន្លំទៅយកដីកម្មសិទ្ធិរបស់សាធារណៈ ជាពិសេសដីបាតបឹងទន្លឹសាបសូមប្រគល់ជូនរដ្ឋវិញ ហើយនេះជាគោលការណ៍ល្អ ដែលជាគោលនយោបាយល្អរបស់ប្រមុខរដ្ឋាភិបាលដែលលោកគិតឃើញអំពីលក្ខណៈគោលនយោបាយវែងឆ្ងាយ ជួយការពារបាននូវធនធានធម្មជាតិជូនមកបងប្អូនប្រជាពលរដ្ឋវិញ នេះជាការល្អដែលយើងទាំងអស់គ្នាមានការត្រេកអ៊រ និងរីករាយចំពោះវិធានការណ៍របស់ប្រមុខរដ្ឋាភិបាល ក្នុងការចាត់ចែង ប្រមូលអ្នកដែលលួចដី បន្លំយកដីនៅបាតបឹងទន្លេមកឲ្យសាធារណជនវិញ។
ព្រៃលិចទឹក មានតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ក្រៅពីនោះនឹងផ្តល់ជាទីជម្រក ជាប្រភពផ្តល់ចំណី ជាកន្លែងពងដល់ពពួកមច្ឆាជាតិ ជារបាំងការពារខ្យល់ព្យុះ ទប់ស្កាត់ការហូរច្រោះដី ផ្តល់ជាឱសថ និងកែលម្អគុណភាពទឹក ដី ព្រមទាំងចូលរួមបម្រើដល់វិស័យទេសចរណ៍ទៀតផង។
យោងតាមអនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ស្តីពីការកំណត់ដែនព្រៃលិចទឹកចំនួនសរុប ៦៤៧.៤០៦ហិកតា ស្ថិតនៅក្នុងខេត្តចំនួន៦ ដូចជា ខេត្តកំពង់ធំ ១៣៥.១២៧ហិកតា, ពោធិ៍សាត់ ៩៥.៤៥១ហិកតា, បាត់ដំបង ២០៦.៩៥៣ហិកតា, សៀមរាប ១២២.២៨៩ហិកតា, បន្ទាយមានជ័យ ១២.០៤៧ហិកតា និងខេត្តកំពង់ឆ្នាំង ៧៥.៥៣៩ហិកតា ជុំវិញបឹងទន្លេសាប (តំបន់៣)៕