ដោយ: សុផល/កណ្តាល: កំពង់ផែស្វយ័តភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានបើកការដ្ឋានសាងសង់ឃ្លាំងស្តុកទុកទំនិញត្រជាក់ ដើម្បីជួយគាំទ្រដល់ការនាំចេញនាំចូលទំនិញ ដែលត្រូវការភាពត្រជាក់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចាត់ទុកឃ្លាំងស្តុកទុកទំនិញត្រជាក់ នៅចំណតផែកុងតឺន័រ LM17 ស្ថិតនៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល នឹងរួមចំណែកជួយគាំទ្រដល់វិស័យនាំចេញ និងនាំចូល ដែលកំពុងកើនឡើងរបស់ប្រទេសកម្ពុជា តាមរយៈសេវាស្ថានីយ៍ផ្ទេរទំនិញ និងឃ្លាំងស្តុកទំនិញត្រជាក់ ស្តង់ដារអន្តរជាតិ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា ឃ្លាំងស្តុកទឹកទំនិញត្រជាក់នេះ នឹងផ្ដល់ទីតាំងស្តុកទំនិញត្រជាក់ទំហំជាង ៣ម៉ឺន ៦ពាន់ម៉ែត្រគូបបន្ថែមទៀត ដែលអាចបំពេញកង្វះខាតបច្ចុប្បន្ន បានជាង ២៥ភាគរយ ដើម្បីឲ្យស្របតាមកំណើននៃតម្រូវការទីផ្សារ ដែលបម្រើដល់កសិករកម្ពុជា និងកសិករក្នុងតំបន់ ក្រុមហ៊ុនកសិពាណិជ្ជកម្ម ក្រុមហ៊ុនកែច្នៃអាហារ ក្រុមហ៊ុនឱសថ ក្រុមហ៊ុនលក់រាយ ក៏ដូចជាក្រុមហ៊ុនសណ្ឋាគារ និងភោជនីយដ្ឋានផងដែរ។
លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា៖ កំពង់ផែស្វយ័តភ្នំពេញ បានសម្រេចសហការជាមួយក្រុមហ៊ុន ខ្មែរ ខូល ឆេន ឯ.ក សាងសង់ឃ្លាំងស្តុកទំនិញត្រជាក់នេះឡើង ដោយយល់ឃើញថា គម្រោងរបស់ក្រុមហ៊ុន នឹងផ្ដល់អត្ថប្រយោជន៍ដល់កំពង់ផែស្វយ័តភ្នំពេញ ជាពិសេសដល់កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការចូលរួមចំណែកលើកកម្ពស់ខ្សែសង្វាក់ នៃវិស័យភស្តុភារកម្ម ក្នុងប្រទេសកម្ពុជា។
បន្ថែមពីលើនេះ កំណើននៃចរាចរណ៍ទំនិញឆ្លងកាត់ ក៏មានសន្ទុះផងដែរ តាមរយៈការផ្ដល់សេវាកម្មរក្សាទុកទំនិញត្រជាក់ ទាំងសម្ភារៈនាំចេញនិងនាំចូល ដែលមានដូចជាត្រី សាច់ កសិផល ឱសថ គ្រឿងសម្អាង និងទំនិញជាច្រើនប្រភេទទៀត។ គម្រោងនេះ នឹងជួយបង្កើតការងារធ្វើបន្ថែម និងលើកស្ទួយកម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ។
យោងតាមការសិក្សា អំពីតម្រូវការរបស់ទីផ្សារ គម្រោងចាំបាច់ត្រូវការពង្រីកទីតាំងផ្ទេរ និងស្តុកទំហំ ១៤ម៉ឺនម៉ែត្រគូបបន្ថែមទៀត ដើម្បីបំពេញតាមតម្រូវការខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន នៅត្រឹមឆ្នាំ២០៣០។
ឃ្លាំងស្តុកទុកទំនិញត្រជាក់ខ្នាតធំនេះមានទំហំ ៣៦.០០០ម៉ែត្រគូបសម្រាប់ស្ដុកទំនិញត្រជាក់ ការវេចខ្ចប់ត្រជាក់ សេវាអនាម័យ និងការចែកចាយទំនិញផងដែរ៕