ដោយៈ សុផានីតា / កោះកុង៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យរដ្ឋបាលខេត្ត ក្រុងស្រុក មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ចាំបាច់ត្រូវបង្កើតឱ្យមន្ត្រីអ្នកនាំពាក្យ ថ្នាក់ក្រោមជាតិ ឱ្យបានកាន់តែច្រើន ក្នុងគោលបំណង ដើម្បីឆ្លើយតបនឹងអ្នកសារព័ត៌មាន និងបកស្រាយ រាល់ព័ត៌មានណា ដែលតានតឹងខ្លាំង។
កិច្ចការអ្នកនាំពាក្យ នៅតែជាស្នូលដ៏មានសារៈសំខាន់បំផុត ដែលត្រូវនាំគ្នាអនុវត្ត សម្រាប់ឃឿន រាំងការពារ ប្រយោជន៍ដល់រដ្ឋបាលខេត្ត ក្រុងស្រុក មន្ទីរអង្គភាពជំនាញ ចំពោះរាល់ការផ្សព្វផ្សាយព័ត៌មាន អំពីស្ថាប័នរបស់ផងខ្លួន។
ក្នុងពិធីបិទសិក្ខាសាលា ស្តីពីការិយាល័យឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី២២ ខែមីនា នេះថា តាមអង្គភាពមន្ទីរជំនាញ ចាំបាច់ត្រូវយកចិត្តទុកដាក់ បង្កើតឱ្យមានមន្ត្រី ជាអ្នកនាំពាក្យមួយរូប ដោយរង់ចាំឆ្លើយតបព័ត៌មានបានទាន់ពេលវេលា ព្រោះការធ្វើបែបនេះ ដើម្បីអាចបន្ថយភាព តានតឹង ចំពោះព័ត៌មានដែលផ្សព្វផ្សាយពីខ្លួន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ទាមទារដល់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជំនាញ គប្បីមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះព័ត៌មានសព្វថ្ងៃ ហើយរាល់ការផ្សព្វផ្សាយព័ត៌មាន មិនមែនជារឿងលេងសើចបាននោះទេ ដោយយោងតាមពាក្យស្លោក «លឿន ប្លែក រហ័ស ទុកចិត្តបាន នៅទីណា ពេលណាក៏បាន»។
ពិសេសជានេះទៀតនោះ លោក ខៀវ កាញ្ញារិទ្ធ ក្រើនរម្លឹកដែរថា សូមគឺកុំយកអ្នកកាសែត ជាសត្រូវ ហើយក៏យកអ្នកកាសែត ជាមិត្តភក្តិស្លាប់រស់ជាមួយ។ អ្នកកាសែត និងអ្នកនាំពាក្យ ប្រៀបដូចសន្លឹកប្រាក់តែមួយ។
ទន្ទឹមនោះ លោករដ្ឋមន្ត្រី យល់ឃើញថា ស្ថិតក្នុងបរិបទការងារ អភិបាលខេត្ត ក្រុងស្រុក ប្រធានមន្ទីរ អង្គភាពជំនាញ ព្រមទាំងស្នងការនគរបាលខេត្តនីមួយៗ មានការងារភារកិច្ចច្រើន ដោយពុំអាចឆ្លើយតបព័ត៌មាន បានទាន់ពេលវេលានោះទេ ជួនពេលខ្លះទៀត ប្រសិនបើ ពេលខ្លះ ថ្នាក់ដឹកនាំមន្ទីរអង្គភាព ទាំងមានអារម្មណ៍មិនល្អ និយាយផ្តល់ព័ត៌មាន កាន់អ្នកកាសែត មិនសមប្រកប វាអាចបញ្ហាកាន់តែច្រើន។
សម្រាប់លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល ឱ្យដឹងដែរថាៈ អភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន ជាកិច្ចពង្រឹងវេទិកាសន្ទនា ឆ្លើយឆ្លង រវាងមន្ដ្រីព័ត៌មាន និងមន្ទីរវិស័យជំនាញ ជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹង ដល់សាធារណជន ឈានទៅការបង្កើតបាន នូវតម្លាភាព គណនេយ្យភាព និងការដោះ ស្រាយបញ្ហា ជូនប្រជាពលរដ្ឋ ដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។
ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានចាត់ទុកថា នេះជាកញ្ចក់ឆ្លុះបញ្ចាំង នូវការរួមចំណែកអនុវត្ត នយោបាយកែទម្រង់មុតស្រួច ក្នុងវិស័យព័ត៌មាន នៅថ្នាក់មូលដ្ឋាន តាមស្មារតីនៃគោលនយោបាយ វិមជ្ឍការ និងវិសហមជ្ឍការ ដែលជាការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ ក្នុងការសន្ទនាឆ្លើយឆ្លង ផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាព នៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញ នូវដំណោះស្រាយ នៃបញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន។
លោក ផៃ ស៊ីផាន ក៏មើលឃើញពីចំណុចខ្វះខាតមួយផងដែរ អំពីកិច្ចសហការរវាងមន្ដ្រី ព័ត៌មាន និងមន្ដ្រីនៃមន្ទីរវិស័យជំនាញ នៅមានកង្វះខាតធនធាន សម្រាប់វិជ្ជាជីវៈទាំងមន្ដ្រី សម្ភារៈ និងថវិកា ក្នុងការចុះយកប្រមូល និងផ្សព្វផ្សាយព័ត៌មាន នៅក្នុងមន្ទីរព័ត៌មាន នៃខេត្តមួយចំនួន។
ចំពោះកិច្ចសហការ រវាងមន្ដ្រីព័ត៌មាន និងមន្ដ្រីនៃមន្ទីរវិស័យជំនាញ ពុំទាន់មានភាពជិតស្និទ្ធ និងស៊ីសង្វាក់គ្នានៅឡើយ ដែលជាឧបសគ្គរាំងស្ទះ ដល់អ្នកនាំពាក្យ ឬមន្ដ្រីព័ត៌មាន ក្នុងការប្រមូល និងផ្សព្វផ្សាយព័ត៌មាន ឱ្យបានទូលំទូលាយ និងទាន់ពេលវេលា។
ដោយឡែក មន្ដ្រីនាំពាក្យរបស់សាលាខេត្ត ទទួលបន្ទុកកិច្ចការនាំពាក្យ ត្រឹមកម្រិតជាកិច្ចការ បន្ថែម លើភារកិច្ចស្នូល ដែលធ្វើឱ្យខ្វះលទ្ធភាព និងប្រសិទ្ធភាព ក្នុងការប្រមូល និងផ្សព្វផ្សាយ ព័ត៌មាន។
តែទោះយ៉ាងណាក៏ដោយ លោកប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ជឿជាក់ថា សិក្ខាកាម ដែលមកទទួលចំណេះដឹង លើវិស័យព័ត៌ មានរយៈពេល ២ ថ្ងៃ នឹងបន្ដអនុវត្ត ការងារ ផ្តល់ប័ត៌មានយ៉ាងសកម្ម និងយកចិត្តទុកដាក់ ប្រកបដោយមនសិការ និងឧត្តមគតិខ្ពស់ ទទួលយកចំណេះដឹង និងការចែករំលែក បទពិសោន៍ទៅវិញទៅមក ក្នុងន័យចូលរួមកសាងប្រទេសជាតិ ឱ្យទទួលបានសុខសន្ដិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមលើគ្រប់វិស័យ ដោយផ្ដោតទៅលើ ការកែទម្រង់អភិបាលកិច្ច ដែលជាស្នូល នៃយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី ៤ សំដៅពង្រឹងស្ថាប័នសាធារណៈ បង្កើនប្រសិទ្ធភាព និងលើកកម្ពស់គុណភាព សេវាសាធារណៈ តាមរយៈវិស័យព័ត៌មាន៕/V