ដោយៈ ភ្នំ​ស​ន្ទុ្​ក / កំពង់ធំៈ ខេត្តកំពង់ធំ បានរៀបចំ​បិទ​ការប្រកួត កីឡា​សិស្ស​មធ្យមសិក្សា ឆ្នាំ ២០២១-២០២២ រយៈពេល ៣ ថ្ងៃ ក្រោម​វត្ត​ម​មាន​លោក ចាន់ តារា អភិបាលរង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តកំពង់ធំ ដោយមាន​ការចូលរួម​ពី លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ជា​កីឡាករ​-​កីឡាការិនី ជិត ៦០០ នាក់ នា​រសៀល ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ នៅ​វិទ្យាល័យ​កំពង់ធំ​។​

​លោក ចាន់ តារា អភិបាលរង​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ ណែនាំ​ដល់​ក្មួយៗ សិស្សានុសិស្ស​ទាំងអស់ ឲ្យ​នាំគ្នា​លេង​កីឡា ដែល​អាច​ឲ្យ​សិស្ស ទទួលបាន​នូវ​សុខភាព​ល្អ មាន​ទំនាក់ទំនង មាន​មេត្រីភាព និង​មាន​សាមគ្គីភាព ព្រមទាំង​ដើម្បី​ជៀស​ឲ្យ​ផុត ពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​សុខភាព បោះបង់​ការសិក្សា កើតមាន​អំពើហិង្សា លួច​ឆក់​ប្លន់ ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ ដល់​សង្គម និង​ធ្វើ​ឲ្យ​បាត់បង់ នូវ​កម្លាំង​ធនធានមនុស្ស ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ព្រមទាំង​បណ្តាល​ឲ្យ​ប៉ះពាល់ ដល់​កំណើន​សេដ្ឋកិច្ចជាតិ ទៀតផង ។

​លោក​បាន​បន្តថាៈ ការប្រកួត​ជាមួយគ្នា មិនមែន​ចាំតែ​មាឌធំ​នោះទេ កីឡា​ត្រូវ​លេង ទៅតាម​លក្ខណៈ​បច្ចេកទេស សីលធម៌ យុត្ដិធម៌ និង​ប្រកបដោយ​ឆន្ទៈ​មុតមាំ ហើយ​ចេះ គោរព ដៃគូ​ប្រកួត​របស់ខ្លួន ព្រោះ​ការប្រកួត ត្រូវគោរព​តាម​បទបញ្ជាផ្ទៃក្នុង ធ្វើកា​រួបរួមគ្នា សាមគ្គី​គ្នា ឈ្នះ​ដោយ​កិត្តិយស ចាញ់​ដោយ​កិត្តិយស ហើយ​ក្នុងនាម​ជា​យុវជន​ម្នាក់ៗ ត្រូវមាន​ជំនាញ​កីឡា មួយ​ប្រភេទ យ៉ាងតិច​ប្រចាំជីវិត​។​

​លោក ចាន់ តារា បាន​ផ្តាំផ្ញើ​ដល់ កីឡាករ​ទាំងអស់ ត្រូវ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​គ្រឿង ញឿ​ន វា​បំផ្លាញ​អនាគត​របស់​យើង ត្រូវគោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវខិតខំ​រៀនសូត្រ ដើម្បីឱ្យ​ក្លាយជា​ពលរដ្ឋ​ល្អ ក្នុង​ការបម្រើ​សង្គមជាតិ និង​បន្ត​ចូលរួម​អនុវត្ត នូវ​វិធានការ «៣​កុំ និង​៣​ការពារ​» ឱ្យបាន​គ្រប់ៗ​គ្នា​។​

​លោក ឃឹម សេង ប្រធានការិយាល័យ​កីឡា នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ធំ បានបញ្ជាក់​ថាៈ ដោយ​អនុវត្តតាម​លិខិត​លេខ ៨១៦ អយក​.​រព​កឡ ចុះ​ថ្ងៃទី​ខែកុម្ភៈ ឆ្នាំ ២០២២ ស្តីពី​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា និស្សិត និង​មធ្យមសិក្សា បច្ចេកទេស និង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ របស់​ក្រសួង​អប់រំ យុវជន និ​កីឡា ។

​ក្នុងនោះ មន្ទីរអប់រំ យុវជន និង​កីឡា បានរៀបចំ​ធ្វើការ​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំខេត្ត ដែលមាន​កីឡាករ សរុប​ចំនួន ៥៨៧ នាក់ ស្រី ៣០០​នាក់ ក្នុងនោះ​មាន ១.​កីឡាបាល់ទាត់ មាន ១៤​ក្រុម កីឡាករ​បុរស ១២៦​នាក់ ស្រី​១២៦​នាក់ – ២.​កីឡាបាល់ទះ មាន​១៥​ក្រុម កីឡាករ​បុរស ៩៥​នាក់ ស្រី ៨៤​នាក់ – ៣.​កីឡាបាល់បោះ មាន​៤​ក្រុម កីឡាករ​បុរស ១២​នាក់ ស្រី ៣៦​នាក់ ៤.​កីឡាអត្តពលកម្ម មាន​១៤​ក្រុម កីឡាករ​បុរស ៤២​នាក់ ស្រី​៤២​នាក់ – ៥.​កីឡា​ប៉េតង់ មាន ៦​ក្រុម កីឡាករ​បុរស ១២​នាក់​ស្រី ១២​នាក់​។

​ជា​លទ្ធផល​ផ្នែក​កីឡា​ក្រុម​បាល់បោះ​នារី បាន​ទៅលើ​ក្រុង​ស្ទឹងសែន -​បាល់បោះ​បុរស បាន​ទៅលើ​ក្រុង​ស្ទឹងសែន -​បាល់ទះ​នារី បាន​ទៅលើ​ស្រុក​សន្ទុក -​បាល់ទះ​បុរស បាន​ទៅលើ​ស្រុក​ស្ទោង -​បាល់ទាត់​នារី បាន​ទៅលើ​ក្រុង​ស្ទឹងសែន -​បាល់ទាត់​បុរស បាន​ទៅលើ​ស្រុក​តាំងគោក ។ ផ្នែក​កីឡា​ប៉េតង់ -​វាយ​ទោល​នារី បាន​ទៅលើ​វិទ្យាល័យ​កំពង់ធំ ក្រុង​ស្ទឹងសែន -​វាយ​ទោល​បុរស បាន​ទៅលើ​វិទ្យាល័យ​កំពង់ធំ ក្រុង​ស្ទឹងសែន ៣​នាក់​ទល់​និង​៣​នាក់​នារី បាន​ទៅលើ​វិទ្យាល័យ​កំពង់ធំ ក្រុង​ស្ទឹងសែន -៣​នាក់ ទល់​និង​៣​នាក់​បុរស បាន​ទៅលើ​វិទ្យាល័យ​កំពង់ធំ ក្រុង​ស្ទឹងសែន ៕/V​