ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
កាម
នាមសព្ទ
( បា. ) សេចក្ដីប្រាថ្នា, ចំណង់; ទ្រព្យសម្បត្តិ និងកិលេសដែលសត្វតែងប្រាថ្នា។ សព្ទនេះប្រើជាបទសមាសបានជាអនេក; បើរៀងពីខាងដើមសព្ទដទៃ អ.ថ. កាម៉ៈ ដូចជា កាមគុណ, កាមតណ្ហា ជាដើម ។ កាមគុណ ដំណើរចំរើននៃសេចក្តីប្រាថ្នានូវអារម្មណ៍ទាំង ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ។ កាមច្ឆន្ទៈ ( កាម-ម៉ាច់-ឆាន់-ទៈ ) សេចក្ដីពេញចិត្តក្នុងកាម ។ កាមតណ្ហា ចំណង់ចំពោះកាម, សេចក្តីប្រាថ្នាមិនចេះចប់ក្នុងកាម ។ កាមទុក្ខ សេចក្ដីលំបាកក្នុងកាម, ទុក្ខដែលកើតឡើងព្រោះកាម ។ កាមបង្កៈ (—បុ័ង-កៈ ) ភក់គឺកាម ឬ កាមដូចជាភក់ ។ កាមបរិឡាហៈ (—ប៉ៈ-រិ-ឡា-ហៈ ) សេចក្តីក្តៅក្រហាយ, រោលរាល, អន្ទះអន្ទែងព្រោះកាម ។ កាមភព ភពគឺកាម ឬ ភពដែលប្រកបដោយកាមគុណទាំង ៥, បានដល់ភព ១១ គឺទេវលោក ៦, មនុស្សលោក ១, អបាយភូមិ ៤ ។ កាមភោគិសេយ្យា (—សៃ-យ៉ា ) ដំណេករបស់បុគ្គលអ្នកបរិភោគកាម ( អ្នកបរិភោគកាមច្រើនដេកផ្អៀងទៅខាងឆ្វេង ) តាមអដ្ឋកថា សុត្តន្តបិដក ។ កាមភោគី អ្នកបរិភោគកាម។ ឥត្ថី. កាមភោគិនី ។ កាមយោគ សេចក្តីប្រកប ឬ ព្យាយាមក្នុងកាម ។ កាមរាគ តម្រេកក្នុងកាម ។ កាមរាគានុស័យ កិលេសយ៉ាងល្អិត ដែលដិតត្រាំប្រចាំនៅក្នុងសន្តាន គឺកាមរាគ ។ កាមរោគ រោគកើតឡើងព្រោះកាម ។ កាមវិតក្ក (—វិ-តាក់-កៈ ) សេចក្តីត្រិះរិះក្នុងកាម ។ កាមវិយោគ ការព្រាត់ប្រាសនិរាសចាកកាម ។ កាមសិនេហៈ ឬ កាមស្នេហា សេចក្តីស្រឡាញ់ជក់ជាប់ស្អិតក្នុងកាម ។ កាមសុខ សុខក្នុងកាម ឬ សេចក្តីសប្បាយដែលកើតឡើងអំពីកាម ។ កាមសុខល្លិកានុយោគ ការប្រកបរឿយ ៗ ក្នុងកាមសុខ, ការប្រព្រឹត្តិជាប់ចិត្តចំពោះកាមសុខ ។ កាមាទីនវៈ (—ម៉ា-ទី-នៈ-វៈ ) ឬ កាមាទីនព (—នប់ ) ទោសនៃកាម, ទោសដែលកើតអំពីកាម ។ កាមារម្មណ៍ អារម្មណ៍គឺកាម ៦ យ៉ាងមានរូបារម្មណ៍ជាដើម ។ កាមាវចរ ឈ្មោះឋានសួគ៌ ៦ ជាន់ ឬ ឈ្មោះចិត្តដែលត្រាច់ទៅក្នុងកាមភព ឬ ដែលចុះស៊ប់កាន់កាមភព ។ កាមាសវៈ (—សៈ-វ៉ៈ ) អាសវៈគឺកាម ។ កាមុបាទាន (—ប៉ា—) សេចក្តីប្រកាន់មាំក្នុងកាម ។ កាមុម្មត្តកៈ ( កាម៉ុម-ម៉ាត់-តៈ-កៈ ) អ្នកឆ្កួតព្រោះកាម ឬដែលឆ្កួត, ដែលវក់ក្នុងកាម ។ កាមេសនា ការស្វែងរកកាម ។ កាមោឃៈ (—ឃៈ ) អន្លង់គឺកាម ឬ កាមដូចជាអន្លង់ ។ ល ។
កុន
នាមសព្ទ
កល, កលឧបាយ
ជាប់កុន, ដោះកុន, រួចពីកុន ។
ឈ្មោះល្បែងដែលលេងដោយទំនងកលឧបាយផ្សេងៗ
លេងកុន, ទៅមើលកុន ។ ពាក្យនេះខ្មែរហៅតាមសៀម ដែលសរសេរ “កល” តែអានថា “កុន” ខ្មែរយកពាក្យ កុន នេះមកប្រើ ក៏ទៅជាមានពាក្យពីរផ្សេងគ្នាគឺ កល ១ កុន ១ ( ម. ព. កល ) ។ ក្នុងសម័យបច្ចុប្បន្នខ្មែរយើងហៅ ភាពយន្ត ។
កិរិយាសព្ទ
ខក ឬ ស្កុនដំណើរ ព្រោះដេកលក់ជ្រុលហួសវេលា
ខ្ញុំកុនដំណើរ ទៅមិនទាន់កប៉ាល់ ។
កើតក្ដី
នាមសព្ទ
នំបំពួនស្ករ ឬ នំផ្លែអាយ ។ ចាស់ ៗ តំណាលប្រាប់ថា នំនេះបានជាឈ្មោះថា នំកើតក្តី ផងដែរ ពីព្រោះក្នុងសម័យព្រេងនាយ នៅពេលមួយនោះ មានបុរសពីរនាក់បរិភោគនំបំពួនស្ករនេះក្នុងទីជិតគ្នា អង្គុយប្រទល់មុខគ្នា, បុរសម្នាក់ខាំនំនេះពាក់កណ្តាលមិនពមទាំងមូលទៅក្នុងមាត់ ទឹកស្ករក៏ធ្លាយបាញ់ឆ្វាចទៅចូលភ្នែកអ្នកម្ខាង, កើតជាជម្លោះដាល់តប់គ្នា រហូតដល់កើតក្តីប្តឹងចៅក្រម . . . ចៅក្រមក៏ហៅនំនេះថា នំកើតក្តី, ឈ្មោះនំនេះក៏កើតមានតាំងពីកាលនោះមក ។ នេះជាប្រវត្តិដែលចាស់ ៗ បានតំណាលប្រាប់ ប៉ុន្តែពុំប្រាកដថា នំកើតក្តី នេះកើតមានក្នុងសម័យណាទេ ។ ម. ព. បំពួនស្ករ និង ផ្លែអាយ ទៀតផង ព្រោះជាឈ្មោះនំតែមួយប្រភេទនេះឯង ។
កោសេយ្យពស្ត្រ
(—យ៉ៈ-ព័ស)
នាមសព្ទ
( សំ. កៅសេយវស្ត្រ; បា. កោសេយ្យវត្ថ ) សំពត់សូត្រ, ព្រែ ។ ដែលហៅ កោសេយ្យភស្ត្រ នេះជាសំដីក្លាយពីសៀមព្រោះសៀមសរសេរ ព័សតរ៍ គេអានតាមនិរុត្តិរបស់គេថា ផ័ត; ឯខ្មែរយើងសរសេរ ពស្ត្រ អានតាមនិរុត្តិរបស់យើងថា ពាស់ ប៉ុន្តែដោយយើងថាតាមនិរុត្តិសៀម, ថាមិនដូចសៀមទៅទៀត ក៏ក្លាយសំឡេងថា ភាស់ , ត្រូវថា ព័ស្ត្រ ( ពាស់ ) ទើបត្រឹមត្រូវតាមនិរុត្តិខ្មែរ, ដូចជា ព័ស្តុភារ ដែរ យើងត្រូវសរសេរ ត្រូវថា ព័ស្តុភារ កុំថា ភ័ស្តុភារ ។ ល ។
កំនួច
នាមសព្ទ
ជាពាក្យដែលបានប្រាប់ហើយថា គួរឈប់លែងប្រើ ព្រោះបានសរសេរជា កំណួច វិញ ។