ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ខឹង​

​កិរិយាសព្ទ​

​កម្រើកចិត្ត​ដោយ​ទោមនស្ស ព្រោះ​មាន​អារម្មណ៍​មិន​គាប់ចិត្ត មក​ប៉ះពាល់​ត្រូវ​ទ្វារ​ទាំង​៦ មាន​ចក្ខុទ្វារ​ជាដើម នាំ​ឲ្យ​ក្តួលក្តៅ​ចិត្ត​ឡើង ។​

​នាមសព្ទ​

​រង្វាល់​តូច​ចុះ​ពី​កន្តាំង​តូច​មក​
​អង្ករ​មួយ​ខឹង ។ ម​. ព​. ខ្ញឹង ផង ។​

​ខេមរៈ​

(​ខេ​ម៉ៈ រ៉ៈ​)

​នាមសព្ទ​

​ខ្មែរ​; ( ពាក្យ​នេះ​មាន​ទំនងជា​បាលី​ភាសា​ដែល​ប្រែ​ថា “​មនុស្ស​មាន​សេចក្ដី​ក្សេម​” មក​អំពី​វិគ្គហៈ​ថា ” ខេ​មំ យស្ស អ​ត្ថី​តិ ខេ​ម​រោ​” ឬ ជា​ពហុវចនៈ​ថា “​ខេ​មំ យេ​សម​ត្ថី​តិ ខេមរា​”; ប៉ុន្តែ​នឹង​ពោល​ឲ្យ​ប្រាកដថា បានជា​ហៅ “​ខេមរៈៗ​” នោះ ពីព្រោះ​ប្រែ​ថា មាន​សេចក្ដី​ក្សេម ដូច្នេះ​ក៏​អាច​ដឹង​ប្រាកដ​ពុំបាន ព្រោះ​ក្នុង​សិលាចារឹក​បុរាណ សរសេរ “​ក្មែរ​” ក៏មាន ។​

​ខ័ឌ្គ​

(​ខាត់​)

​នាមសព្ទ​

( សំ​. ខ​ឌ្គ​, បា​. ខគ្គ ) គ្រឿង​សស្ត្រា​មួយ​ប្រភេទ ផ្លែ​មានមុខ​ទាំងពីរ​ខាង មាន​សណ្ឋាន​ដូច​ផ្លែ​លំពែង ប៉ុន្តែ​ធំ​វែង​ជាង​ផ្លែ​លំពែង ដង​ខ្លី​ច្រើនជាង​ដង​លំពែង មាន​ស្រោម​សម្រាប់​ស៊កសៀត​ចង្កេះ​បាន ដោយមាន​ខ្សែ​ចង​ស្រាក់​ភ្ជាប់​នឹង​ស្រោម​នោះ​; ខ្មែរ​ហៅ​គ្រឿង​សស្ត្រា​នេះ តាម​សំនៀង​សៀម​ថា ខ័ន ( ព្រះខ័ន ឬ ព្រះខាន់ ) ព្រោះ​សៀម​សរសេរ​ខរ​រ​គ៍ ( អ​. ថ​. ខា៎ន់ ) ដោយ​បំប្លែង​អំពី​ពាក្យ​សំស្ក្រឹត​ថា ខ​ឌ្គ ។ យើង​ហៅថា ព្រះខ័ន យូរណាស់​ហើយ​
​ព្រះខ័នរាជ្យ​, មន្ទីរ​ព្រះខ័ន ឬ ហោព្រះ​ខ័ន ។ យើង​សរសេរ​ជា ព្រះខាន់​ក៏បាន ។ ប៉ុន្តែ​បើ​ពួក​កវី​ខ្មែរ ត្រូវ​ការប្រើ​ក្នុងការ​តែង​កាព្យ​ប្រើពាក្យ ខ័ឌ្គ ឬ​ព្រះ​ខ័ឌ្គ តាម​សម្ផស្ស​កាព្យ​ដែល​ចាប់​ជួន​គ្នា​ខ្លះ​វិញ ក៏​អាច​ប្រើ​បាន ព្រោះ​យើង​មាន​ពាក្យ ខ័ឌ្គ ក្នុង​វចនានុក្រម​ខ្មែរ​របស់​ប្រទេស​យើង​ហើយ ។ យើង​តែង​កាព្យ​ល្បង​មើលថា ព្រហ្ម​ទ​ត្ត​មហាក្សត្រិយ៍ ទត​ឃើញ​ព្រះ​ខ័ឌ្គ នៅ​ដៃ​កុមារ ឈ្មោះ​ទីឃា​វុ ដូចនឹង​ប្រហារ លុះ​ទ្រង់​ជ្រាប​ការណ៍ ទើប​ក្សាន្ត​ព្រះទ័យ​។ … ( ថ្លែង​ពី​រឿង​ព្រះបាទ​ព្រហ្ម​ទ​ត្ត​និង​ទីឃា​វុ​កុមារ ក្នុង​ទីឃា​វុ​កុមារ​ជាតក ) ។​

ខ្យង​

​នាមសព្ទ​

​ឈ្មោះ​សត្វ​សន្តាន​នឹង​ស័ង្ខ សំបក​សន្ដាន​ខ្ចៅ​តែ​រូប​ធំ​ជាង​ខ្ចៅ​ជាង​គ្រែង ខ្លះ​មាន​ពុកមាត់​, ខ្លះ​គូទ​ស្រួច​, ខ្លះ​ទាល​; គូទ​ស្រួច​ហៅ ខ្យងគូទស្រួច​, គូទ​ទាល​ហៅថា ខ្យងគូទទាល​, មាន​ទឹកជា​លំនៅ​ខ្លះ​, នៅលើ​គោក​ខ្លះ ។ ស្រុក​ខ្លះ​ហៅ ខ្ច​ង ព្រោះ​គេ​យល់ថា​គូ​នឹង ខ្ចៅ​, គេ​និយាយថា ខ្ច​ង​ខ្ចៅ​, ប៉ុន្ដែ​តាមពិត ខ្យង នេះ​ប្រើ​មក​យូរណាស់​ហើយ ។​

​ខ្យល់​

​នាមសព្ទ​

​សភាវៈ​ដែល​បក់​, ដែល​ផាត់​ទៅមក​តាម​ធម្មតា​លោក គឺ​រំជួល​អាកាស ។ ខ្យល់ចាប់ គឺ​ធាតុ​ក្នុង​ខ្លួន​មិន​ស្រួល​ស្លាក់​ខ្យល់​រត់​មិន​សព្វ​នាំ​ឲ្យ​វិលមុខ​បែកញើស ត្រជាក់​ខ្លួន ។ ខ្យល់គរ គឺ​ខ្យល់ចាប់​ធ្ងន់​បាត់ស្មារតី​ដូច​មនុស្ស​ស្លាប់ ។ ពាក្យ​នេះ ស្រុក​ខ្លះ​ហៅ ខ្ចរ ( អ​. ថ​. ខ្ច​ល់ ) ។ បើ​ហៅ​ដូច្នេះ ដូចជា​មានន័យ​សម​ដែរ ព្រោះ​មកពី​ភាសា សំ​. បា​. “​ខ​ចរ ប្រែ​ថា សភាវៈ​ឬ​ដំណើរ​ទៅតាម​អាកាស​” ប៉ុន្តែ​យើង​កែ​ឲ្យ​ហៅ ខ្ចរ វិញ​ពុំ​កើត​ទេ ព្រោះ​យើង​ប្រើ​ជា ខ្យល់ មក​យូរហើយ ។​