​ដោយៈ​បាយ័ន​/​សៀមរាបៈ អាជ្ញាធរ​ជាតិ​ព្រះវិហារ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បានរៀបចំ​កិច្ចប្រជុំពេញអង្គ​លើក​ទី​៧ នៃ​គណ​:​ក​ម្មា​ធិ​ការសម្របសម្រួល​អន្តរ​ជាតិ​សម្រាប់​ការអភិរក្ស និង​ការលើកតម្លៃ​ប្រាសាទព្រះវិហារ ហៅ​កាត់​ថា (ICC-Preah Vihear) នៅ​ខេត្តសៀមរាប ។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២២ ដោយ​ធ្វើការ​ប្រជុំ​ផ្ទាល់ និង​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​រួមគ្នា ក្រោម​អធិបតីភាព លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:​។ កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ លោកស្រី Devyani Uttam Khobragade អគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា និង​ជា​សហប្រធាន​ឥណ្ឌា និង​លោកស្រី Guo Wei អនុប្រធាន​ផ្នែក​វិទ្យាសាស្ត្រ និង​វប្បធម៌ នៃ​គណ​:​កម្ម​ការ​ជាតិ​យូណេស្កូ​ចិន និង​ជា​សហប្រធាន នៃ​ប្រទេស​ចិន រួមជាមួយ​តំណាង​ប្រទេស​ជា​សមាជិក​ចំនួន ៤​ទៀត រួមមាន ប៊ែ​ល​ហ្សិ​ក ជប៉ុន ថៃ និង​សហរដ្ឋអាមេរិក ព្រមទាំង​ការចូលរួម​ពី​អ្នកជំនាញការ​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ផងដែរ​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន បាន​បង្ហាញថា ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព នៃ​ការងារ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​បេតិកភណ្ឌ​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ ដែល​បាន​អនុវត្ត​ក្នុង​រយ​:​ពេល ៦​ខែ​កន្លងមក និង​ការស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​តាម​ការចាំបាច់​។​ជាមួយគ្នា​នោះដែរ កិច្ចប្រជុំពេញអង្គ​លើក​ទី​៧ នៃ ICC-Preah Vihear បាន​ផ្តោតជាសំខាន់​លើ​ការងារ​មួយចំនួន រួមមាន ផែនការ​ការងារ​អភិរក្ស​គោ​បុ​រ​:​ទី ៥ នៃ​ប្រាសាទព្រះវិហារ ដោយ​អ្នកជំនាញការ​ឥណ្ឌា ។ ការងារ​ជួសជុល​ស្ពាន​ហាល​នៅ​ចន្លោះ​គោ​បុ​រ​:​ទី​៤ និង​ទី​៥ នៃ​ប្រាសាទព្រះវិហារ​។ ការងារ​ជួសជុល​ជណ្តើរ​បុរាណ​ខាងជើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី​មូលនិធិ​ទូត សម្រាប់​ការអភិរក្ស​វប្បធម៌​របស់​សហរដ្ឋ​អាមេរិក​។ ការងារ​អភិរក្ស​ប្រាសាទ​ដងទង់ ប្រាសាទ​តា​មែន ប្រាសាទធំ ប្រាសាទ​ចិន ប្រាសាទក្រចាប់ និង​ប្រាសាទអណ្ដូង​គុក ក្នុង​តំបន់​បេតិកភណ្ឌ​ប្រាសាទ​កោះ​កេរ​។ ការងារ​កំណាយ​បុរាណ នៅ​ប្រាសាទ​ថ្មបាយក្រៀម ប្រាសាទក្រចាប់ និង​ប្រាសាទ​ចិន ក្នុង​តំបន់​បេតិកភណ្ឌ​ប្រាសាទ​កោះ​កេរ​។ ការងារ​អភិវឌ្ឍ​ធនធានទឹក​នៅ​តំបន់​បេតិកភណ្ឌ​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ​។ ផែនការ​គ្រប់គ្រង​ទេសចរណ៍ ក្នុង​តំបន់​បេតិកភណ្ឌ​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ​។​

​នៅមុន​កិច្ចប្រជុំពេញអង្គ​លើក​ទី ៧​នេះ អ្នកជំនាញការ​អន្តរជាតិ ICC ព្រះវិហារ​បាន​បំពេញ​ទស្សនកិច្ច​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​បេតិកភណ្ឌ​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ ចំនួន​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ ដើម្បី​តាមដាន និង​វាយតម្លៃ​ការងារ​អភិរក្ស ដែល​អនុវត្ត​ដោយ​អ្នកជំនាញការ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​។

​អ្នកជំនាញការ​អន្តរជាតិ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អ្នកជំនាញការ​ខ្មែរ ដែល​បាន​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ទោះ​ស្ថិតក្នុង​ស្ថានការណ៍​លំបាក​ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ -១៩​ក្តី ៕​