ដោយៈ មេសា / ភ្នំពេញៈ តាមរយៈ​ការស្រាវជ្រាវ​ថ្មី​មួយ បាន​បង្ហាញថា ក្រុមហ៊ុន​ថ្នាំជក់ នៅតែ​បន្ត​ប្រើប្រាស់ យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ខុសច្បាប់ ទៅកាន់​ក្រុម​គោលដៅ ដែលជា​យុវជន ក្នុងប្រទេស​កម្ពុជា​។

​ការស្រាវជ្រាវ​នេះ ធ្វើឡើង​ក្រោម​ការសហការ ពី​អ្នកស្រាវជ្រាវ មកពី​សាកល វិទ្យាល័យ Dearkin នៅ​ប្រទេស​អូស្ត្រាលី ជាមួយនឹង​អង្គការ​ចលនា ដើម្បី សុខភាព​កម្ពុជា ដែលជា​អង្គការ ធ្វើ​ការងារ​ទាក់ទង​នឹង​សុខភាព​សាធារណៈ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការស្រាវជ្រាវ​នេះ បាន​បង្ហាញថា ជាង​ពាក់កណ្ដាល​នៃ​សំណាក​នៅក្នុង​ការ ស្រាវជ្រាវ​នេះ បាន​រំលឹក​ពី​យុទ្ធសាស្ត្រ​ផ្សាយពាណិជ្ជកម្ម​ខុសច្បាប់​របស់ ក្រុមហ៊ុន​ថ្នាំជក់​នៅក្នុង​ប្រទេស​កម្ពុ​ជា រួមបញ្ចូល​ទាំង​ការផ្សាយពាណិជ្ជកម្ម នៅតាម​តូប​លក់រាយ និង​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​។

​អ្នកចូលរួម​នៅក្នុង​ការស្រាវជ្រាវ​នេះ ក៏បាន​បន្ថែមថាៈ តំណាង​ក្រុមហ៊ុន​ថ្នាំជក់ បាន​ទៅ​ជួប ទំនាក់ទំនង ជាមួយ​ពួកគេ ដើម្បី​ផ្តល់​បារី និង​ទំនិញ ដោយ​ឥត​គិត ថ្លៃ​ផ្សេងៗ​ទៀត​។ មិន​តែ ប៉ុណ្ណោះ ពួកគេ​ក៏បាន​រៀបរាប់ ពី​ការផ្សព្វផ្សាយ​លក់ ជា​លក្ខណៈ​ឯកជន​ខុសច្បាប់ នៅតាម​ទីតាំង​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​នៅក្នុង​ហាង​កាហ្វេ ភោជនីយដ្ឋាន បារ សូម្បីតែ​នៅក្នុង​ព្រះរាជ​ពិធី បុណ្យអុំទូក និង ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​។​

​នៅក្រោម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ថ្នាំជក់ យុទ្ធសាស្ត្រ​ផ្សាយពាណិជ្ជកម្ម ថ្នាំជក់​ទាំងនេះ ត្រូវបាន​ហាមឃាត់ ក្នុងប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ ២០១៥ មកម្ល៉េះ​។ ផ្ទុយទៅវិញ ការស្រាវជ្រាវ​នេះ ផ្តល់​ភស្តុតាង​យ៉ាងច្បាស់​លាស់​ថា ក្រុមហ៊ុន​ថ្នាំជក់ នៅ​កម្ពុជា នៅតែ​បន្ត​បំពាន ច្បាប់​នេះ ជា​ញឹកញាប់ នៅតាម ទីកន្លែង​សាធារណៈ ទូទាំង​រាជធានី​ភ្នំពេញ​។ រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើឱ្យ ការកាត់បន្ថយ ការប្រើប្រាស់​ថ្នាំជក់ មាន​វឌ្ឍនភាព គួរឱ្យកត់សម្គាល់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​របស់​អង្គការសហប្រជាជាតិ ឆ្នាំ ២០១៩ បាន​ប៉ាន់ប្រមាណ​ថា ប្រជាជន​កម្ពុជា ប្រមាណ​ជា ១៥ ០០០ នាក់ បាន​ស្លាប់ ជា​រៀងរាល់ឆ្នាំ ដោយសារ​ការប្រើប្រាស់​ថ្នាំជក់ ជាមួយនឹង​ការចំណាយ​ប្រចាំឆ្នាំ ប្រហែល ៣ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ របស់​ប្រទេស ។ ការសិក្សា ក៏បាន​បង្ហាញ​ផងដែរ​ថា ការជក់បារី អាច​បង្កើន​ហានិភ័យ សុខភាព​ធ្ងន់ធ្ងរ ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ។​

​ដើម្បី​ដោះស្រាយ​បន្ទុក នៃ​ការប្រើប្រាស់​ថ្នាំជក់ មកលើ​ប្រជាជន​កម្ពុជា ការស្រាវជ្រាវ​ថ្មី​នេះ បានបង្ហាញ​ពី​សារៈសំខាន់ នៃ​ការបង្កើន​ការត្រួតពិនិត្យ និង​ការអនុវត្ត​ការ​រឹតបន្តឹង ការហាមឃាត់ ការផ្សាយពាណិជ្ជកម្ម និង​ការផ្សព្វផ្សាយ​ថ្នាំជក់ រួមទាំង​ការបង្កើន​ការ​ផាក ពិន័យ ចំពោះ​ក្រុមហ៊ុន​ថ្នាំជក់ ដែល​បន្ត​បំពាន​ច្បាប់​នៅ​កម្ពុជា​៕/V-PC