ដោយៈ​បញ្ញា​សាស្ត្រ​/​កំពង់ស្ពឺៈ​មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បានបញ្ជាក់​ដោយ​មោទកភាព​ថា​ទោះបី​កម្ពុជា​ស្ថិតក្នុង​កាលៈទេសៈ​ដ៏​លំបាក​ដែល​បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅតែ​រក្សា​នូវ ការរីកចម្រើន និង​បាន​បន្ត​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួមចំណែក​ស្តារ​និង​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ដដែល ក្នុង​បរិបទ​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។​

​លោក គិត សុវណ្ណារិទ្ធ​អគ្គនាយករង​ត្រួតពិនិត្យ​ទី​១ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​ចូលរួម​បើក សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​នៅ​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២​។​

​លោក​បានបង្ហាញ​អំណះអំណាង​ទៅកាន់​អ្នកចូលរួម​ថា​នៅក្នុង​ឆ្នាំ​២០២១​កន្លងទៅនេះ​ទំហំ​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ​និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​មាន​ប្រមាណ ៣៧,៣០ ទ្រី​លាន​រៀល (​ស្មើនឹង ៩,១៦ ប៊ី​លាន​ដុល្លារ​អាម៉េរិក​,១ប៊ី​លាន​ស្មើ​១.០០០​លាន​) ក្នុងនោះ​ប្រាក់កម្ចី​សរុប​មាន​ប្រមាណ ៣១,៩៦ ទ្រី​លាន​រៀល (​ស្មើនឹង ៧,៨៤​ប៊ី​លាន​ដុល្លារ​) ត្រូវបាន​ផ្តល់​ដល់​អតិ​ថិ​ជន​ជាង​១,៩៧​លាន​គណនី​និង​គណនី​ប្រាក់​បញ្ញើ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​មាន​ចំនួន​ជាង ២,៥៧ លាន​គណនី ដែលមាន​ទំហំ​ប្រាក់​បញ្ញើ​សរុប​ប្រមាណ ១៦,៨៤ ទ្រី​លាន​រៀល (​ស្មើនឹង ៤,១៣ ប៊ី​លាន​ដុល្លារ​)​។​

​លោក​បានចាត់ទុក​លទ្ធ​ផល​ដែល​សម្រេចបាន​នេះ គឺ​បានមកពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្រោម​ការគាំទ្រ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ការចូល​រួមសហការ​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​។

រូបថត៖លោក គិត សុវណ្ណារិទ្ធ​អគ្គនាយករង​ត្រួតពិនិត្យ​ទី​១ ធនាគារជាតិ​នៃ​កម្ពុជា

​លោក គិត សុវណ្ណារិទ្ធ បាន​គូស​បញ្ជាក់ទៀតថា បន្ថែម​ពី​តួនាទី​ជា​សារ​វ័​ន្ត​របស់ខ្លួន​ទៀត​នោះ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ក៏ បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កម្រិត​ប​រិ​យាប​ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ថែម​ទៀតផង​តាមរយៈ​ការកាត់បន្ថយ គម្លាត​នៃ​ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​រវាង​ប្រជាជន​ក្នុង​ទីប្រជុំជន​និង​ទីជនបទ​ដើម្បី​មានលទ្ធភាព​បំពេញតម្រូវការ​សេវា​ហិរញ្ញវត្ថុ​ទាន់ពេលវេលា​មានតម្លៃ​សមរម្យ​និង​មាន​កិច្ច​គាំពារ​តាមផ្លូវ​ច្បាប់​ចំពោះ​ប្រជាជន​នៅតាម​តំបន់​ដាច់ស្រយាល​ដែល​ពុំមាន​ប្រតិបត្តិការ​ធនាគារ​ទៅដល់​នោះ​។​ប៉ុន្តែ​ទោះបី​វិស័យ​មីក្រូហិរញ្ញវត្ថុ​កន្លងមក​ការរីកចម្រើន​ពិតមែនតែ វិស័យនេះ​ក៏​នៅមាន​ការប្រឈមមុខ​នឹង​បញ្ហា​ចម្បងៗ​មួយចំនួន​ដែរ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ពី​គ្រប់​អ្នកពាក់ព័ន្ធ​ការបន្ត​ជួយ​ផ្សព្វផ្សាយ​និង​អប់រំ​ប្រជាជន​ឲ្យ​ខ្ចីប្រាក់​តែ​ពី​គ្រឹះស្ថាន​ស្របច្បាប់​ព្រមទាំង​ប្រើប្រាស់​ប្រាក់កម្ចី​នោះ​ឲ្យ​ចំ​គោលដៅ​និង​គោរព​តាម​កាតព្វកិច្ច​សង​។​ជាក់ស្ដែង​ដូច​តាមរយៈ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​«​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​នាពេលនេះ​ជាដើម ដើម្បី​កុំ​ឲ្យ​ប្រជាជន​រងគ្រោះ​និង​ជាប់បំណុល​វ័ណ្ឌក ពី​ការកេងប្រវ័ញ្ច​នានា​ពី​ក្រុម​ឈ្មួញ​ក្រៅ​ប្រព័ន្ធ។​

​លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បាន​បញ្ជាក់ថា​ស្របតាម​ការអំពាវនាវ​របស់ រាជរដ្ឋាភិបាល​និង​ធនាគារជាតិ​នៃ​កម្ពុជា សមាជិក​របស់​សមាគម​ទាំង ១២១ គ្រឹះស្ថាន​បានបង្ហាញ​នូវ​ការប្តេជ្ញា​ចិត្តនឹង ដោះស្រាយ​បញ្ហា​ជាមួយ​អតិថិជន​ប្រកបដោយ​ភាពទន់ភ្លន់ និង​ឈ្នះ​-​ឈ្នះ​ជាពិសេស​ក្នុងអំឡុងពេល​ដ៏​លំបាក​ដោយសារ ផលប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​១៩​ផងដែរ​។​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ទាំងនេះ ក៏បាន​ដាក់​ទិសដៅ​រួមមួយ​ស្រាប់​អតិថិជន​របស់ ឲ្យ​ខ្លួន​ទទួលបាន​យោគ​ជ័យ និង​បន្ត​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ប្រកាន់យក​នូវ​គោលការណ៍ មួយ​គឺ​«​ភាពជោគជ័យ​របស់​អតិថិជន ទើប​ជា​ភាពជោគជ័យ​ពិតប្រាកដ​របស់​គ្រឹះស្ថាន​»៕​សរន​