​ដោយៈ ដេប៉ូ / ត្បូងឃ្មុំៈ លោក អ៊ាង សុផល្លែត ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បាន​គូសបញ្ជាក់ថាៈ វីរៈភាព​របស់​ពុក ម៉ែ បងប្អូន​ទាំងអស់ គឺ​បានផ្តល់​សេចក្តីសុខ ដល់​ក្មេងៗ​ជំនាន់​ក្រោយ និង​ជា​កម្លាំងចិត្ត​ជំរុញ ឱ្យ​ពួកគាត់​ចូលរួម​ការពារ​សន្តិភាព ។​

​ការ​ថ្លែង​របស់លោក អ៊ាង សុផល្លែត បែបនេះ ធ្វើឡើង​ក្នុងពេល​ជួប​សំណេះសំណាល ជាមួយ​និវត្តជន ដែលជា​អតីតយុទ្ធជន នគរបាល មន្ត្រីរាជការ​ស៊ីវិល នៅក្នុង​មូលដ្ឋាន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ ដោយមាន​ការចូលរួម​ពី សមាជិក​-​សមាជិកា ជាច្រើន​នាក់ ។​

​ក្នុង​ពិធី​នេះ លោក អ៊ាង សុផល្លែត បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​ថ្នាក់ដឹកនាំ របស់​រាជរដ្ឋាភិបាល ដែល​តែងតែបាន​គិតគូរ​ពី​សុខទុក្ខ និង​ការលំបាក​របស់​ប្រជាពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ និង​គ្រប់​មូលដ្ឋាន​ទូទាំងប្រទេស ពិសេស​ចាត់​មន្ត្រី​គណបក្ស ចុះ​ជាប់ ជាប្រចាំ ។​

​លោក​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ បានបញ្ជាក់​បន្ថែមថាៈ ការជួប​សំណេះសំណាល នៅថ្ងៃនេះ គឺជា​ការដឹងគុណ ចំពោះ​ពុក ម៉ែ បងប្អូន ដែល​បាន លះបង់ កម្លាំងកាយ​ចិត្ត អាយុជីវិត ចូលរួម​បម្រើ​ជាតិ​មាតុភូមិ នាពេល​កន្លងមក ឱ្យទទួល​បាន សុខសន្តិភាព រហូតមកដល់​ពេលបច្ចុប្បន្ន ដែល​នេះ​ជា​គំរូ​វីរៈភាព​ដ៏​អស្ចារ្យ​សម្រាប់​យុវជន ជំនាន់​ក្រោយ ជំ​រុញឱ្យ​ពួកគាត់ យល់ច្បាស់​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ ចូលរួម​សកម្មភាព កិច្ចការ​នានា បម្រើ​ដល់​សង្គមជាតិ ការពារ​សន្តិភាព និង​គាំទ្រ​សម្តេច​តេ​ជោ ជា​បេក្ខភាព នាយករដ្ឋមន្ត្រី នៅ​អាណត្តិ​បន្តបន្ទាប់ និង​លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព នាយករដ្ឋមន្ត្រី​កម្ពុជា នាពេល​អនាគត​៕/V