ដោយៈ សុផល / ភ្នំពេញ​: កម្មវិធី​អប់រំ​ថ្មី​មួយ ក្រោម​មូលនិធិ​គាំទ្រ ពី​រដ្ឋាភិបាល​សហរដ្ឋ អាមេរិក ដែលមាន​ទឹកប្រាក់ ចំនួន ២៥ លាន​ដុល្លារ សម្រាប់​ជួយ​បង្កើន​បទពិសោធន៍​អំ​ណាន និង​ការសិក្សា​របស់​សិស្ស នៅ​កម្រិត​បឋមសិក្សា នៅ​កម្ពុជា​នោះ ត្រូវបាន​ដាក់ឱ្យអនុវត្ត ជា​ផ្លូវការ នា​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ នេះ នៅ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក​បណ្ឌិត សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា និង​លោកស្រី Nancy J. Eslick នាយិកា​បេសកកម្ម នៃ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ។​

​គម្រោង​អប់រំ​បរិ​យាប​ន្ន នៅ​បឋមសិក្សា (IPEA) ជួយ​បង្កើន ដល់​សមិទ្ធផល​មុនៗ របស់ ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID គាំទ្រ​លើ​អំ​ណាន​កម្រិត​ថ្នាក់ដំបូង ដែល​គេ​ស្គាល់​ថា​ជា «​គម្រោង​គាំទ្រ​អំ​ណាន​ភាសា​ខ្មែរ​កម្រិត​ថ្នាក់ដំបូង​»​។ គម្រោង​អប់រំ​បរិ​យាប​ន្ន ថ្នាក់បឋមសិក្សា (IPEA) នឹងធ្វើ​ការរួម​គ្នា​ជាមួយ ដៃគូ​ពាក់ព័ន្ធ ក្នុង​វិស័យ​អប់រំ​នៅ ទូទាំងប្រទេស​កម្ពុជា ដើម្បី​បង្កើន​បំ​ណិ​ន អក្ខរកម្ម​មូលដ្ឋាន របស់​កុមារ តាមរយៈ​កម្មវិធី​កុមារ​រៀន កុមារ​ចេះ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy បាន​មានប្រសាសន៍ថាៈ «​កុមារ នៅថ្ងៃនេះ គឺជា​អ្នកដឹកនាំ នៅ​ថ្ងៃ​អនាគត​» ហើយ​យើង​មាន​មោទកភាព ក្នុងការ​គាំទ្រ​ដល់​កុមារ​កម្ពុជា តាមរយៈ​ឧបករណ៍​សិក្សា ដែល​នឹង​ជួយ​កុមារ ឱ្យ​ពូកែ​ឆ្នើម ក្នុង​ពិភពលោក ដែល​កាន់តែ​សម្បូរ បែប និង​មាន​ប្រទាក់ក្រឡា​គ្នា​យ៉ាង​ស្មុគស្មាញ​នេះ​»​។ «​យើង​មាន​ទំនុកចិត្ត​ថា កិច្ចសហការ របស់​យើង លើ​កម្មវិធី កុមារ​រៀន​កុមារ​ចេះ នឹង​ផ្តល់​អត្ថប្រយោជន៍ យ៉ាង​ទូលំទូលាយ ដល់​សិស្សានុសិស្ស ក៏ដូចជា​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ទាំងមូល​ផងដែរ​»​។​

​កម្មវិធី កុមារ​រៀន​កុមារ​ចេះ រួមមាន កញ្ចប់​អំ​ណាន​ភាសា​ខ្មែរ ដែល​បាន​បង្កើតឡើង ប្រកបដោយ​សុ​ខុ​ដុម​ប​នីយកម្ម ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID សម្រាប់​ប្រើប្រាស់ នៅ​ទូទាំងប្រទេស​។ រហូតមកដល់​បច្ចុប្បន្ន​នេះ គ្រូបង្រៀន​ប្រមាណ ៦.៥០០ នាក់ ទទួលបាន ការបណ្តុះបណ្តាល លើ​ការប្រើប្រាស់​សម្ភារ​អំ​ណាន ថ្នាក់​ទី​១ និង​ទី​២ រួមជាមួយ​នឹង​ម​ត្តេ​យ្យ កម្រិត​ខ្ពស់ ដែលជា​ផ្នែក​មួយ នៃ​ភាពជា​ដៃគូ រវាង​ក្រសួង​អប់រំ យុវជន និង កីឡា ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID និង​ភាពជា​ដៃគូ​សកល សម្រាប់​ការអប់រំ (GPE)​។ គ្រូបង្រៀន ដែល​បានទទួល​ការបណ្តុះបណ្តាល បាន​អនុវត្ត​កម្មវិធី​អក្ខរកម្ម​ភាសា​ខ្មែរ និង​វិធីសាស្ត្រ​បង្រៀន​ថ្មី ក្រោម​កិច្ច​គាំទ្រ​ពី​គ្រូបង្វឹក​អំ​ណាន ដែលមាន​ជំនាញ ក្នុង​ខេត្ត ចំនួន​ប្រាំបី​។​

​លោក​បណ្ឌិត សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​មានប្រសាសន៍ថាៈ «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្នុង​រយៈពេល ៥ ឆ្នាំ ទៅមុខទៀត គម្រោង នឹង​បន្ត​ការជំរុញ និង​លើកកម្ពស់​ការសិក្សា នៅ​កម្រិត​ថ្នាក់ដំបូង ឱ្យមាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន និង​បន្ត​ការសម្របសម្រួល នៅក្នុង​វិស័យ ទាំងមូល ឱ្យ​រឹត​តែមាន​ប្រសិទ្ធភាព និង​ភាព​ស័​ក្ត​សិទ្ធ តាមរយៈ​ការពង្រឹង ការអនុវត្ត​កម្មវិធី កុមារ​រៀន​កុមារ​ចេះ នៅ​ទូទាំងប្រទេស ជាមួយនឹង​ការអនុវត្ត​កម្មវិធី​គាំទ្រ ថ្នាក់​អប់រំ​បរិ​យាប​ន្ន ផងដែរ​»​។​

​ដោយមាន​ការគាំទ្រ ពី​ភ្នាក់ងារ​ជំនួយ​អាមេរិក USAID កម្មវិធី​អំ​ណាន​បាន​ជួយ​ដល់​សិស្ស ប្រមាណ ២០០.០០០ នាក់ ប្រមាណ​ជា ៣២% នៃ​សិស្សសាលា​បឋមសិក្សា​រដ្ឋ ទូទាំងប្រទេស​។ លើសពីនេះ​ទៀត ដៃគូ​ពាក់ព័ន្ធ ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា បានធ្វើការ​រួមគ្នា ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការចែក​សម្ភារ​សិក្សា​តាម​ផ្ទះ ដល់​សិស្សានុសិស្ស និង​មាតាបិតា​សិស្ស ថ្នាក់​ទី​១ និង​ទី​២ នៅ​ទូទាំងប្រទេស ក្នុងអំឡុងពេល​បិទ​សាលារៀន កាលពី​ឆ្នាំ​កន្លងទៅ​។​

​គម្រោង​អប់រំ​បរិ​យាប​ន្ន នៅ​បឋមសិក្សា (IPEA) នឹង​បង្កើន​លើ​ភាពជោគជ័យ​ថ្មីៗ​នេះ តាមរយៈ​ការពង្រីក ការអនុវត្ត​ទៅ​ខេត្ត​ថ្មី បន្ថែមទៀត ដោយ​សហការ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ដៃគូ​នានា ដើម្បី​ឈានទៅ​កាន់ ការអនុវត្ត​ទូទាំងប្រទេស​។ ទន្ទឹមនឹង​ការ សហការ​ដោយផ្ទាល់ ជាមួយ​អង្គការ​ដៃគូ​ពាក់ព័ន្ធ ក្នុងការ​គាំទ្រ​ដល់ សាលា​អប់រំ ពិសេស គម្រោង​អប់រំ​បរិ​យាប​ន្ន​ថ្នាក់បឋមសិក្សា​(IPEA) នឹង​គាំទ្រ​ដល់​គ្រូបង្រៀន ដែល​កំពុង បង្រៀន កុមារ​គ​ថ្លង់ ឬ​មាន​កម្សោយ​ការ​ស្តាប់​៕/V​