ភ្នំពេញៈ​អ្នកសារព័ត៌មាន​ចំនួន ១៤ រូប នៅ ៥ សម័យកាល​ផ្សេងគ្នា ចាប់ពី​ទសវត្សរ៍​ឆ្នាំ ១៩៧០ រហូតដល់​ឆ្នាំ ២០១០ ត្រូវបាន​ជ្រើសរើស​ក្នុងការ​ផ្តល់នូវ «​ពានរង្វាន់​លើកទឹកចិត្ត​ចំពោះ​អ្នកសារព័ត៌មាន ៥ សម័យកាល​» ដើម្បី​លើកកម្ពស់​វិស័យ​សារព័ត៌​មាននៅ​កម្ពុជាដែល​ការផ្តល់​ពានរង្វាន់​នេះ​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ នៅ​សាលប្រជុំ​ក្រសួង​ព័ត៌មាន​។​

រូបថតពីឆ្វេងទៅស្តាំៈសម្រាប់​ទសវត្សរ៍​ឆ្នាំ​១៩៧០ មាន​៖​ ​លោក ជេ​ត សន និពន្ធ​នាយក​កាសែត ភ្នំពេញ​ថ្មី និង​ជា ប្រធាន​រដ្ឋបាល​ក្លិប​អ្នកកាសែត​កម្ពុជា​ ​លោក ព្រហ្ម សាយ និពន្ធ​នាយក​អរិយធម៌​ខ្មែរ​។

​កម្មវិធី​នេះ ត្រូវបាន​ផ្តួចផ្តើម​គំនិត​រៀបចំឡើង​ដោយ​ក្រសួង​ព័ត៌មាន ដើម្បី​ជាការ​រំឭក​ដល់​ការលះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ក៏ដូចជា​ការជំរុញ និង​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​ដែល​បាន​ចូលរួម​លើកកម្ពស់​វិស័យ​សារព័ត៌មាន នៅ​កម្ពុជា​ចាប់ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មកដល់​បច្ចុប្បន្ន​។​

​ជ័យលាភី​ទាំង​១៤​រូប​ត្រូវបាន​ជ្រើសរើស​ដោយ​គណៈ​កម្ម​ការ​ចំនួនប្រាំពីរ​រូប​ដោយផ្អែកលើ​គុណវុឌ្ឍិ​ការងារ ប្រវត្តិ​ការងារ ការបណ្តុះបណ្តាល និង​បំពេញការងារ​កន្លងមក​ទៅ តាម​សម័យកាល​នីមួយៗ​។

​នេះ​ជា​លើក​ទី ១ និង​ជា​ឆ្នាំ​ដំបូង ដែល​ក្រសួង​ព័ត៌មាន​បាន​បង្កើត​កម្ម​វិធី​នេះ​ឡើង ដោយ​ក្នុងនោះ​គណៈកម្មការ​រៀបចំ​កម្ម​វិធី មានការ​ជ្រើសរើស​អ្នកសារព័ត៌មាន ជាពិសេស​អ្នកសារព័ត៌មាន​ជើងចាស់ ដើម្បី​សិក្សា​អំពី​ប្រវត្តិ ស្នាដៃ​ការងារ និង​លក្ខណៈសម្បត្តិ ដាក់ជូន​គណៈកម្មការ​វាយតម្លៃ​ពិនិត្យ​។ នេះ​ជាការ​ថ្លែង​របស់លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ វាយតម្លៃ​ពិនិត្យ​អ្នកសារព័ត៌មាន​។​

​ការបង្កើត​កម្មវិធី​ផ្តល់​ពានរង្វាន់​នេះ​ឡើង គឺ​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ អ្នកសារព័ត៌មាន​ជើងចាស់​ទាំងអស់​ដែល​នៅតែ​បន្ត​ចូលរួម​ការងារជាមួយនឹង វិស័យ​សារព័ត៌មាន​នេះ​។ លោក​គូសបញ្ជាក់ថា​៖ «​ពានរង្វាន់​លើកទឹកចិត្ត​ចំពោះ អ្នកសារព័ត៌មាន​ផ្ដល់ជូន​ដល់​អ្នកសារព័ត៌មាន​នៅ​ក្នុង​ឆ្នាំ ១៩៧០ ឆ្នាំ ១៩៨០ ឆ្នាំ ១៩៩០ ឆ្នាំ ២០០០ និង​ឆ្នាំ ២០១០​។​»

​ថ្នាក់ដឹកនាំ​ក្រសួង​ព័​ត៌​នឹង​រៀបចំ​កម្មវិធី​នេះ​ជា​បន្តបន្ទាប់​ទៀត អាស្រ័យ​អ្នក​ឧបត្ថម្ភ​គាំទ្រ​។ ក្រសួង​មាន​ឆន្ទៈ រៀបចំ​កម្មវិធី​ពានរង្វាន់​នេះ រៀងរាល់ឆ្នាំ ដោយ​ជ្រើសរើស​ផ្តល់​ពាន​ឱ្យចំ​នឹង​ព្រឹត្តិការណ៍​របស់​ជាតិ ដូចជា​ថ្ងៃ​ជំនួប​អ្នកសារព័ត៌មាន ជាមួយនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ឬ​ថ្ងៃ​ទិវា​សេរីភាព​សារព័ត៌មាន​ជាដើម​។​
​អ្នកសារព័ត៌មាន​ចំនួន ១៤ រូប ដែល​ត្រូវបាន​ជ្រើសរើស​ផ្តល់​ពានរង្វាន់​លើកទឹកចិត្ត​នេះ​រួមមាន ៖
សម្រាប់​ទសវត្សរ៍​ឆ្នាំ​១៩៧០ មាន​៖
•​ ​លោក ជេ​ត សន និពន្ធ​នាយក​កាសែត ភ្នំពេញ​ថ្មី និង​ជា ប្រធាន​រដ្ឋបាល​ក្លិប​អ្នកកាសែត​កម្ពុជា​។
•​ ​លោក ព្រហ្ម សាយ និពន្ធ​នាយក​អរិយធម៌​ខ្មែរ​។

សម្រាប់​ទសវត្សរ៍​ឆ្នាំ ១៩៨០ មាន​៖
•​ ​លោក ទាវ សារៈ​មុនី និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា​។
•​ ​លោកស្រី ជា ស៊ុន​ដា​ណែ​ត អគ្គនាយិកា​វិទ្យុ FM102​។
•​ ​លោក ពេ​ជ ប៊ុន​រ៉ា និពន្ធ​នាយក​ទូរទស្សន៍​ហង្ស​មាស

សម្រាប់​ទសវត្សរ៍​ឆ្នាំ ១៩៩០ មាន​៖
•​ ​លោក ជុន សុផល អ្នកយកព័ត៌មាន​នៃ​ទស្សនា​វ​ដ្តី​អង្គរធំ​។​
•​ ​លោក សយ សុភាព អគ្គនាយក​សារព័ត៌មាន​ដើមអម្ពិល​។​
•​ ​លោក មឿ​ន ឈាន​ណា​រិ​ទ្ធ បណ្ណាធិការ​រង និង​ជា​អ្នកសរសេរ​អត្ថបទ​បែប​ពណ៌នា នៅ កាសែត​ខ្មែរ​-​ថា​ម​ស៍ និង​ជា​សាស្ត្រាចារ្យ​សារព័ត៌មាន នៃ​វិទ្យាស្ថាន​សារព័ត៌មាន​។

សម្រាប់​ឆ្នាំ ២០០០ មាន​៖
•​ ​លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា មន្ត្រី​ជំនាញ​ផ្នែក​សារព័ត៌​មាននៃ Internews ប្រចាំ​កម្ពុជា​។
•​ ​លោក លី ម៉េង​ហួរ អ្នកសារព័ត៌មាន​នៃ​ទូរទស្សន៍ PNN​។​

សម្រាប់​ទសវត្សរ៍​ឆ្នាំ ២០១០ មាន​៖
•​ ​លោក ផាក់ ស៊ា​ង​លី អ្នកសារព័ត៌មាន ផ្នែក​បរិស្ថាន និង​សង្គម នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ។​
•​ ​លោក មិន ម៉ៅ​- សំណាង អ្នកសារព័ត៌មាន​ទូរ​-​ទស្សន៍ PNN និង​ជា​តំណាង​បណ្តាញ អ្នកសារព័ត៌មាន​ផ្នែក​ទឹក និង​អនាម័យ​កម្ពុជា​។
•​ ​អ្នកស្រី ញឹក ស្រី​ល័​ក្ខ និពន្ធ​នាយិកា​សារព័ត៌មាន​ថ្មីៗ ២៥ រាជធានី​-​ខេត្ត​។​
•​ ​លោក វ៉ាន់ សារាយ អគ្គនាយករង​ផ្នែក ផ្សព្វផ្សាយ ព័ត៌មាន នៅ​អង្គភាព Fresh News ។

រូបថតពីឆ្វេងទៅស្តាំៈសម្រាប់​ទសវត្សរ៍​ឆ្នាំ ១៩៩០ មាន​៖ ​លោក ជុន សុផល អ្នកយកព័ត៌មាន​នៃ​ទស្សនា​វ​ដ្តី​អង្គរធំ​ ​លោក សយ សុភាព អគ្គនាយក​សារព័ត៌មាន​ដើមអម្ពិល​ ​លោក មឿ​ន ឈាន​ណា​រិ​ទ្ធ បណ្ណាធិការ​រង និង​ជា​អ្នកសរសេរ​អត្ថបទ​បែប​ពណ៌នា នៅ កាសែត​ខ្មែរ​-​ថា​ម​ស៍ និង​ជា​សាស្ត្រាចារ្យ​សារព័ត៌មាន នៃ​វិទ្យាស្ថាន​សារព័ត៌មាន​។

កម្មវិធី​ផ្តល់ «​ពានរង្វាន់​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន ៥​សម័យកាល​» នេះ បង្កើតឡើង​ដោយ​ក្រសួង​ព័ត៌មាន ដោយមាន​ការសហការ​រៀបចំ និង​ឧបត្ថម្ភ​ដោយសារ​ព័ត៌មាន​ត្នោត និង​សារព័ត៌មាន​ថ្មីៗ​។​

​នាយក​មាតិកា​ភាសា​ខ្មែរ​នៃ​សារព័ត៌មាន​ត្នោត លោក ព្រំ សិលា គូសបញ្ជាក់​ឱ្យបាន​ដឹងថា គោលបំណង​របស់​ត្នោត​ក្នុងការ​សហការ​គាំទ្រ​កម្មវិធី​នេះ​ឱ្យ​លេច​ជា​រូបរាង​ឡើង​ដោយសារតែ​ចង់​លើកកម្ពស់​វិស័យ​សារព័ត៌មាន និង​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ ជាមួយ​អ្នកសារព័ត៌មាន ក្នុងស្រុក​ដើម្បី​បង្កើន​ឱ្យមាន​មាតិកា​ចម្រុះ និង​មាន​វិជ្ជាជីវៈ​ដល់​ប្រជាជន​កម្ពុជា​។ លោក​បន្ថែមថា​៖ «​ការលើកកម្ពស់​តាមរយៈ កម្មវិធី​ពានរង្វាន់​នេះ ដោយ​ផ្តល់​ការទទួលស្គាល់​ជា​ផ្លូវការ​នៅ​សម័យកាល​នីមួយៗ ដែល​អ្នកសារព័ត៌មាន បាន​ខិតខំ​ឈ្មុសឈ្មុល និង​វិភាគទាន ទាំង​កម្លាំងកាយ ចិត្ត​ប្រាជ្ញា ស្មារតី​ដល់​ការយក​ព័ត៌មាន និង​ដល់​វិស័យនេះ​ទាំងស្រុង ពោលគឺ​ពួកគាត់​ជា​បុគ្គល​ឈានមុខ ដើម្បី​ជំរុញ​ឱ្យ​វិស័យនេះ​កាន់តែ​រីកចម្រើន​»​។

រូបថតពីឆ្វេងទៅស្តាំ៖សម្រាប់​ឆ្នាំ ២០០០ មាន​៖•​ ​លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា មន្ត្រី​ជំនាញ​ផ្នែក​សារព័ត៌​មាននៃ Internews ប្រចាំ​កម្ពុជា​​ ​លោក លី ម៉េង​ហួរ អ្នកសារព័ត៌មាន​នៃ​ទូរទស្សន៍ PNN​។​

​សូមបញ្ជាក់ថា នេះ​ជា​កម្មវិធី​ដ៏​ធំ​បំផុត ក្នុង​វិស័យ​សារព័ត៌មាន​ដែល​មិន​ធ្លាប់មាន​ពីមុនមក និង​ដំបូងបង្អស់​នៅ​ប្រទេស​កម្ពុជា​។ ដោយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កញា​រិ​ទ្ធ បាន​ផ្តួច​ផ្តើមគំនិត និង​បានកំណត់​កាលបរិច្ឆេទ នៃ​កម្មវិធី​ពានរង្វាន់​លើកទឹកចិត្ត​ចំពោះ​អ្នកសារព័ត៌មាន​៥​សម័យកាល ចាប់ពី​ទសវត្សរ៍​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ​២០១០ ដែល​កម្ម​វី​ធី​នេះ​គ្រោង​ប្រារព្ធ​ធ្វើ នៅ​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ​២០២២ ខាងមុខនេះ ជា​ថ្ងៃ​ប្រគល់​ពានរង្វាន់​លើកទឹកចិត្ត​ចំពោះ​អ្នកសារព័ត៌មាន​៥​សម័យកាល​។​

រូបពីឆ្វេងទៅស្តាំៈសម្រាប់​ទសវត្សរ៍​ឆ្នាំ ២០១០ មាន​៖លោក ផាក់ ស៊ា​ង​លី អ្នកសារព័ត៌មាន ផ្នែក​បរិស្ថាន និង​សង្គម នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍  ​លោក មិន ម៉ៅ​- សំណាង អ្នកសារព័ត៌មាន​ទូរ​-​ទស្សន៍ PNN និង​ជា​តំណាង​បណ្តាញ អ្នកសារព័ត៌មាន​ផ្នែក​ទឹក និង​អនាម័យ​កម្ពុជា​ អ្នកស្រី ញឹក ស្រី​ល័​ក្ខ និពន្ធ​នាយិកា​សារព័ត៌មាន​ថ្មីៗ ២៥ រាជធានី​-​ខេត្ត​
 ​លោក វ៉ាន់ សារាយ អគ្គនាយករង​ផ្នែក ផ្សព្វផ្សាយ ព័ត៌មាន នៅ​អង្គភាព Fresh News 

​គណៈកម្មការ​វាយតម្លៃ​ស្តីពី “​ពានរង្វាន់​លើកទឹកចិត្ត​ចំពោះ​អ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពី​ទសវត្សរ៍​ឆ្នាំ ១៩៧០ រ​ហូល​ដល់​ឆ្នាំ​២០១០” ត្រូវបាន​ជ្រើសតាំង​ដោយ ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ ២០២២​។ គណៈកម្មការ និង​កំណត់​បញ្ជី​ឈ្មោះ​បេក្ខភាព​សម្រាប់​វាយតម្លៃ ក៏ដូចជា​គោលការណ៍​ល​ក្ខ​ខណ្ឌ​និង ផ្តល់​ពិន្ទុ​សម្រាប់​ជ្រើសរើស​ជ័យលាភី​ផ្អែកលើ​គុណវុឌ្ឍិ​ការងារ ការបណ្តុះបណ្តាល និង​បំពេញការងារ​កន្លង មក​។​

​ពានរង្វាន់​លើកទឹកចិត្ត​ចំពោះ​អ្នកសារព័ត៌មាន ៥ សម័យកាល​” ផ្តួចផ្តើម​ដោយ​ក្រសួង​ព័ត៌មាន ក្រោម​ក្រោម​កិច្ចសហការ​រៀបចំ​ដោយសារ​ព័ត៌មាន​ត្នោត (TNAOT APP) ជាមួយ​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ និង​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន ស៊ី​ង​ហួយ ឌី​វេឡុ​ប ម៉ិ​ន (​ខេ​ម​ឌា​) ដែលមាន​បទពិសោធន៍​សម្បូរបែប​ក្នុងការ​អភិវឌ្ឍ​អចលនទ្រព្យ​ធំៗ​នៅ​ប្រទេស​កម្ពុជា ដូចជា STAR BAY នៅ​ក្រុងព្រះសីហនុ STAR CITY នៅក្បែរ​អាកាសយានដ្ឋាន​ភ្នំពេញ និង TK-STAR នៅក្នុង​តំបន់​ទួលគោក ហើយ​ក៏បាន​ចូលរួម​សហ ការឧបត្ថម្ភ​ដោយ​មូល​និ​ធី​ព្រី​នស៍ ដែលជា​មូលនិធិ​សប្បុរសធម៌​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​បាន​បង្កើតឡើង​ក្នុង​គោលដៅ​លើកកម្ពស់​សុខមាលភាព​និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។​

 

​លើសពីនេះ ក៏មាន​ការចូលរួមចំណែក​ក្នុងការ​ឧបត្ថម្ភ​កម្មវិធី​នេះ​អោយ​ដំណើរការឡើង​ដោយ​ក្រុមហ៊ុន GoodToGo ដឹក​​​ជញ្ជូន​អាហារ​Online, ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Titan Stone, ហើយនឹង​ក្រុមហ៊ុន​មូល​ប​ត្រ ខេ​ម​បូ​ឌា ស៊ី​ឃ្យូ​រី​ធី ផងដែរ​៕សរន