ដោយៈ យោធិន / កំពង់ស្ពឺៈ ឆ្លងតាមរយៈការត្រួតពិនិត្យ យ៉ាងល្អិតល្អន់ សកម្មភាពហ្វឹកហ្វឺន របស់ កងយោធាមួកខៀវកម្ពុជា នៅតាមទីលានហ្វឹកហាត់ និងគ្រឿងឧបករណ៍ សម្ភារៈ គ្រឿងបំពាក់ ដែលដំណើរការធ្វើឡើង រយៈពេលពីរថ្ងៃ ជាបន្តបន្ទាប់គ្នា នាដើមសប្តាហ៍នេះ ប្រតិភូវាយតម្លៃមុនការចល័ត (Pre-employment Visit) របស់អង្គការសហប្រជា ជាតិ ដឹកនាំដោយលោក Adler Cardoso Ferreira មន្ត្រីជាន់ខ្ពស់ អង្គការសហ ប្រជាជាតិប្រចាំនៅញូវយ៉ក បានវាយតម្លៃខ្ពស់ និងកោតសរសើរ ពីកម្រិតសមត្ថភាពរបស់ កងយោធាមួកខៀវកម្ពុជា ក្នុងកងឯកភាពកម្ទេចគ្រឿងផ្ទុះថ្មី ព្រមទាំងគ្រឿងសម្ភារៈឧបករណ៍ ទំនើបៗ ដែលឆ្លើយតបតាមស្តង់ដារ តម្រូវការរបស់ អង្គការសហប្រជាជាតិ សម្រាប់បេសក កម្ម ក្នុងតំបន់ MINUSCA សាធារណរដ្ឋ អាហ្វ្រិកកណ្តាល នាពេលខាងមុខ។

សូមបញ្ជាក់ថាៈ គណៈប្រតិភូវាយតម្លៃមុនការចល័ត (Pre-employment Visit) របស់អង្គការសហប្រជាជាតិ ដឹកនាំដោយលោក Adler Cardoso Ferreira (សញ្ជាតិប្រេស៊ីល) មន្ត្រីជាន់ខ្ពស់ អង្គការសហប្រជាជាតិ ប្រចាំនៅញូវយ៉ក (ស.រ.អ.) រួមមាន សមាជិកចំនួនបួនរូប ដែលក្នុងនោះ ពីររូប មកពីស្នាក់ការ អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក និងពីររូបទៀត មកពីតំបន់បេសកកម្ម MINUSCA បានអញ្ជើញមក ទស្សនកិច្ចវាយតម្លៃមុនការចល័តរបស់ កងយោធាមួកខៀវកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២។

ក្នុងឱកាសអញ្ជើញមកដល់កម្ពុជា គណៈប្រតិភូអង្គការសហប្រជាជាតិ ដឹកនាំដោយលោក Adler Cardoso Ferreira (សញ្ជាតិប្រេស៊ីល) មន្ត្រីជាន់ខ្ពស់អង្គការសហ ប្រជាជាតិ ប្រចាំនៅញូវយ៉ក (ស.រ.អ.) ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ក្នុងក្នុងកិច្ចសន្ទនា ដែលធ្វើឡើងនាស្នាក់ការ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ប្រមុខកង យោធាមួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងវាយតម្លៃខ្ពស់ ចំពោះដំណើរបេសកកម្មរបស់ គណៈប្រតិភូអង្គការសហប្រជាជាតិ នាពេលនេះ លើទឹកដីកម្ពុជា ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ និងលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការ ចាត់បញ្ជូនកងកម្លាំងកម្ពុជា សម្រាប់បេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សា សន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងជូនពរដំណើរបេសកកម្ម លើទឹកដីកម្ពុជា នាពេលនេះ សម្រេចបាន លទ្ធផលជោគជ័យ ល្អប្រសើរ ដោយលើកឡើងថាៈ កម្ពុជាបានត្រៀមគ្រប់លក្ខណៈសម្បត្តិ រួចជាស្រេច សំដៅឆ្លើយតបតាមការកំណត់ របស់អង្គការសហប្រជាជាតិ ក្នុងអំឡុងពេល បំពេញទស្សនកិច្ច របស់គណៈប្រតិភូវាយតម្លៃមុនការចល័តរបស់ អង្គការសហប្រជាជាតិ (Pre-Deployment) ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបង្ហាញពី ការយកចិត្តទុកដាក់ ទទួលរ៉ាប់រង បង្កគ្រប់ លក្ខណៈសម្បត្តិ ជូនដល់គណៈប្រតិភូ ក្នុងឱកាសស្នាក់អាស្រ័យ នៅកម្ពុជា ដោយបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូវាយតម្លៃមុនការចល័ត របស់អង្គការសហប្រជាជាតិ ពិតជាឆ្លុះបញ្ចាំងពី ការយកចិត្តទុកដាក់ និងផ្តល់នូវភាពជឿជាក​ទទួលស្គាល់ពីកម្រិត សមត្ថភាព ជំនាញការងាររបស់ កងយោធាមួកខៀវកម្ពុជា ក្នុងការបំពេញបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ នារយៈកាលជាង ១៦ ឆ្នាំ កន្លងទៅនេះផងដែរ៕/V-PC