ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នា​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក តា​ស៊ីឡូ ប្រ៊ិ​ន​ហ្ស័ (Tassilo Brinzer) ប្រធានសភា​ពាណិជ្ជកម្ម​សហគមន៍​អ៊ឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (EuroCham Cambodia) ស្តីពី​ការសិក្សា​ស្វែងយល់ និង​ការចូលរួម​ដល់​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​។​

​លោក ទេសរដ្ឋមន្ត្រី បានលើកឡើង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា និង​ការទទួល​ជោគជ័យ​ក្នុង​ដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​នៅ​កម្ពុជា​រយៈពេល ៣០​ឆ្នាំ​កន្លងទៅនេះ ដែលមាន​ការចូលរួម​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ និង​ប្រទេស​ជា​មិត្ត ជាពិសេស​ការទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ​ទូទាំងប្រទេស ក្រោម​នយោបាយ​ឈ្នះ ឈ្នះ នៅ​ចុងឆ្នាំ​១៩៩៨ របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។ ជាមួយគ្នានេះ កម្ពុជា បានដាក់​ចេញ​នូវ​ចក្ខុវិស័យ​យ៉ាងច្បាស់​លាស់ ក្នុងការ​បញ្ចប់​ការ​គម្រាមកំហែង​ដោយសារ​មីន​នៅត្រឹម​ឆ្នាំ​២០២៥ និង​ការបន្ត​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្រោយ​ឆ្នាំ​២០២៥​។​

​លោក ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា ដើម្បី​គាំទ្រ​ដល់​ផែនការ​អាទិភាព​របស់​រាជរដ្ឋាភិបាល និង​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ “​កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ​២០២៥” អាជ្ញាធរ​មីន បានរៀបចំ​នូវ​គោលការណ៍​ណែនាំ​ស្តីពី​ការអនុវត្ត​យន្តការ​ភូមិ​អស់​មីន ដែល​នឹង​ធានាថា រាល់​ចម្ការមីន​ទាំងអស់​ដែលមាន​នៅក្នុង​ភូមិ​ត្រូវបាន​បោសសម្អាត ក្នុង​គោលដៅ​ជួយ​ព​ន្លឿ​ន​ដល់​ការ​បោសសម្អាត​មីន និង​ទាក់ទាញ​នូវ​ការចូលរួម​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ និង​សប្បុរសជន​នានា​។ ការអនុវត្ត​យន្តការ​នេះ នឹង​ចាប់ផ្តើម​អនុវត្ត​ចេញពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ និង​ខេត្ត​ដែលមាន​ផលប៉ះពាល់​ដោយសារ​មីន​តិចតួច ជាក់ស្តែង​អាជ្ញាធរ​មីន បានបញ្ចប់​ដោយ​ជោគជ័យ​ក្នុង​ខេត្ត​កែប និង​គ្រោង​បញ្ចប់​ការងារ​បោសសម្អាត​មីន​នៅ​ខេត្តព្រៃវែង​ខាងមុខនេះ ក្រោម​ការចូលរួម​ជួយ​គាំទ្រ​ពី​សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។
​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី បានស្នើ​សុំ​ឲ្យ​សភាពាណិជ្ជកម្ម​សហគម​ន៍​អ៊ឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ពិនិត្យ​លទ្ធភាព និង​ចូលរួម​ជួយ​គាំទ្រ​ដល់​ការ​បោសសម្អាត​មីន​នៅ​ខេត្តកំពង់ចាម ផងដែរ​។

​លោក តា​ស៊ីឡូ ប្រ៊ិ​ន​ហ្ស័ បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បានទទួល​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​សង្គ្រាម ព្រមទាំង​បាន​បន្សល់ទុក​នៅ​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពាសពេញ​ផ្ទៃ​ប្រទេស បង្ក​ឲ្យ​មានការ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។
​ជាមួយគ្នានេះ លោក​ប្រធានសភា​ពាណិជ្ជកម្ម បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​សម្រេចបានរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​អាជ្ញាធរ​មីន​ជា​សេនាធិការ ក្នុងការ​ដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រយៈពេល​កន្លងមក​។ សភាពាណិជ្ជកម្ម​សហគម​ន៍​អ៊ឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា នឹងចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការងារ​បោសសម្អាត​មីន​មនុស្សធម៌ ព្រមទាំង​កៀរគរ​នូវ​ធនធាន​ហិរញ្ញវត្ថុ​ពី​បណ្តា​វិស័យ​ឯកជន​នានា​ក្នុង​ក្របខណ្ឌ​សហគមន៍​អ៊ឺរ៉ុប សម្រាប់​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន​នៅ​ខេត្តកំពង់ចាម​៕​