​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ការស្វែងរក​តម្រុយ​ដែលនាំអោយ​យន្តហោះ​ពាណិជ្ជកម្ម​ចិន​មួយ​ដាំ​ក្បាល​ចុះ​ធ្លាក់​ភ្លាមៗ​ចូល​ក្នុង​ព្រៃ​តំបន់​ភ្នំ​នៅ​ចិន​ខាងត្បូង ត្រូវបាន​ផ្អាក​កាលពី​ថ្ងៃ​ពុធ​ទី​២៣​មីនា​​នៅពេល​មាន​ការ​ធ្លាក់ភ្លៀង​ខ្លាំង​ធ្វើអោយ​រអិល​បែក​ភក់​និង​ការបា​ក់ដី​នៅ​កន្លែង​ធ្លាក់​ដែល​ពោរពេញ​ដោយ​កំទេចកំទី​យន្តហោះ​។​

​មុននេះ ពួក​អ្នក​ស្វែងរក​បាន​ប្រើ​ឧបករណ៍​កាន់​នៅ​នឹង​ដៃ ដ្រូ​ន ព្រមទាំង​ឆ្កែ​ហិតក្លិន​ក្នុង​អាកាសធាតុ​ធ្លាក់ភ្លៀង ដើម្បី​ស្វែងរក​ប្រអប់​ថត​ទិន្នន័យ​ហោះហើរ​និង​ថត​សម្លេង​ដែល​គេ​ហៅ​ថា​ប្រអប់​ខ្មៅ​ ព្រមទាំង​រក​សាកសព​មនុស្ស​នៅ​តាម​ជម្រាលភ្នំ​ដែល​សំបូរ​ព្រៃ​។​ពួកគេ​ក៏​ធ្វើ​ការបូមទឹក​ចេញពី​រណ្តៅ​ដី​កន្លែង​កន្លែង​យន្តហោះ​ធ្លាក់​បុកដី តែ​ការងារ​របស់​គេ​ត្រូវ​ផ្អាក​កាលពី​ព្រឹក​ថ្ងៃ​ពុធ ដោយសារ​មាន​​ការបា​ក់ដី​តូចៗ​តាម​ទម្រាល​ភ្នំ​។​

​ឃ្លីប​វីដេអូ​បង្ហោះ​ដោយសារព័ត៌​មាន​រដ្ឋ​ចិន បានបង្ហាញ​ដុំ​តូចៗ​នៃ​យន្តហោះ​Boeing 737-800​ដែល​បែក​ប៉ើង​រាយប៉ាយ​ពេញ​តំបន់​ព្រៃ​។​កាបូប ប័ណ្ណ​ធនាគារ​និង​អត្ត​សញ្ញាញ​ប័ណ្ណ​ប្រឡាក់​ដោយ​ភក់​​ក៏​ត្រូវ​បាន​រើស​ប្រមូល​ទុក​។​

​ក្នុងពេល​ជាមួយគ្នា សាច់ញាតិ​ខ្លះ​ក្នុងចំណោម​សាច់ញាតិ​របស់​អ្នកដំណើរ​ជាង​១០០​នាក់​នៃ​យន្តហោះ​ដែល​ធ្លាក់ បាន​ទៅ​ដល់​មាត់ទ្វារ​ភូមិ​លូ (Lu)​នៅ​ក្រៅ​តំបន់​ធ្លាក់​យន្តហោះ​ជាមួយ​នឹង​អ្នក​យក​ព័ត៌​​មាន​។​ពួកគេ​ត្រូវ​ប៉ូលិស​និង​ពួក​មន្ត្រី​ឃាត់​មិន​អោយ​ចូល​ទៅ​ដល់​កន្លែង​ធ្លាក់​។​

​គេ​ឮ​ស្ត្រី​ម្នាក់​និយាយថា ប្តី​គាត់​បាន​ស្ថិតនៅ​ក្នុង​យន្តហោះ​នេះ​។​គាត់​បាន​និយាយថា «​ខ្ញុំ​គ្រាន់តែ​ចង់​ទៅ​មើល​ទីនោះ តើ​ខុស​ដែរ​ឬ​?»​។​

​សាច់​ញាត់​របស់​អ្នកដំណើរ​នៃ​យន្តហោះ​China Eastern​ដែល​ធ្លាក់​កាលពី​ថ្ងៃ​ពុធ​ចាក​ចេញពី​ភូមិ​ក្បែរ​កន្លែង​ធ្លាក់​យន្តហោះ​ក្នុងពេល​មាន​ភ្លៀង​

​បុរស​ម្នាក់​ទៀត​ដែល​ប្រាប់​ឈ្មោះ​ត្រឹមតែ ទីង បាន​និយា​ថា​កូនប្រសា​ររបស់​គាត់​បា​ន​ស្ថិតនៅក្នុង​យន្តហោះ​ដែល​ធ្លាក់​។​គាត់​សង្ឃឹម​បាន​ទៅដល់​កន្លែង​ធ្លាក់ តែ​ត្រូវ​អាជ្ញាធរ​ហាមឃាត់​។​

​សូមបញ្ជាក់​ថា យន្តហោះ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​China Eastern ជើងហោះហើរ​Flight 5735 បាន​ធ្លាក់​នៅ​ខាង​ក្រៅ​ក្រុង​វូ​ចូវក្នុង​តំបន់​ហ្កាង​ស៊ី កាលពី​ថ្ងៃ​ចន្ទ ក្នុងពេល​ហោះ​ពី​ទីក្រុង​​គុន​មិញ​ទៅកាន់​ក្វាង​ចូ​វ​។​វា​ផ្ទុក​អ្នកដំណើរ​១២៣​នាក់​និង​សមាជិក​នាវិក​ចំនួន​ប្រាំបួន​នាក់​។ តាំងពី​មុន​មក មិន​បាន​រកឃើញ​អ្នក​នៅ​មាន​ជីវិត​ណា​ម្នាក់​ពី​ការធ្លាក់​នេះ​ទេ​។​

​ពួក​អ្នក​ស៊ើបអង្កេត​បាន​និយាយថា វា​លឿន​ពេក​ក្នុង​ការសន្និដ្ឋាន​មូលហេតុ​នៃ​ការធ្លាក់​។ យន្តហោះ​បាន​ដាំ​ក្បាល​ចុះ​យ៉ាង​លឿន​ក្រោយ​ចេញដំណើរ​បាន​មួយ​ម៉ោង និង​ឈប់​បញ្ជូន​ទិន្នន័យ​ក្នុងពេល​ធ្លាក់​៩៦​វិនាទី​។​អ្នកគ្រប់គ្រង​ការ​ហោះហើរ​បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នក​បើក​ជា​ច្រើនលើក​ក្រោយ​ឃើញ​យន្តហោះ​ធ្លាក់ចុះ​រយៈ​កំពស់​ហោះ​ជាខ្លាំង តែ​មិន​មាន​ចម្លើយ​តប​ទេ​៕

​ការងារ​ស្វែងរក​នៅ​កន្លែង​ធ្លាក់​យន្តហោះ​ជួប​ការ​រអិល​បែក​ភក់​ខ្លាំង​និង​ត្រូវបាន​ផ្អាក​កាលពី​ថ្ងៃ​ពុធ​ដោយសារ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​និង​មាន​ការបា​ក់ដី​តាម​ជម្រាល​ភ្នំ​