​ដោយៈ ជា សីហ​/​ភ្នំពេញៈ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែមីនា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​.) បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ (IDP) តាម​ប្រព័ន្ធ​អន​ឡាញ​។

​សិក្ខាសាលា​នេះ​រៀបចំឡើង ក្រោម​អធិបតីភាព​របស់លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

​គោលបំណង​នៃ​សិក្ខាសាលា គឺ (១) ផ្សព្វផ្សាយ​របាយការណ៍​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​នៃ​ការអនុវត្ត​គោលនយោបាយ IDP ដែល​ត្រូវ​បានអនុម័ត​ដោយ​រាជរដ្ឋាភិបាល​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ និង (២) ពិភាក្សា​អំពី​ទិសដៅ​បន្ត​សម្រាប់​ការរៀបចំ​របាយការណ៍​វឌ្ឍនភាព​នៃ​ការអនុវត្ត IDP ឆ្នាំ​២០២១​។ សិក្ខាសាលា​មានការ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល និង​លេខាធិការដ្ឋាន​ដឹកនាំ និង​សម្របសម្រួល​ការអនុវត្ត​គោលនយោបាយ IDP នៃ ក​.​អ​.​ក សរុប​ចំនួន​ប្រមាណ ១៣០ រូប​៕​