ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស ដឹកនាំ​អតិថិជន​ឆ្នើម​របស់ខ្លួន ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់

1437
ចែករម្លែក

​ដោយ​: គឹម​ប៊ុន / ភ្នំពេញ​: អតិថិជន​ឆ្នើម​របស់​ស្រា​បៀរ​កម្ពុជា សរុប​ចំនួន​២០​រូប ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​រ​វើ​រី​ជី​ស ស្រា​បៀរ​កម្ពុជា ដឹកនាំ​ដោយ​ឧកញ៉ា លាង ឃុន ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស និង លោកជំទាវ​ឧកញ៉ា ភាព​ហៀក ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​ជីបម៉ុង​គ្រុប នាំយក​ទៅលេង​កម្សាន្ត​នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ាត់ រយៈពេល​៥ យប់​៦​ថ្ងៃ ។

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពីពេល​ថ្មី​នេះ​ឧកញ៉ា លាង ឃុន ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស មានប្រសាសន៍ថា យើង​រៀបចំ​ដំណើរ​កម្សាន្ត​នេះ​ឡើង គឺ​ដើម្បី​អរគុណ​អតិថិជន​ឆ្នើម​ប្រចាំឆ្នាំ​របស់​យើង​ចំនួន​២០​រូប ដែល​តែងតែ​ជឿជាក់​លើ​ផលិតផល​របស់​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស ហើយ​ព្យាយាម​ជួយ​ជ្រោមជ្រែង​វាយ​ដណ្តើម​ទីផ្សារ ឲ្យ​ស្រា​បៀរ​កម្ពុជា និង​ផលិតផល​ភេសជ្ជៈ​ផ្សេងៗ របស់​ក្រុមហ៊ុន ទទួលបាន​ជោគជ័យ និង​ការគាំទ្រ​ពី​អតិថិជន​ទូទៅ​នៅ​ទូទាំងប្រទេស​។

​បើតាម​ឧកញ៉ា លាង ឃុន ក្រៅពី​គោលបំណង​ខាងលើ យើង​នៅមាន​គោលបំណង ពីរ​ទៀត​នៃ​ដំណើរ​កម្សាន្ត​នេះ​គឺ​លើកទឹកចិត្ត​អតិថិជន​ឆ្នើម​ឲ្យ​ខិតខំ​ប្រឹង​បន្តទៀត​នៅ​ឆ្នាំក្រោយ ដើម្បី​ជោគជ័យ​ទាំងអស់គ្នា និង​ដើម្បី​បង្កើត​អនុស្សាវរីយ​ល្អៗ ជាមួយ​អតិថិជន​ឆ្នើម​របស់​យើង ទៅ​ប្រទេសក្រៅ ដែល យើង​តែង​បានធ្វើ​ឡើង ជា​បន្តបន្ទាប់ រៀងរាល់ឆ្នាំ ចាប់តាំងពី​ផលិតផល​ក្រុមហ៊ុន ត្រូវបាន​ចរាចរ​លក់ នៅលើ​ទីផ្សារ ។

​បើតាម​ការបន្ថែម​រប​ស់លោក​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស​គឺជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស តែងតែ​រៀបចំ​ដំណើរ​កម្សាន្ត​ទៅកាន់​គោលដៅ​ល្បីៗ​នៅលើ​ពិភពលោក ជូន​អតិថិជន​ខ្លួន ហើយ​សំរាប់​នៅ​ឆ្នាំនេះ ដំណើរ​កម្សាន្ត​ដំបូង​របស់​យើង គឺ​ទៅកាន់​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ាត់ ដែលជា​ទីក្រុង​ដ៏​ទំនើប​ទាន់​សម័យមួយ ដែល​អ្នក​ទេសចរណ៍​នៅ​ជុំវិញ​ពិភពលោក តែង​ប្រាថ្នា​ចង់ទៅ​ទស្សនា និង​លេង​កំសាន្ត​។ ក្រៅពី​ដំណើរ​កម្សាន្ត​នេះ ក្រុមហ៊ុន​ក៏​នឹង​រៀបចំ​ដំណើរ​កម្សាន្ត ទៅកាន់​ប្រទេស​និង​ទីក្រុង​ធំៗ​ក្នុង​អាស៊ី ជាច្រើន​ទៀត​ជូន​អតិថិជន​ឆ្នើម ក្នុងការ ជម្រុញ​លក់​ផលិតផល​របស់​ក្រុមហ៊ុន​នៅលើ​ទីផ្សារ ដូចជា​ប្រទេស​កូរ៉េ និង​ទីក្រុង​ហុងកុង ជាដើម​។​

​លោ​ឧកញ៉ា​សង្ឃឹម​ជឿជាក់ថា បងប្អូន​នឹង​ជួយ​ជំរុញ​ស្រា​បៀរ​កម្ពុជា និង​ផលិតផល​ថ្មីៗ​របស់​យើង ឲ្យ​ទទួលជោគជ័យ​ជា​បន្តទៀត ដើម្បី​ដើរ​លើ​មាគ៌ា ទៅរក​ភាព​ជោគ ជ័យ​ដ៏​យូរអង្វែង​ទាំងអស់គ្នា​៕ ល​