​ដោយៈ ប​.​ជ័យ /​បន្ទាយ​មាន​ជ័​យៈ មន្ត្រី​ជំនាញ​រ៉ែ នៃ​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តបន្ទាយមានជ័យ បាន​យល់ស្រប​នឹង​ការអះអាង របស់លោក​មេភូមិ​រង្វាន ដែល​និយាយ​ជំនួស​ពលរដ្ឋ ម្ចាស់​អន្លង់​បូ​ប​ខ្សាច់ ក្នុង​ស្ទឹង​ស្រែង ដែលថា ការ​បូ​ុ​ម​ខ្សាច់ នៅ​ភូមិ​រង្វាន ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ដែល​ធ្វើទម្លាប់ រាល់​ខែ ឆ្នាំ រហូតមក​នោះ មិនមែនជា​អាជីវកម្ម នោះឡើយ​។​ប៉ុន្តែ​មន្ត្រី​ដដែល បានទទួល​ស្គាល់ និង​វាយតម្លៃថា ការ​បូម​យក​ខ្សាច់ (​ជា​លក្ខណៈ​គ្រួសារ ប្រើ​ម៉ាស៊ីន​ផលិត​បាន​ច្រើន​) យកទៅ​ធ្វើ​អាជីវកម្ម (​លក់ដូរ រក​ផលចំណេញ មិនមែន​ប្រើ ប្រាស់​ផ្ទាល់ខ្លួន ក្នុង​គ្រួសារ​) ត្រូវ​បិទ ព្រោះ​ខុសច្បាប់​ទាំងស្រុង ។​

​នេះ​បើ​យោង​លោក ជូ បុត្រ អភិបាលស្រុក​ភ្នំស្រុក បាន​ស្រង់​ខ្លឹមសារ នៃ​ការចុះ​ត្រួតពិនិត្យ ជាក់ស្តែង ទីតាំង​បូម​ខ្សាច់ នៅ​ភូមិ​រង្វាន ឃុំ​ណាំតៅ របស់​មន្ត្រី​ជំនាញ​រ៉ែ និង​មន្ត្រី​អាជ្ញាធរ ដែនដី មក​ប្រាប់ រស្មី​ក​ម្ព​ជា កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ ។​

​លោក​បាន​បន្តថាៈ រដ្ឋបាល​ស្រុក​របស់លោក បាន​ចាត់​លោក សា​រ៉ា​យ ពេ​ត អភិបាលរង​ស្រុក អោយ​ចុះ​សហការ​នឹង​មន្ត្រី​ជំនាញ​រ៉ែ ដើម្បី​ធ្វើ​ការងារ​នោះ ឆ្លើយតប​នឹង​ការរិះគន់ ក្នុង​របាយ ការណ៍​ព័ត៌មាន ដែលថា​អាជ្ញាធរ និង​ជំនាញ មិនបាន​ទទួលខុសត្រូវ លើ​តួនាទី​ភារកិច្ច​របស់ ខ្លួន ហើយ​សង្ស័យ​ឃុបឃិត​នឹង​ពលរដ្ឋ ឬ​អាជីវករ ធ្វើ​សកម្មភាព​បូម​ខ្សាច់ ខុសច្បាប់ នៅ​ស្ទឹង​ស្រែង ក្នុងភូមិ​រង្វាន ឃុំ​ណាំតៅ​នោះ ។​

​លោក​បាន​បន្តទៀតថាៈ ការដឹកជញ្ជូន​ខ្សាច់ តាម​រថយន្ត​ធុន​ធ្ងន់ៗ បាន​បង្ក​ផលប៉ះពាល់ និង​បំផ្លាញ​ប្រព័ន្ធ​ផ្លូវ​ជនបទ និង​ផ្លូវ​ខេត្ត នៅក្នុង​ស្រុក​ភ្នំស្រុក ដែល​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក អ៊ុំ រាត្រី អភិបាលខេត្ត បាន​បង្កើត​គណ​:​កម្ម​ការ​មួយ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងមក ដើម្បី​ទប់ស្កាត់ រថយន្ត​ធុន​ធំ ដឹកជញ្ជូន​ខ្សាច់ និង​បន្ទុក​នានា បង្ក​ប៉ះពាល់​ខូចខាត​ផ្លូវ​នានា នៅ​ស្រុក​ភ្នំស្រុក និង​ក៏​រង​ការ​រិះគន់ថា ការ​បូម​ខ្សាច់​ទាំងនោះ បាន​បង្ក​ខូចខាត​បរិស្ថាន បង្ក​ទឹកល្អក់ មិនអាច​ប្រើប្រាស់ និង​បរិភោគ បាន​ផងដែរ ។​

​សូម​រំលឹកថា មន្ត្រី​រ៉ែ នៃ​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក លឹម សារតន៍ និង​រដ្ឋបាល​ស្រុក​ភ្នំស្រុក ដឹកនាំ​ដោយ​លោក សា​រ៉ា​យ ពេ​ត អភិបាលរង​ស្រុក​ភ្នំស្រុក កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២២ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​បូម​យក​ខ្សាច់​ស្ទឹង របស់​ប្រជាពលរដ្ឋ ដែល​ពុំទាន់​មានច្បាប់ នៅ​ភូមិ​រង្វាន ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក​។​

​មន្ត្រី បានអោយដឹងថាៈ តាម​ការពិនិត្យ ជាក់ស្តែង​ឃើញថា មានការ​បូម​ខ្សាច់ ១០ កន្លែង / ទីតាំង​ផ្សេងៗ​គ្នា ។​

​ករណីនេះ ក្រុមការងារ បាន​សួរ​លោក​មេភូមិ​រង្វាន់ ហើយ​លោក បានបញ្ជាក់​ថាៈ ប្រជាពលរដ្ឋ តែង​បូម​យក​ខ្សាច់ ជា​លក្ខណៈ​គ្រួសារ (​ប្រើ​ម៉ាស៊ីន​) ក្រោយ​ចប់​ពី​ធ្វើស្រែ ក្នុង​រយៈពេល​ខ្លី​។​

​ក្រុមការងារ​បាន​ណែនាំ ដល់​អាជ្ញាធរ​ឃុំ​ភូមិ អោយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ពី​ច្បាប់​រ៉ែ​។​លោក​មេភូមិ (​ដែលជា​មេការ​សម្របសម្រួល យក​ថវិកា ពី​ម្ចាស់​រណ្តៅ​បូម​ខ្សាច់ ទៅ​បង់ អោយ​មន្ត្រី​ថ្នាក់លើ​) បាន​យល់​ពី​ច្បាប់ ប៉ុន្តែ​លោក​ការពារ​ថាៈ ការ​បូម​ខ្សាច់​ទាំងនោះ ពុំមាន​លក្ខណៈ​ធំដុំ ជា​អាជីវកម្ម ដូច​សារព័ត៌មាន​ចុះផ្សាយ នោះឡើយ​។​

​ក្រុមការងារ បាន​ពិនិត្យឃើញថាៈ ការ​បូម​ខ្សាច់​នោះ ដូច​អ្វីដែល​លោក​មេភូមិ លើកឡើង​មែន ប៉ុន្តែ​ក្រុមការងារ បញ្ជាក់ថាៈ ការ​បូម​ខ្សាច់​នោះ យកទៅ​ធ្វើ​អាជីវកម្ម គឺ​ខុស​នឹង​ច្បាប់ ស្តីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម ធនធាន​រ៉ែ​។ ក្រុមការងារ មិន​អនុញ្ញាត អោយ​បន្ត​បូម ខ្សាច់​ទៀត​ទេ​។ ពលរដ្ឋ​ត្រូវដាក់​ពាក្យសុំ ទៅ​អង្គភាព​ច្រកចេញ ចូល​តែមួយ​ខេត្ត រួចរាល់ ទើបបាន​អាជ្ញាប័ណ្ណ ធ្វើ​អាជីវកម្ម​ឡើងវិញ​បាន​៕/V​