​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែមីនា ឆ្នាំ​២០២២ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​សាស្ត្រាចារ្យ ហ៊ី​ដេ​តូ​ស៊ី នី​ស៊ី​មូរ៉ា (HIDETOSHI NISHIMURA) ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន​និង​អាស៊ី​បូព៌ា (ERIA) និង​សហការី តាម​ប្រព័ន្ធ​វីដេអូ​។​

​លោក​រដ្ឋមន្ត្រី​បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​សាស្ត្រាចារ្យ ហ៊ី​ដេ​តូ​ស៊ី នី​ស៊ី​មូរ៉ា និង​សហការី ព្រមទាំង​បាន​ថ្លែងអំណរគុណ សម្រាប់​ការគាំទ្រ​របស់​វិទ្យាស្ថាន ERIA ដល់​ក្រសួងពាណិជ្ជកម្ម នាពេល​កន្លងមក ក្នុងការ​ពង្រឹងសមត្ថភាព​មន្ត្រីរាជការ តាមរយៈ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល សិក្ខាសាលា​ផ្សព្វផ្សាយ និង​ព្រឹត្តិ​កាណ៍​នានា​ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ ជាពិសេស​ការគាំទ្រ​ដល់​សមិទ្ធផល​អាទិភាព សេដ្ឋកិច្ច ក្រោម​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ ផងដែរ​។​

​ជាការ​ឆ្លើយតប លោក​សាស្ត្រាចារ្យ បាន​អបអរសាទរ​លោក​រដ្ឋ​មន្ត្រី ក្នុង​ការទទួល​តួនាទី​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០២២ ព្រមទាំង​ភាពជោគជ័យ​ក្នុង​ការដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​២៨ កាលពី​ថ្ងៃទី​១៦-១៧ ខែមីនា កន្លងទៅ​។ ជាមួយគ្នានេះ លោក​សាស្ត្រាចារ្យ​ក៏បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​វិទ្យាស្ថាន ERIA ក្នុងការ​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ ដើម្បី​គាំទ្រ​កម្ពុជា​ឱ្យទទួល​បាន​ជោគជ័យ​នាពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ក្នង​ឆ្នាំ​២០២២​។​

​ក្នុងឱកាស​នោះ​ផងដែរ ដោយមាន​ការអនុញ្ញាត​ពី លោក​រដ្ឋមន្ត្រី ក្រុមការងារ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា បានធ្វើ​បទ​បង្ហាញ​ដោយ​សង្ខេប​អំពី​សមិទ្ធផល​សេដ្ឋកិច្ច​អាទិភាព​ក្រោម​សសរស្តម្ភ​សេដ្ឋកិច្ច​របស់ កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្លាស់​វេន​សម្រាប់​ឆ្នាំ​២០២២ ដែល​ទទួលបាន​ការអនុម័ត និង​កត់សម្គាល់​ក្នុង​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​២៨ កន្លងទៅ​។​

​ទន្ទឹមនឹងនេះ ក្រុមការងារ​វិទ្យាស្ថាន ERIA បានកត់សម្គាល់​អំពី​គោលបំណង និង​សារៈសំខាន់​នៃ​សមិទ្ធផល​សេដ្ឋកិច្ច​អាទិភាព​របស់​កម្ពុជា ជាពិសេស​គូសបញ្ជាក់​អំពី​ភាពចាំបាច់ និង​ជំហរ​គាំទ្រ​ដល់​ការសម្រេចបាន​នូវ​សមិទ្ធផល​ទាំងនេះ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​ស្តារ​សេដ្ឋកិច្ច​តំបន់​ទ្បើង​វិញ​ក្នុង​បរិបទ​ជំងឺឆ្លង​កូ​វីដ​-១៩៕​