ភ្នំពេញៈ នៅ​ថ្ងៃទី ២១-២៣ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​លើក​ទី​១​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងតួនាទី​ជា​ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា​។ បេសកកម្ម​នេះ​ត្រូវបាន​អមដំណើរ​ដោយ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង ឯកឧត្តម លឹម ចុក​ហូ​យ (Lim Jock Hoi) អគ្គលេខាធិការ​អាស៊ាន​។​

​គោលបំណង​ចម្បង​នៃ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី (១) តាមដាន​នូវ​លទ្ធផល​នៃ​ដំណើរ​ទស្សន​-​កិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី ៧-៨ ខែមករា ឆ្នាំ​២០២២ (២) សម្របសម្រួល​ដល់​ការអនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច ដែល​ត្រូវ​បានសម្រេច​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ និង (៣) ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ដែល​ត្រូវការ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ មីន អោ​ង​ឡាំង (Min Aung Hlaing) ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC)​។ កិច្ច​ពិភាក្សាបាន​គ្របដណ្តប់​លើ​ស្ថានភាព​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា អាណត្តិ តួនាទី និង​អាទិភាព​របស់​ប្រេសិត​ពិសេស និង​ភាពចាំបាច់​ក្នុងការ​អនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ដែល​ក្នុងនោះ​រួមមាន​ការកសាង​ភាពជឿជាក់​និង​ទំនុកចិត្ត កិច្ចសន្ទនា​ប្រកបដោយ​បរិ​យាប​ន្ន និង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​មនុស្សធម៌​ជូន​ដល់​មី​យ៉ាន់​ម៉ា​។ ប្រេសិត​ពិសេស​បាន​អំពាវនាវ​ឱ្យមាន​ការអនុវត្ត​អាទិភាព​ចំនួន បី​គឺ ការបញ្ឈប់​អំពើហិង្សា ការបន្ត​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​មី​យ៉ាន់​ម៉ា និង​កិច្ចសន្ទនា​រវាង​ភាគី​ទាំងអស់​។​

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្ដម វុន​ណា ម៉ោង​ល្វី​ន (Wunna Maung Lwin)នៅ​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។ ឯកឧត្តម​ប្រេសិត​ពិសេស​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ចំណុច​អាទិភាព​ទាំងបី ដែល​បានលើកឡើង​ខាងលើ និង​ផ្ដោត​សំខាន់​ពី​តម្រូវការ​ក្នុងការ​ព​ន្លឿ​ន​ជំនួយ​មនុស្សធម៌ ទៅកាន់​អ្នក​ដែល​ត្រូវការ​បំផុត​នៅ​មី​យ៉ាន់​ម៉ា ដើម្បី​ធានាបាន​នូវ​សុខុមាលភាព​សង្គម ស្ថិរភាព និង​ការអភិវឌ្ឍ​។ ឯកឧត្ដម វុន​ណា ម៉ោង​ល្វី​ន បានបញ្ជាក់​អំពី​ការគាំទ្រ និង​កិច្ចសហប្រតិបត្ដិការ​ចាំបាច់​របស់​មី​យ៉ាន់​ម៉ា ចំពោះ​ប្រេសិត​ពិសេស​ក្នុងការ​បំពេញភារកិច្ច​ក្នុង​អាណ​ត្ដិ​របស់ខ្លួន ដើម្បី​ជំរុញឱ្យមាន​វឌ្ឍនភាព​បន្ថែម ឆ្ពោះទៅរក​ការសម្រេចបាន​ដំណោះស្រាយ​យូរអង្វែង​លើ​បញ្ហា​នេះ​។

​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ចំពោះ​កិច្ច​ស្ដីពី​ជំនួយ​មនុស្សធម៌​អាស៊ាន ដឹកនាំ​ដោយ ឯកឧត្ដម កូ កូ ឡាំង (H.E. Ko Ko Hlaing) ឯកឧត្តម​ប្រេសិត​ពិសេស​បាន​លើកឡើងថា កម្ពុជា​កំពុងធ្វើការ​ពិគ្រោះ​យោបល់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន លេខាធិការដ្ឋាន​អាស៊ាន និង​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​ស្តីពី​ជំនួយ​មនុស្សធម៌ និង​ការគ្រប់គ្រង​គ្រោះមហន្ដរាយ (AHA Centre) ក៏ដូចជា​ដៃគូ​ដទៃទៀត ដើម្បី​ព​ន្លឿ​ន​ជំនួយ​មនុស្សធម៌ រួមទាំង​វ៉ាក់សាំង​បង្ការ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ទៅ​មី​យ៉ាន់​ម៉ា ប្រកប ដោយ​យុត្តិធម៌ តម្លាភាព និង​គ្មាន​ភាព​រើសអើង​។ ជាការ​ឆ្លើយតប ឯកឧត្ដម យូ កូ កូ ឡាំង បានបង្ហាញ​ពី​ការបើក​ទូលាយ​របស់​ក្រុមការងារ​ចំពោះ​កិច្ច ក្នុងការ​បំពេញការងា​រ​ដើម្បី​ដោះស្រាយ​តម្រូវការ​មនុស្សធម៌​ជាបន្ទាន់​នៅ​មី​យ៉ាន់​ម៉ា​។ ភាគី​ទាំងពីរ​ទន្ទឹងរង់ចាំ​ពិភាក្សា​បន្ថែមទៀត​លើ​សំណើ​រៀបចំ «​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​» នៅ​ចុងខែ​មេសា​នេះ ដែលជា​ឱកាស​អាចឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ការផ្តល់​ជំនួយ​មនុស្សធម៌​ប្រកបដោយ​ប្រសិទ្ធភាព​ទៅដល់ អ្នក​ដែល​ត្រូវការ​បំផុត​ដោយ​គ្មាន​ការរើសអើង​។​

​ចំពោះ​កម្មវិធី​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ថ្ងៃ​ទីមួយ ឯកឧត្តម ប្រាក់ សុខុន បាន​ជួប​ជាមួយ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក យ៉ា ព្យេ (Yar Pyae) ប្រធាន​គណៈកម្មាធិការ​សាមគ្គីភាព និង​កសាង​សន្តិភាព​ជាតិ (NSPC) ដែល​ក្នុងជំនួប​នោះ ឯកឧត្តម​ប្រេសិត​ពិសេស​ក៏បាន​បង្ហាញ​ពី​ការត្រៀមខ្លួន​ជាស្រេច​ក្នុង​ការជួយ​សម្របសម្រួល​ឱ្យមាន​កិច្ចសន្ទនា និង​សង្កត់ធ្ងន់​ពី​សារៈសំខាន់​សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​ទទួលយក​បទ​ឈប់​បាញ់ បញ្ចប់​រាល់​អំពើហិង្សា និង​ប្រកាន់​ជំហរ​អត់ធ្មត់​បំផុត ក្នុងការ​ប្រើប្រាស់​កម្លាំង​យោធា បន្ធូរបន្ថយ​បរិយាកាស​អរិភាព និង​បង្កើត​បរិយាកាស​អំណោយ​ផល​មួយ សម្រាប់​កិច្ចសន្ទនា​នយោបាយ​ប្រកបដោយ​ន័យ​ស្ថាបនា​ក្នុងចំណោម​ភាគី​ទាំងអស់ ដើម្បី​ដោះស្រាយ​បញ្ហា​។​
​ឯកឧត្តម​ប្រេសិត​ពិសេស​ក៏បាន​ចែករំលែក​នូវ​បទពិសោធន៍ និង​មេរៀន​របស់​កម្ពុជា ក្នុងការ​ស្វែងរក​ការផ្សះផ្សា​ជាតិ និង​សន្តិភាព​យូរអង្វែង ខណៈពេលដែល​ឯកឧត្តម​សង្ឃឹមថា មី​យ៉ាន់​ម៉ា​អាចបង្កើត​ឱ្យមាន​ដំណោះស្រាយ​នយោបាយ​ប្រកបដោយ​បរិ​យាប​ន្ន​មួយ ដែលជា​កម្មសិទ្ធិ​របស់​មី​យ៉ាន់​ម៉ា និង​ដឹកនាំ​ដោយ​មី​យ៉ាន់​ម៉ា​ផ្ទាល់ ក្នុង​ការវិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​។ ក្នុងន័យនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ត្រូវបាន​កោតសរសើរ​ចំពោះ​តួនាទី​របស់​ឯកឧត្តម​ក្នុងនាម​ជា​ប្រេសិត​ពិសេស និង​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការកសាង​ទំនុកចិត្ត និង​ភាពជឿជាក់​ផ្នែក​នយោបាយ​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ក្នុងអំឡុងពេល​ដ៏​សំខាន់​នេះ ដែល​នេះ​ជា​គន្លឹះ​ក្នុងការ​ជំរុញឱ្យមាន​កិច្ចសន្ទនា​ប្រកបដោយ​បរិ​យាប​ន្ន ទៅលើ​វិធីសាស្ត្រ និង​មធ្យោបាយ​ប្រកប ដោយ​សន្តិភាព ប្រសិទ្ធភាព និង​សមស្រប ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​ត្រូវបាន​លើកទឹកចិត្ត​ឱ្យធ្វើ​ការ​ជាមួយ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់សម្រាប់​ដំណើរការ​សន្តិភាព​នៅ​មី​យ៉ាន់​ម៉ា​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​លើកឡើង​ពី​បញ្ហា​នៃ​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួន​ពីរ​ដ្ឋ​រ៉ា​ក់​ខា​ញ ដោយ​បានស្នើ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ដើម្បី​ព​ន្លឿ​ន​ដំណើរការ​លើ​ការវិល​ត្រលប់​របស់​ជនភៀសខ្លួន​។​

​នៅ​ថ្ងៃទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម​ប្រេសិត​ពិសេស​បាន​ជួប​ជាមួយ​ទីភ្នាក់ងារ​ឯកទេស​របស់អង្គការសហ ប្រជាជាតិ ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ និង​ធ្វើការ​វាយតម្លៃ​លើ​ការផ្តល់​ជំនួយ​មនុស្សធម៌ ក៏ដូចជា​ជួបពិភាក្សា​អាហារ​ពេល​ល្ងាច​ជាមួយ​ឯកអគ្គ​រាជ​/​រដ្ឋទូត និង​តំណាង​ស្ថានទូត​អាស៊ាន ដែល​ក្នុងឱកាស​នោះ អ្នក​ចូលរួមបាន​ផ្លាស់ប្តូរ​យោបល់​គ្នា​យ៉ាង​ទូលំទូលាយ​ទៅលើ​ស្ថានភាព​ជាក់ស្តែង​នៅ​មី​យ៉ាន់​ម៉ា ហើយ​ក៏បាន​ពិភាក្សា​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​នានា ដើម្បី​ជួយ​គាំទ្រ​ដល់​ការអនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច ដើម្បី​សម្រេចបាន​នូវ​អាទិភាព​បន្ទាន់​គឺ ការបញ្ចប់​អំពើហិង្សា និង​ការធានា​ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ ដែល​ក្នុងនោះ​រួមមាន​វ៉ាក់សាំង​បង្ការ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ផងដែរ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ឆ្លៀតឱកាស​ជួបពិភាក្សា​ជាមួយ​ដៃគូ​មួយចំនួន​របស់​អាស៊ាន ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា និង​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​ទាក់ទង​នឹង​ការបញ្ចប់​អំពើហិង្សា កិច្ចសន្ទនា​នយោបាយ និង​ជំនួយ​មនុស្សធម៌​។ ឯកឧត្តម​ប្រេសិត​ពិសេស​ក៏បាន​ជូនដំណឹង​ដល់​ពួកគេ​អំពី​គោលបំណង​នៃ​ទស្សនកិច្ច​នេះ និង​បាន​ចែករំលែក​នូវ​អាទិភាព​មួយចំនួន​ដែល​អាស៊ាន​នឹង​អនុវត្ត ដើម្បី​ការពារ​អាយុជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​រង់ចាំ​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​របស់​ប្រទេស​ដៃគូ​ទាំងនោះ សម្រាប់​ការអនុវត្ត​នូវ​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​។​

​ក្នុងអំឡុងពេល​នៃ​ទស្សនកិច្ច​ទៅកាន់​ឃ្លាំង​របស់​សមាគម​កាកបាទក្រហម​មី​យ៉ាន់​ម៉ា ក្នុង​ទីក្រុង​យ៉ាង​ហ្គូ​ន ប្រេសិត​ពិសេស​បាន​លើកទឹកចិត្ត​ដល់​សមាគមន៍​នេះ​ឱ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល​របស់ខ្លួន​ជាមួយ AHA Centre ក្នុងការ​ចែកចាយ​សម្ភា​រៈ​ផ្គត់ផ្គង់ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ដល់​សហគមន៍​នានា​នៅ​ទូទាំងប្រទេស​មី​យ៉ាន់​ម៉ា​។​

​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​ធ្វើឡើង​ប្រកបដោយ​ភាពស្និទ្ធស្នាល និង​ប្រកបដោយ​ផលិតភាព ដោយ​ទទួលបាន​លទ្ធផល​ដ៏​មាន​អត្ថន័យ ដែល​ឆ្លុះបញ្ចាំង​ពី​ការគាំទ្រ​របស់​មី​យ៉ាន់​ម៉ា​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​ជំរុញ​ទៅមុខ នៃ​ការអនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច និង​ដើរតួនាទី​ក្នុងការ​ពង្រឹង​ស្ថិរភាព​តំបន់ ក៏ដូចជា​ភាពជឿជាក់ ឯកភាព និង​ម​ជ្ឈ​ភាព​អាស៊ាន និង​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ការគាំទ្រ​របស់​មី​យ៉ាន់​ម៉ា​សម្រាប់​បេសកកម្ម​នានា​របស់​ប្រេសិត​ពិសេស រួមទាំង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នេះ និង​ដំណើរ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​ទៀត​។ ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​ទន្ទឹងរង់ចាំ​នូវ​វឌ្ឍន​ភាពជា​វិជ្ជមាន ពាក់ព័ន្ធ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដោះស្រាយ​វិបត្តិ​បច្ចុប្បន្ន​នៅ​មី​យ៉ាន់​ម៉ា រួមទាំង​ការអនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​ផងដែរ​៕សរន