ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួងកសិកម្មដើម្បី បន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានលក្ខណៈទំនើបឆ្លើយតបទៅនឹងបរិការណ៍ប្រែប្រួលសេដ្ឋកិច្ចក្នុងតំបន់ព្រមទាំងវិបត្តិ សកលពីជំងឺកូវី១៩ធានាចីរភាពផលិតផលសរុប​ក្នុងស្រុកជាពិសេសកែប្រែឥរិយាបថប្រជា កសិករពី “ការធ្វើកសិកម្មដើម្បីចិញ្ចឹមឆ្នាំង”ទៅជា“ការធ្វើកសិកម្មសម្រាប់ពាណិជ្ជកម្ម” គឺ“ការប្រែក្លាយកសិករទៅជាកសិ សហគ្រិន”។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្តល់នូវអនុសាសន៍សម្រាប់អនុវត្តបន្តនេះនៅក្នុងបិធីបិតសន្និបាតបូកសរុបការងារកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឆ្នាំ ២០២១និងទិស ដៅអនុវត្តឆ្នាំ២០២២​នារសៀលថ្ងៃពុធថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២២ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថាបច្ចុប្បន្នវិស័យកសិកម្មកម្ពុជាគឺជាវិស័យអាទិភាពដែលធានាសន្តិសុខស្បៀង អាហារូបត្ថម្ភនិងការនាំចេញដែលចាំបាច់ត្រូវ វិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គាំទ្រវិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ផ្លូវដឹកជញ្ជូន និងឡូជីស្ទីក ឥណទានកសិកម្ម ការស្រាវជ្រាវនិងអភិវឌ្ឍ​ ប្រភេទ​ពូជ ថ្មីៗ ការផ្សព្វផ្សាយបច្ចេកទេសទំនើប ។ជាមួយនេះរាជរដ្ឋាភិបាលបានផ្តល់អាទិភាពចំពោះការអនុវត្តគោ លនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០ ដែលគ្រោងដាក់ឱ្យអនុវត្តនាពេលដ៏ខ្លីខាងមុខនិងស្នើឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ តួអង្គពាក់ព័ន្ធទាំងវិស័យសាធារណៈវិស័យឯកជន និងដៃគូអភិវឌ្ឍ ដោយត្រូវធ្វើសមារណកម្មឱ្យកៀកទៅនឹងផលិតករសហគមន៍កសិកម្មនៅមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលបាននិងកំពុងជួបប្រទះ ។

សម្តេចតេជោបន្តថាដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានលក្ខណៈទំនើប ឆ្លើយតបទៅនឹងបរិការណ៍ប្រែប្រួលសេដ្ឋកិច្ចក្នុងតំបន់ព្រមទាំង វិបត្តិសកលពីជំងឺកូវី -១៩ ធានាចីរភាពផលិតផលសរុបក្នុងស្រុកជាពិសេសកែប្រែឥរិយាបថប្រជាកសិករពី “ការធ្វើកសិកម្មដើម្បីចិញ្ចឹមឆ្នាំង”ទៅជា “ការធ្វើកសិកម្មសម្រាប់ពាណិជ្ជកម្ម” គឺ “ការប្រែក្លាយកសិករទៅជាកសិសហគ្រិន”​ ក្នុងនាមរាជរដ្ឋាភិបាលសម្តេចសូមផ្តល់នូវអនុសាសន៍សម្រាប់អនុ វត្តបន្តរួមមាន ៖

ទី១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់-ព័ន្ធនានាត្រូវខិតខំអនុវត្ត “គោលយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០” ក្រោមកិច្ចសម្រប សម្រួលពីគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណ: ប្រកួតប្រជែង បរិយាប័ន្នធន់នឹងការប្រែ ប្រួលអាកាសធាតុ និងមានចីរភាព។ ជាមួយគ្នានេះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំផែនការសកម្ម ភាពដើម្បីអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតី-ភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” ។

ទី២. លើកកម្ពស់ផលិតកម្មដំណាំដែលមានសក្តានុពលនិងតម្រូវការទីផ្សារតាមរយ:ការជំរុញឧស្សាហកម្មពូជដំណាំពង្រឹងការត្រួតពិនិត្យនិងបញ្ជាក់គុណភាពពូជដំ ណាំនិងធាតុចូលកសិកម្មការផ្តល់សេវាបច្ចេកទេសកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗពង្រឹងសមត្ថភាពសហគមន៍កសិ កម្មឱ្យមានលក្ខណៈជាអាជីពកែលម្អ សមត្ថភាពកសិដ្ឋានស្ថានីយ-ពិសោធន៍និងប្រែក្លាយមជ្ឈមណ្ឌលអភិវឌ្ឍកសិកម្មទៅជា“មជ្ឈមណ្ឌលឧត្តមភាពកសិកម្ម”សម្រាប់ផ្សព្វផ្សាយបចេ្ចកទេសកសិកម្មឱ្យបាន​​ ទូលំទូលាយទូទាំងប្រទេស ។

ទី៣. ត្រូវបន្តបង្កើនផលិតភាពដំណាំកៅស៊ូធម្មជាតិ ពង្រឹង និងពង្រីកសហគមន៍កសិករកៅស៊ូគ្រួសារដើម្បីបង្កើន កាលានុវត្តភាពក្នុងការការពារផលប្រយោជន៍កសិករ ជំរុញវិនិយោគលើការកែច្នៃផលិតផលកៅស៊ូដើម្បីបង្កើនតម្លៃបន្ថែមត្រួតពិនិត្យការនាំចេញខុសច្បាប់នូវជ័រកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃព្រមទាំងជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្នាំ ២០៣០ សំដៅពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍដំណាំកៅស៊ូកម្ពុជាប្រកបដោយចីរភាព ។

ទី៤. ត្រូវពង្រឹងការអនុវត្តវិធានការការពារដំណាំ និងជំរុញ ការអនុវត្ត “ច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ”ដូច្នេះគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត សមត្ថកិច្ចគយ និងរដ្ឋាករនៅច្រកព្រំដែនត្រូវសហការជាមួយជំនាញអនាម័យ និងភូតគាមអនាម័យ ជំរុញការចុះហត្ថលេខាលើពិធីសារអនាម័យ និងភូតគាមអនាម័យ សម្រាប់នាំចេញផលិតផលកសិកម្មដែលមានតម្រូវការទីផ្សារនិងត្រូវពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព សុវត្ថិភាពកសិផលនិងធាតុចូលកសិកម្មស្រប​​​ តាមស្តង់ដារជាតិ និងអន្តរជាតិ ។

ទី៥. ត្រូវបន្តយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ខ្សែច្រវាក់ផលិតកម្មសត្វសំខាន់ៗសំដៅធ្វើឱ្យប្រសើរឡើងនូវផលិតភាពនៃផលិតកម្មសត្វបង្កើនវិនិយោគ លើការរៀបចំបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជគោពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ វិភាគជំងឺសត្វ បង្កើតស្ថានីយចត្តាឡីស័ក និងរៀបចំមជ្ឈមណ្ឌលផលិត វ៉ាក់សាំងសត្វ ជាមួយនឹងការលើកទឹកចិត្តវិស័យឯកជនដើម្បីវិនិយោគបន្ថែមទៀតនូវរោងចក្រផលិតចំណីសត្វដើម្បីកាត់បន្ថយការនាំចូលចំណីសត្វផ្សំរួចពីបរទេស ។

ទី៦. ត្រូវបន្តជំរុញនិងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាព ប្រកបដោយប្រសិទ្ធភាពស្របតាម “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ ២០ ១៦-២០៣០” ដើម្បីធានាបាននូវការផ្គត់ផ្គង់សាច់ត្រីក្នុងស្រុកនិងនាំចេញប្រកបដោយគុណភាព សុវត្ថិភាព និងរក្សាបានការប្រកួតប្រជែងតម្លៃទីផ្សារ ។ត្រូវពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យក្លាយជាសហគមន៍នេសាទគ្មានបទល្មើសជលផល ។ ត្រូវពង្រឹងការគ្រប់គ្រងនិងការពារកន្លែងអភិរក្សជល ផល ត្រូវថែរក្សាការពារព្រៃលិចទឹកនិងព្រៃកោង កាងឱ្យបានគង់វង្សនិងត្រូវមានវិធានការប្រកបដោយតម្លាភាព រាល់ការធ្វើពាណិជ្ជកម្មខុសច្បាប់ប្រ ភេទធនធានជលផល ។ ត្រូវបញ្ចប់ការរៀបចំវិសោធនកម្មច្បាប់ស្តី ពីជលផលដើម្បីពង្រឹងការគ្រប់គ្រងនិងអនុវត្តអនុវិស័យជលផលនិងលិខិតបទដ្ឋា នគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការនេសាទល្មើសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ។

ទី៧. ត្រូវបន្តពង្រឹងនិងពង្រីកសហគមន៍ព្រៃឈើតាមរយៈប្រព័ន្ធកសិ-រុក្ខកម្មនិងការចិញ្ចឹមសត្វការគ្រប់គ្រងធនធានព្រៃឈើនិងសត្វព្រៃការស្តារព្រៃ ឈើឡើងវិញការបន្ត ធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើជាមួយនឹងការចូលរួមគាំទ្រការធានាចីរភាពបរិស្ថានស្របតាមគោលការណ៍ “ អភិវឌ្ឍបៃតង ”ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកា សធាតុសំដៅកាត់បន្ថយផលអវិជ្ជមានជាអតិបរមា មកលើកំណើនសេដ្ឋកិច្ច និងជីវភាពសង្គម ។

ទី៨. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងស្ថា-ប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវរួមសហការស្រាវជ្រាវ ទប់ស្កាត់ និង បង្រ្កាបបទល្មើសព្រៃឈើ​ ជលផល និងការកាប់រានដុតឈូសឆាយដីព្រៃឈើព្រៃលិចទឹកតាមគ្រប់រូបភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយ​ប្រសិទ្ធ ភាពនិងតម្លាភាព ។មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវចេះយោគយល់ សម្របសម្រួល និងសហការគ្នាជិតស្និទ្ធ ដើម្បីប្រសិទ្ធភាពការងារក្រសួងសាមី និងរាជរដ្ឋាភិបាល ។

ទី៩. ត្រូវលើកកម្ពស់ការចូលរួមវិនិយោគពីវិស័យឯកជនក្នុងគ្រប់ខ្សែច្រវាក់តម្លៃកសិកម្មបង្កើតតំបន់កសិ-ឧស្សាហកម្មកែច្នៃសម្រាប់នាំចេញពង្រីកយន្តការអនុវត្ត “ផលិត កម្មកសិកម្មតាមកិច្ចសន្យា”ឱ្យបានកាន់តែទូលំទូលាយ ។ ស្ថាប័នពាក់ព័ន្ធធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវសហការគ្នាក្នុងការផ្តល់ឥណ ទានដល់សហគ្រាសកែច្នៃកសិផលធុនតូច និងមធ្យមដែលរាជរដ្ឋាភិបាលទើបធ្វើការផ្សព្វផ្សាយស្តីពីការប្រើប្រាស់មូលនិធិបន្ថែមថ្មីចំនួន ១០០ លានដុល្លារអាមេរិក ។

ទី១០.ត្រូវពន្លឿនការរៀបចំនិងកែទម្រង់រចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងវិស័យកសិកម្មលើកកម្ពស់ការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាកសិកម្មទំនើប បង្កើនផលិតភាព និង ពិពិធកម្មកសិកម្មដើម្បីគុណភាពសុវត្ថិភាពនិងអាហារូបត្ថម្ភអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ទេរបច្ចេកវិទ្យាចំណេះដឹងនិងអភិវឌ្ឍជំនាញឌីជីថលលើកកម្ពស់វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ប្រែក្លាយមន្ទីរពិសោធន៍តាមអនុវិស័យនីមួយៗ តាមស្តង់ដារ ISO និងចូលរួមដើម្បីបង្កើតបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជានាអនា គត ។

ទី១១.ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជិតខាង និងបណ្តាប្រទេសដៃគូអភិវឌ្ឍនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគីនិងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់និងអនុតំបន់ដើម្បីកៀរគរជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសថ្មីៗ សំដៅបន្តការធ្វើទំនើបភាវូបនីយកម្មកសិ កម្មជាមួយនឹងការស្វែងរកទីផ្សារសម្រាប់ ផលិតផលកសិកម្មឱ្យបានទូលំទូលាយជាមួយប្រទេសនានាក្នុងបរិការណ៍នៃសកលូបនីយកម្មដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជាជាសសរទ្រូងទ្រទ្រង់កំណើន សេដ្ឋកិច្ច ជាតិ និងផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ ។

តាមការលើកឡើងដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិស័យកសិកម្មឆ្នាំ ២០២១ កន្លងទៅ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បរិមាណផលស្រូវសរុបសម្រេចបានជាង ១២,២ លានតោន កើនឡើងប្រមាណ ១១,៦% ធៀបនឹងឆ្នាំ ២០២០ ការប្រើប្រាស់គ្រឿងយន្តសម្រាប់ភ្ជួររាស់មានរហូតដល់ ៩៩,៤២%និងអតិរេកស្រូវមានចំនួនជាង ៦,៩៤ លានតោន ឬ គិតជាអង្ករស្មើនឹងប្រមាណ ៤,៤៤លានតោន ដំណាំសាកវប្បកម្មសម្រេចបានជាង ៤,៣៦ លានតោន និងដំណាំឧស្សាហកម្មសម្រេចបានជាង ១៩ លានតោន ។ ផលិតកម្មសត្វដែលមានទ្រង់ទ្រាយជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្មកើនប្រមាណ ១១,២% ធៀបនឹងឆ្នាំ ២០២០ ហើយធានាបាននូវការផ្គត់ផ្គង់សាច់ចំនួន ៨៧% ។ ដោយឡែកតម្លៃនៃការនាំចេញផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ ២០២១ មានប្រមាណ ៥ ០០០លាន ដុល្លារអាមេរិកមានកំណើន ២៥% ធៀបទៅនឹងការនាំផលិតផលកសិកម្មឆ្នាំ ២០២០ ដែលក្នុងនោះការនាំចេញផលិតផលកៅស៊ូទទួលបានចំណូលជាង ៦១០​លាន ដុល្លារអាមេរិកលើសឆ្នាំកន្លងទៅ ៕