ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានស្នើសុំគណបក្សនយោបាយ និងប្រជាពលរដ្ឋ បន្តចូលរួមបង្កលក្ខណៈឱ្យដំណើការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយរលូន ដើម្បីរួមចំណែកពង្រឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ការស្នើរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ និងសមិទ្ធផលនានា ស្ថិតនៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ ពាក់ព័ន្ធនឹងការបោះឆ្នោតខាងមុខ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវជាថ្មីទៀតឲ្យអាជ្ញាធររដ្ឋបាលរាជធានី ខេត្ត ក្រុងស្រុកខណ្ឌ ឃុំសង្កាត់ រួមទាំងកងកម្លាំង និងមន្រ្តីពាក់ព័ន្ធខិតខំសម្របសម្រួលឱ្យគណបក្សនយោបាយទាំងអស់ធ្វើសកម្មភាពស្របតាមច្បាប់។ សម្ដេចក៏បានស្នើសុំគណបក្សនយោបាយ និងប្រជាពលរដ្ឋ បន្តចូលរួមបង្កលក្ខណៈឱ្យដំណើការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយរលូន ដើម្បីរួមចំណែកពង្រឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

សម្ដេចក្រឡាហោម ក៏បានរំលឹកជាថ្មីទៀតអំពីការបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវក្នុងភាពជាមន្រ្តីមុខងារសាធារណៈ និងភាពជាអ្នកនយោបាយ ដើម្បីពង្រឹងនីតិរដ្ឋ និងបញ្ចៀសការប្រកាន់និន្នាការ។ ដោយសម្ដេចបានលើកឡោះងថា សមិទ្ធផលសាធារណៈ មានសាលារៀនជាដើម ទោះបីដាក់ឈ្មោះសម្ដេច ឬសម្តេចតេជោ ជាអនុប្រធាននិងប្រធានគណបក្សប្រជាជនកម្ពុជាក្ដី ប៉ុន្តែទីនេះជាកន្លែងផ្ដល់សេវាអប់រំជូនកូនចៅប្រជាពលរដ្ឋទូទៅ និងបំរើឱ្យប្រយោជន៍សាធារណៈ។

សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនប្រជាពលរដ្ឋដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាឱ្យរដ្ឋបាលស្រុក និងស្រុកជាដើមកាន់តែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំរើសេវាសាធារណៈ និងការសម្រេចចិត្តទាំងឡាយ ដែលឆ្លើយបានតាមសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ សម្ដេចក៏លើកឡើងអំពីគុណតម្លៃនៃការបោះឆ្នោតឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសមេដឹកនាំឃុំរបស់ខ្លួន៕srn