ដោយៈ សុផល / ភ្នំពេញ: កម្ពុជា បានលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន បានចំនួន ២០១ ៩៨០ លេខ ដោយទទួលបានចំណូលសរុប ចំនួន ២៨០ ៧២៨ ២២៨ ៨០០ រៀលស្មើនឹង ៧០ ១៨២ ០៥៧ ដុល្លារអាមេរិក គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ របស់គណៈកម្មការអន្តរក្រសួង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។
ដោយឡែក ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ក្នុងឆ្នាំ២០២១ ទទួលបានចំណូលថវិកាសរុប ចំនួន ៦៨ ៦៤៦ ៣៤២ ៣០០ រៀល កើនឡើងប្រមាណ ៩% ធៀបនឹងឆ្នាំ២០២០។
នៅក្នុងកិច្ចប្រជុំពិភាក្សា លើរបាយការណ៍វឌ្ឍនភាព នៃការលក់លេខចុះបញ្ជីរថយន្ត កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួង គ្រប់គ្រងការលក់ លេខចុះបញ្ជីរថយន្ត បានមានប្រសាសន៍ឱ្យដឹងថា៖ អន្តរក្រសួង បានជ្រើសរើស ក្រុមហ៊ុនគោលដៅចំនួន១៤ ក្រុមហ៊ុន ដើម្បីជំរុញការលក់លេខពិសេស ផ្ទាល់ខ្លួន ក្នុងតម្លៃឯកភាព ព្រមព្រៀងណាមួយ ការពិនិត្យលើបញ្ជីឈ្មោះ ម៉ាក កម្មសិទ្ធិបញ្ញា ដែលទទួលបានពី ក្រសួងពាណិជ្ជកម្ម មានជាង ៦ ម៉ឺន ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ និងការសហការ រវាងអនុគណៈកម្មការបច្ចេកទេសរៀបចំ បញ្ចូលទៅក្នុងប្រព័ន្ធ គោលការណ៍ ក្នុងការចាប់សញ្ញាចុច (DOT) ក្នុងការគណនាតម្លៃលេខទាំងឡាយណា ដែលមាន តួលេខ១៦៨ ការកែសម្រួលអត្រារូបមន្ត ដែលទើបបង្កើតថ្មី ចំនួនជាង ៦០០ រូបមន្ត និងបញ្ជី ឈ្មោះក្រុមហ៊ុន ពីក្រសួងពាណិជ្ជកម្មផងដែរ។
ទន្ទឹមជាមួយគ្នានេះ លោកស្រី រដ្ឋលេខាធិការ បានរំលឹកអំពីអនុសាសន៍ណែនាំ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានលើកឡើង នៅក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២២ ឱ្យរៀបចំរូបមន្ត សម្រាប់ការគណនាថ្លៃ បន្ថែមទៀត សម្រាប់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ដោយឃើញថា ផ្លាកលេខប្រភេទនេះ កាន់តែមានប្រជាប្រិយភាព ពេញនិយមខ្លាំងឡើងៗ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ទៅកាន់ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង កាន់តែប្រសើរឡើង អំពីលេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូលជាតិ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកស្រី បានបញ្ជាក់បន្ថែមថា៖ គណៈកម្មការនឹងពិនិត្យលទ្ធភាព ជួបប្រជុំជាមួយនឹងក្រុម ហ៊ុននានា ដូចជា ក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុនសូគីមិច និងក្រុមហ៊ុនជាច្រើនទៀត ដើម្បីធ្វើការផ្សព្វផ្សាយ ឱ្យក្រុមហ៊ុនទាំងនោះ បានដឹងអំពីជម្រើស និងគោលការណ៍រួម ដែលត្រូវផ្តល់ជូន ទាក់ទងនឹងការទិញលេខចុះ បញ្ជីពិសេស និងលេខចុះបញ្ជីពិសេស ផ្ទាល់ខ្លួន៕/V