បទល្មើស​កើតមាន​មួយឆ្នាំ​មកហើយ​ជំនាញ​ទើបតែ​ចាត់ការ​

1050
ចែករម្លែក
  • 140
    Shares

​កំពត​៖ ក្រោម​កិច្ចសម្របសម្រួល ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ សមត្ថកិច្ច​ម្រុះ​ដែលមាន​មន្ត្រី​វប្បធម៌ ជា​សាមី​អង្គ​ភា​ជំនាញ​បាន​ចុះ​ឆែកឆេរ និង​ឃាត់ខ្លួន​បុរស​ម្នាក់​ក្នុង​បទ​សង្ស័យ​បើក​អាជីវកម្ម​ថតចម្លង​ឌី​ស ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី​។​

​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត បាន​រៀបរាប់ថា ក្រោយ​ទទួល​បណ្តឹង​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សុ​ល្បៈ​ខេត្តកំពត ក្រោម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ខេត្ត និង​មានការ​ចូលរួម​សម្របសម្រួល​នីតិវិធី ដោយ​លោក ខាន់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត កាលពី​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ខេត្ត សហការ​ជាមួយ​សមត្ថកិច្ច នៃ​អធិការដ្ឋាន​ស្រុក​ជុំ​គិរី បាន​ចុះ​ដល់​គោលដៅ រួច​ឆែកឆេរ​លំនៅស្ថាន​មួយ ស្ថិត​ក្នុងភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី​។ ជា​លទ្ធផល សមត្ថកិច្ច​បាន​រកឃើញ​ឌី​ស​ចំនួន ៤,៥ គីឡូក្រាម ម៉ាស៊ីនថតចម្លង​មួយ គ្រឿង និង​សម្ភារៈ​បម្រើឱ្យ​បទល្មើស​នេះ​មួយចំនួនទៀត​។

​ពាក់ព័ន្ធ​នឹង​វត្ថុតាង​ទាំងនោះ សមត្ថកិច្ច​ក៏​សម្រេច​ឃាត់ខ្លួន​បុរស​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​ឡុង រើ​ន អាយុ ២៨​ឆ្នាំ​នាំមក​កាន់​ស្នងការដ្ឋាន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។​

​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ខាងលើ ប្រភពព័ត៌មាន​មកពី​ទីរួមស្រុក​ជុំ​គិរី បាន​បង្ហើប​ឱ្យដឹងថា ករណី​ថតចម្លង​ឌី​ស​ក្លែងក្លាយ​នេះ កើតមានឡើង​យូរ​ឆ្នាំ​មកហើយ តែ​ប្រហែលជា​អាចមាន​អាថ​កំបាំង​អ្វី រវាង​អ្នក​ប្រកប​អាជីវកម្ម និង​មន្ត្រី​ជំនាញ​ទទួលបន្ទុក ទើប​ដំណើរការបាន​ដោយ​គ្មាន​រាំងស្ទះ​នោះ​។​

​ឆ្លើយតប​បញ្ហា​ខាងលើ លោក​ទុំ សាវុធ ប្រធានការិយាល័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​ស្រុក​ជុំ​គិរី បានបញ្ជាក់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧​ថា ការប្រកប​អាជីវកម្ម​ថតចម្លង​ឌី​ស​គ្មាន​ច្បាប់​នេះ បានចាប់ផ្តើម​ដំណើរការ​ជាង​មួយឆ្នាំ​ហើយ​។ ដំបូង​ឡើយ​លោក​បាន​ចុះ​ណែនាំ​ដល់​លំនៅស្ថាន​ផ្ទាល់ ដើម្បី​ឱ្យធ្វើ​ច្បាប់ តែ​អាជីវករ​រូបនោះ​ហាក់ដូចជា​មិន​ស្តាប់​សោះ​។

​លោក​ប្រធានការិយាល័យ​បាន​បញ្ជាក់ថា បញ្ហា​នេះ លោក​ក៏បាន​រាយការណ៍​ជូនទៅ​ជំនាញ​ថ្នាក់​ខេត្ត​តាំងពី​ដំបូង​ដែរ ហើយ​ចេះតែ​យោគយល់​បណ្តែតបណ្តោយ​ឱ្យ​រកស៊ី​សិន​ចុះ​។ ក្រោយមក​នៅតែ​មិន​ស្តាប់​តាម​ជំនាញ ដោយ​នៅតែ​ដំណើរការ​ទាំង​ពុំមាន​ច្បាប់​ដដែល​។ រឿងនេះ​មិនមែន​កំហុស​អាជ្ញាធរ​ទេ គឺ​មកពី​សាមីខ្លួន​តែម្តង​។​

​លោក ព្រហ្ម វាសនា អធិការនគរបាល​ស្រុក​ជុំ​គិរី បានបញ្ជាក់​តាម​ទូរ​សព្ទ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា​នេះដែរ​ថា ករណី​បើក​អាជីវកម្ម​ថត​ចម្ង​ង​ឌី​ស​នេះ មាន​សកម្ម​ភាពជា​យូរ​មកហើយ តែ​លោក​មិនបាន​ដឹងថា​មានច្បាប់ ឬ​គ្មា​នោះទេ ព្រោះ​ស្ថិតនៅលើ​ជំនាញ​ផ្សេង​។ លុះ​ពេល​សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​ទើប​ដឹងថា មុខរបរ​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​៕ ដោយ​៖ បូកគោ​