ប្រែសម្រួលៈបំណង (Xinhua)៖ ជំនួបកំពូលដ៏ប្រញាប់ប្រញាល់ចំនួនបីក្នុងរយៈពេលពីរថ្ងៃកាលពីថ្ងៃព្រហស្បតិ៍និងសុក្រ គេឃើញប្រធានាធិបតីអាម៉េរិកប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែល ដោយចាប់ដៃថតរូបនិងព្យាយាមល្បួងបង្ហាញការឯកភាពគ្នាមួយជាមួយដៃគូអឺរ៉ុប តែទោះជាយ៉ាងដូច្នេះលោកបរាជ័យក្នុងការបញ្ចុះបញ្ចូលអោយពួកគេដាក់ទណ្ឌកម្មថែមទៀតលើរុស្ស៊ី។
ក្រោយពីជំនួបរបស់អង្គការសន្និសញ្ញាអាត្លង់ទិចខាងជើង(ណាតូ) និងG-7 កិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុបត្រូវបានរៀបចំធ្វើឡើងបន្ទាប់កាលពីថ្ងៃព្រហស្បតិ៍និងបន្តចូលដល់ថ្ងៃសុក្រទី២៥មីនាដោយក្នុងអំឡុងកិច្ចប្រជុំនេះ វិបត្តិអ៊ុយក្រែនជាការផ្តោតអារម្មណ៍ខ្លាំងបំផុត។
ទោះជាហាក់មានការមូលមតិគ្នាជាឯកច្ឆន្ទប្រឆាំងនឹងរុស្ស៊ីនៅទូទាំងភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិច ក៏ការព្រួយបារម្ភផ្នែកភូមិសាស្ត្រនយោបាយនិងផលប្រយោជន៍ផ្សេងគ្នាបានចូលមកជ្រៀតជ្រែក ដោយធ្វើអោយលំបាកក្នុងការថ្លឹងថ្លែងការទាមទាររបស់ភាគីផ្សេងៗ។
និយាយអោយចំកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុបមិនបានយល់ស្របលើការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ទោះជាមានវត្តមានរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ដែលនេះវាឆ្លុះបញ្ចាំងគោលជំហរផ្សេងគ្នាក្នុងចំណោមសមាជិកសហភាពអឺរ៉ុប(អ៊ីយូ) នៅពេលពួកគេកាន់តែបារម្ភខ្វល់ខ្វាយអំពីផលវិបាកចេញពីចំណាត់ការដូច្នេះ ។
ពួកមេដឹកនាំដែលបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបនៅក្រុងព្រុយសែល ប្រទេសបែលហ្ស៊ិច កាលពីថ្ងៃ២៤មីនា
នៅពេលលោកបៃឌិនរវល់តែបង្ហាញឯកភាពនៅជំនួបកំពូលកាលពីថ្ងៃព្រហស្បតិ៍ សេតវិមានបានប្រកាសដាក់ទណ្ឌកម្មថ្មីលើសភារុស្ស៊ីនិងពួកមហាសេដ្ឋីរុស្ស៊ីមួយចំនួន រួមទាំងបណ្តាស្ថាប័នហិរញ្ញវត្ថុជាច្រើននិងមេដឹកនាំរបស់វា។
ផ្ទុយទៅវិញ ពួកមេដឹកនាំអ៊ីយូ បន្ទាប់ពីផ្លាស់ប្តូរយោបល់ជាមួយប្រធានាធិបតីអាម៉េរិកស្តីពីកិច្ចសហការឆ្លងមហាសមុទ្រក្នុងបរិបទវិបត្តិអ៊ុយក្រែន បានសំរេចថា ប្លុកនេះនឹងមិនដាក់ទណ្ឌកម្មថែមលើរុស្ស៊ីទេ ដោយបានចេញសេចក្តីថ្លែងការណ៍មួយថា« សហភាពអឺរ៉ុបតាំងពីមុនមកបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរគួរសមដែលបានបង្កផលប៉ះពាល់ធំធេងលើរុស្ស៊ីនិងបេឡារូស ហើយត្រៀមបិទចន្លោះប្រហោង និងផ្តោតលើបញ្ហាប្រឈមជាក់ស្តែង ព្រមទាំងត្រៀមចាត់ការអោយបានលឿនជាមួយនឹងការដាក់ទណ្ឌកម្មបែបសម្របសម្រួលគ្នាដ៏ស្វាហាប់»។
ថ្លែងទៅកាន់អ្នកយកព័ត៌មានមុនជំនួបកំពូលអ៊ីយូ នាយករដ្ឋមន្ត្រីហូឡង់ បាននិយាយថា លោកមិនរំពឹងថាពួកមេដឹកនាំអ៊ីយូ យល់ព្រមបន្ថែមទណ្ឌកម្មទេ ។
ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្ត្រីក្រិចបានទទួលស្គាល់ផលប៉ះពាល់ដ៏ធំចេញពីទណ្ឌកម្មរបស់អ៊ីយូបច្ចុប្បន្នលើរុស្ស៊ី និងបាននិយាយថា អ៊ីយូទំនងជារងផលពីទណ្ឌកម្មទាំងនេះផងដែរ។ចំណែកនាយករដ្ឋមន្ត្រីលុចហ្សំបួរ បានក៏បានច្រានចោលទណ្ឌកម្មថ្មីដរាបណារុស្ស៊ីនៅមិនទាន់«ឆ្លងហួសបន្ទាត់ក្រហម»ទេ។
សូមបញ្ជាក់ថា ទោះជាអាម៉េរិកនិងអ៊ីយូបានប្រកាសបង្កើតក្រុមការងារមួយកាលពីថ្ងៃសុក្រដើម្បីបន្ថយការពឹងផ្អែករបស់អឺរ៉ុបលើឥន្ធនៈផូស៊ីល(ប្រេងនិងហ្គាស)របស់រុស្ស៊ី ក៏ប្រទេសជាច្រើននៅអឺរ៉ុប រួមមានអាល្លឺម៉ង់ នៅតែស្ទាក់ស្ទើរប្រកាសចាត់វិធានការគំហ៊ុកប្រឆាំងថាមពលរបស់រុស្ស៊ីដោយខ្លាចមានបញ្ហាផ្គត់ផ្គង់វាភ្លាមៗ៕