​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្នុង​រយៈពេល​មួយ​ខែ​នៃ​ជម្លោះ​ក្នុងប្រទេស​អ៊ុ​យក្រែន តម្លៃ​ប្រេង​ពិភពលោក​បាន​ឡើងថ្លៃ ក្រុមហ៊ុន​បរទេស​បាន​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី ហើយ​ទីក្រុង​មូ​ស្គូប្រ​ឈម​មុខនឹង​ការ​មិន​អាច​សងបំណុ​លបាន​ជា​លើកដំបូង​។​

​នេះ​ជា​ការ​ក្រឡេក​មើល​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ពី​ការ​លុកលុយ​ថ្ងៃទី ២៤ កុម្ភៈ របស់​រុស្ស៊ី​លើ​ប្រទេស​ជិតខាង ៖

– ទំនិញ​ឡើងថ្លៃ​

​តម្លៃ​ប្រេង​និង​ហ្គាស​បាន​កើនឡើង​ដោយសារ​ការបារម្ភ​អំពី​ការផ្គត់ផ្គង់ ព្រោះ​រុស្ស៊ី​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ផលិត​និង​នាំចេញ​ឥន្ធនៈផូស៊ីល​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។​

​ប្រេង​ឆៅ​នៅ​ទីផ្សារ Brent North Sea ដែល​ជា​ស្តង់ដារ​អន្តរជាតិ គឺ​មាន​តម្លៃ​ប្រហែល ៩០ ដុល្លារ​ក្នុង​ខែ​កុម្ភៈ​។ នៅ​ថ្ងៃទី ៧ ខែ​មីនា វា​បាន​ឡើងថ្លៃ​រហូតដល់ ១៣៩,១៣​ដុល្លារ​ជិត​ដល់​​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ១៤ ឆ្នាំ ហើយ​តម្លៃ​នៅតែ​បន្ត​ប្រែប្រួល​ខ្លាំង​។​

​តម្លៃ​បាន​កើន​ឡើង​នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​ផងដែរ ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​នានា​ចាត់​វិធានការ​ដើម្បី​បន្ធូរបន្ថយ​ការប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អ្នក​ប្រើប្រាស់ ៖​អាករ​លើ​តម្លៃ​បន្ថែម​ត្រូវ​​បាន​បន្ថយ​នៅក្នុង​ប្រទេស​ស៊ុយអែត តម្លៃ​ប្រេង​ត្រូវ​បាន​ទម្លាក់​នៅ​ហុងគ្រី ឬ ការលក់​បញ្ចុះ​តម្លៃ​ប្រេង​បាន​ធ្វើឡើង​នៅ​ប្រទេស​បារាំង​។​

​តម្លៃ​ហ្គាស​ក៏​បាន​កើនឡើង​ខ្ពស់​ផង​ដែរ ដោយ​ទីផ្សារ​ហ្គាស​អឺរ៉ុប ហៅថា Dutch TTF បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន​គឺ ៣៤៥ អឺរ៉ូ​នៅ​ថ្ងៃទី ៧ ខែ​មីនា​។​

​សហរដ្ឋ​អាម៉េរិក កាណាដា និង​អង់គ្លេស​បាន​ប្រកាស​ហាម​ប្រាម​ប្រេង​របស់​រុស្ស៊ី​។​

​សហភាព​អឺរ៉ុប​បាន​បញ្ចៀស​ការដាក់ទណ្ឌកម្ម​លើ​វិស័យ​ថាមពល​របស់​រុស្ស៊ី ខណៈ​ប្រទេស​មួយចំនួន​ដូចជា​អាល្លឺម៉ង់​គឺ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការផ្គត់ផ្គង់​ប្រេង​និង​ឧស្ម័ន​របស់​ទីក្រុង​មូ​ស្គូ​។​

​ទំនិញ​ផ្សេងទៀត​ដែល​ផលិត​ភាគច្រើន​នៅក្នុង​ប្រទេស​រុស្ស៊ី​បាន​ឡើងថ្លៃ រួមទាំង នី​កែ​ល​និង​អាលុយមីញ៉ូម​។​

​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឧស្សាហកម្ម​រថយន្ត​ប្រឈម​នឹង​ការរំខាន​ខ្លាំង​ផង​ដែរ ដោយសារ​គ្រឿងបន្លាស់​សំខាន់ៗ​គឺ​មកពី​អ៊ុ​យក្រែន​។​

– ការគំរាមកំហែង​លើ​ស្បៀងអាហារ​

​ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​ព្រមាន​ថា ជម្លោះ​អាច​ជះ​ផលប៉ះពាល់​ហួស​ឆ្ងាយ​ពី​ប្រទេស​អ៊ុ​យក្រែន ដោយ​បង្ក​ឱ្យមាន​”​ព្យុះសង្ឃរា​នៃ​ភាពអត់ឃ្លាន​និង​ការ​រលំរលាយ​​នៃ​ប្រព័ន្ធ​ស្បៀងអាហារ​ពិភពលោក​”​។​

​រុស្សី​និង​អ៊ុយ​ក្រែន​គឺជា​ទីផ្សារ​នំប៉័ង​សម្រា​ប់​ពិភពលោក ដែល​ស្មើនឹង ៣០ ភាគរយ​នៃ​ការនាំចេញ​ស្រូវ​សាលី​ពិភពលោក​។​

​តម្លៃ​គ្រាប់​ធញ្ញជាតិ​និង​ប្រេងឆា​បាន​ឡើងថ្លៃ​។​

​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា ចំនួន​អ្នក​ខ្វះ​អាហារូបត្ថម្ភ​អាច​កើនឡើង​ពី ៨ ទៅ ១៣ លាន​នាក់​ក្នុងអំឡុង​ឆ្នាំនេះ និង​ឆ្នាំក្រោយ​។​

​កប៉ាល់​នានា​មិន​ចាកចេញ​ពី​អ៊ុយ​ក្រែន​បានទេ ហើយ​មាន​ការព្រួយបារម្ភ​អំពី​រដូវ​សាបព្រោះ​ក្នុងប្រទេស​នាពេលខាងមុខ​។​

​សហរដ្ឋ​អាម៉េរិក ឥណ្ឌា និង​អឺរ៉ុប​អាច​គ្របដណ្តប់​ការខ្វះខាត​ស្រូវ​សាលី​បាន​។ ប៉ុន្តែ​វា​អាច​មាន​ភាពស្មុគស្មាញ​ក្នុង​ការជំនួស​ប្រេង​ផ្កាឈូករ័ត្ន​និង​ពោត​ដែល​អ៊ុយ​ក្រែនជា​ប្រទេស​នាំ​ចេញលេ​ខ​មួយ​​និង​លេខ​បួន​សម្រាប់​ផលិតផល​ទាំងពីរ​នេះ​នៅលើ​ពិភពលោក​។​

– ទីផ្សារ​រង្គោះរង្គើ​

​ទីផ្សារ​ភាគហ៊ុន​បានចាប់ផ្តើម​នៅ​ឆ្នាំ ២០២២ នៅលើ​កំណត់ត្រា​ដ៏​ល្អ​មួយ ខណៈ​ដែល​សេដ្ឋកិច្ច​នានា​បាន​ងើប​ឡើងវិញ​ពី​ជំងឺ​រាតត្បាត​កូវី​ដ ហើយ​ក្រុមហ៊ុន​នានា​បាន​ប្រកាស​លទ្ធផល​ដែល​មាន​សុខភាព​ល្អ​។​​ប៉ុន្តែ​សង្គ្រាម​បាន​នាំមក​នូវ​ភាព​រង្គោះរង្គើ​ដល់​ទីផ្សារ ខណៈ​ដែល​ផ្សារ​ហ៊ុន​របស់​ទីក្រុង​មូ​ស្គូ​បានបិទ​អស់​រយៈពេល​បី​សប្តាហ៍ ហើយ​បាន​បើក​ឡើង​វិញ​មួយ​ផ្នែក​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​មីនា​។​

​ការដាក់ទណ្ឌកម្ម​រប​ស់លោក​ខាងលិច​បាន​ធ្វើ​ឱ្យ​គាំង​ដល់​វិស័យ​ធនាគារ​និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី ខណៈ​ដែល​ប្រាក់​រូប​ល្លិ៍ (ruble) បាន​ដួលរលំ​។​

​វិធានការ​នេះ​រួមបញ្ចូល​ទាំង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កក​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស​របស់​រុស្ស៊ី​ដែល​មាន​ចំនួន​៣០០​ពាន់​លាន​ដុល្លារ​ដែល​រក្សាទុក​នៅ​បរទេស​។​

​ឥឡូវនេះ​រុស្ស៊ី​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ការ​មិន​អាច​សងបំណុល​បាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​។​

​ទីក្រុង​មូ​ស្គូបា​នបង់​ការប្រាក់​លើ​សញ្ញា​ប័ណ្ណបំណុល​ដែល​គ្របដណ្តប់​ដោយ​ប្រាក់​ដុល្លារ​ចំនួន​ពីរ​កាលពី​សប្តាហ៍​មុន​ដោយ​ផ្តល់​ឱ្យ​រដ្ឋាភិបាល​នូវ​ការដកដង្ហើម​ខ្លះ​រហូតដល់​ការ​សងបំណុល​បន្ទាប់​ទៀត​ត្រូវ​​ធ្វើឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​។​

– ក្រុមហ៊ុន​នានា​នាំគ្នា​រត់​ចោល​រុស្ស៊ី​

​ក្រុមហ៊ុន​លោកខាងលិច​រាប់រយ​បាន​បិទ​ហាង​និង​ការិយាល័យ​នៅក្នុង​ប្រទេស​រុស្ស៊ី​ចាប់តាំងពី​សង្គ្រាម​បានចាប់ផ្តើម ដោយសារ​ការដាក់ទណ្ឌកម្ម សម្ពាធ​នយោបាយ ឬ​មតិសាធារណៈ​។​

​បញ្ជី​ក្រុមហ៊ុន​ទាំងនោះ​រួមមាន​យីហោ​ល្បីៗ​ដូចជា Ikea, Coca-Cola និង MacDonald’s​។​

​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានលើកឡើង​ពី​ការ​គំរាម​ធ្វើ​ជាតូបនីយកម្ម​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​បរទេស​។​

​ក្រុមហ៊ុន​មួយចំនួន​បានជ្រើសរើស​បន្ត​ស្នាក់​នៅក្នុង​ប្រទេស​រុស្ស៊ី​ដោយ​លើកឡើង​ពី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ពួកគេ​ក្នុង​ការមិន​បោះបង់​ចោល​បុគ្គលិក​ក្នុងស្រុក​ដ៏​ស្មោះត្រង់​របស់​ពួកគេ​និង​ការមិន​ព្រម​ដកហូត​ទំនិញ​សំខាន់ៗ​ពី​ប្រជាជន​ស្លូតត្រង់​។​

– កំណើន​យឺតយ៉ាវ​

​សង្គ្រាម​បាន​គំរាម​ទាញ​សេដ្ឋកិច្ចពិភពលោក​ចេញពី​ការ​ងើប​ឡើងវិញ​ពី​ជំងឺ​រាតត្បាត​កូវី​ដ​១៩​។​

OECD បាន​ព្រមាន​ថា ជម្លោះ​នេះ​អាច​ប៉ះពាល់​មួយ​ភាគរយ​ដល់​កំណើន​ពិភពលោក​។​

​អង្គការ IMF ត្រូវបាន​គេ​រំពឹងថា​នឹង​កាត់បន្ថយ​ការ​ព្យាករណ៍​កំណើន​របស់​ខ្លួន​ដែល​បច្ចុប្បន្ន​ឈរ​នៅ​កម្រិត ៤,៤ ភាគរយ​សម្រាប់​ឆ្នាំ ២០២២​។​

​អង្គការ IMF ធនាគារពិភពលោក និង​ធនាគារ​អឺរ៉ុប​សម្រាប់​ការកសាង​និង​អភិវឌ្ឍន៍ (EBRD) បាន​ព្រមាន​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា “​សេដ្ឋកិច្ចពិភពលោក​ទាំ​ង​មូល​នឹងមាន​អារម្មណ៍​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នេះ​តាមរយៈ​កំណើន​យឺតយ៉ាវ ការរំខាន​ពាណិជ្ជកម្ម និង​អតិផរណា​កាន់តែ​ធ្ងន់ធ្ងរ ដែល​បង្ក​គ្រោះថ្នាក់​ជាពិសេស​ដល់​ប្រជាជន​ក្រីក្រ​បំផុត​និង​ងាយ​រងគ្រោះ​បំផុត​”​។​

​ជាមួយ​នឹង​អតិផរណា​កើនឡើង អ្នកវិភាគ​បារម្ភ​ថា​សេដ្ឋកិច្ច​អាច​ប្រឈម​នឹង​រយៈពេល​នៃ​ស្ថិតា​អតិផរណា ពោលគឺ​ការ​លាយ​បញ្ចូល​គ្នា​រវាង​ការកើនឡើង​ថ្លៃ​ទំនិញ​និង​កំណើន​សេដ្ឋកិច្ច​ខ្សោយ​។​

​ប្រធាន​សេដ្ឋវិទូ​របស់ EBRD លោក ប៊ី​តា ចារ៉ូ​ស៊ីក (Beata Javorcik) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​ទោះបីជា​សង្គ្រាម​បាន​បញ្ឈប់​នៅ​ថ្ងៃនេះ​ក៏​ដោយ ក៏​ផលវិបាក​នៃ​ជម្លោះ​នេះ​នឹង​បន្ត​រាប់​ខែ​ទៅ​មុខ ហើយ​វា​នឹង​ប៉ះពាល់​លើ​តម្លៃ​ទំនិញ​ខ្លាំងជាងគេ​”៕

សង្គ្រាម​នៅ​អ៊ុយ​ក្រែន​បង្ក​ផលប៉ះពាល់​សេដ្ឋកិ​ច្ច​ពិភពលោ​កទាំង​មូល