ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មហាសេដ្ឋីម្ចាស់ក្លិប Chelsea លោករ៉ូម៉ាន់ អាប្រាម៉ូវិច (Roman Abramovich)ត្រូវបានគេរាយការណ៍ថាបានទៅប្រទេសប៉ូឡូញដើម្បីដើរតួជាអ្នកចរចារវាងប្រធានាធិបតីអាម៉េរិក ចូ បៃដិន និង ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនបានឱ្យដឹងថា មហាសេដ្ឋីវ័យ ៥៥ ឆ្នាំដែលថ្មីៗនេះត្រូវបានសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសដាក់ទណ្ឌកម្មបានជិះរថភ្លើងទៅកាន់ប្រទេសប៉ូឡូញកាលពីថ្ងៃព្រហស្បតិ៍ដោយប្រើលិខិតឆ្លងដែនព័រទុយហ្គាល់របស់គាត់។
បង្ហោះនៅលើបណ្តាញសង្គមដោយអ្នកកាសែតស៊ើបអង្កេត លោក ចាកូប ស្តាឆូវីអាក់ (Jakob Stachowiak) មកពីទូរទស្សន៍ TVN បាននិយាយថា”កាលពីម្សិលមិញគាត់បានមកប្រទេសប៉ូឡូញដោយសម្ងាត់ពីអ៊ុយក្រែនតាមរថភ្លើងឆ្លាតវៃ”។
“គួរឱ្យចាប់អារម្មណ៍ គាត់បានប្រើលិខិតឆ្លងដែនព័រទុយហ្គាល់។ ប្រហែលជានឹងមានកិច្ចប្រជុំក្រៅផ្លូវការជាមួយប្រធានាធិបតី។ តើពូទីនបានបញ្ជូនមហាសេដ្ឋីមកទេដឹង?”។
លោកបានបន្ថែមថា “មហាសេដ្ឋីរូបនេះបានទៅកាន់ប្រទេសប៉ូឡូញពីទឹកដីអ៊ុយក្រែន ជាកន្លែងដែលគាត់បានពិភាក្សាជាមួយប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី”។
លោកហ្សេលេនស្គីមុននេះបានស្នើឱ្យលោកបៃដិនកុំដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ីរូបនេះ ដោយនិយាយថា គាត់អាចក្លាយជាអន្តរការីដ៏សំខាន់ក្នុងការចរចាសន្តិភាពជាមួយរុស្ស៊ី។
អ្នកនាំពាក្យរបស់លោកពូទីនលោក ឌីមីទ្រី ប៉េស្កូវ កាលពីសុក្របានបញ្ជាក់ថាលោកអាប្រាម៉ូវិចបានចូលរួមកិច្ចចរចាសន្តិភាពជុំទីមួយរវាងភាគីទាំងពីរនៅក្នុងប្រទេសបេឡារូសក្នុងអំឡុងសប្តាហ៍ដំបូងនៃការលុកលុយយ៉ាងឃោរឃៅរបស់លោកពូទីនទៅលើអ្នកជិតខាងរបស់គាត់ ដែលឥឡូវនេះបានអូសបន្លាយរយៈពេលបួនសប្តាហ៍ហើយ។
ដំណឹងនេះកើតឡើងខណៈដែលលោកបៃដិនបានមកដល់ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅក្រុងរីហ្សេសហ្សូវ (Rzeszow) នៅព្រំដែនប៉ូឡូញ ជាទីដែលលោកបានអំពាវនាវឱ្យមានការរួបរួមរបស់ណាតូ និងបានថ្កោលទោសលោកពូទីនថាជាឧក្រិដ្ឋជនសង្គ្រាម៕
គេថាលោកអាប្រាម៉ូវិចកំពុងដើរតួជាអ្នកចរចារវាងលោកបៃដិននិងលោកពូទីនសម្រាប់សន្តិភាពនៅអ៊ុយក្រែន