លោក ច​ច អេ​ច ដាប់​ប​ល​យូ ប៊ូ​ស ក្លាយជា​អតីត​ប្រធានាធិបតី​អាមេរិក​ទី​១ ដែល​ឈានដល់​អាយុ ៩៤ ឆ្នាំ​

1252
ចែករម្លែក

​លោក ច​ច អេ​ច ដាប់​ប​ល​យូ ប៊ូ​ស បាន​ប្រារព្ធ​ពិធី​ខួបកំណើត​កាលពី​ថ្ងៃ​អង្គារ ទី​១២ មិថុនា ខណៈ​រូបគាត់​បានក្លាយ​ជា​អតីត​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បង្អស់​ដែលមាន​អាយុ ៩៤ ឆ្នាំ​។​

​នាយអគ្គសេនាធិការ លោក​ហ្ស​ង់ បេ​ក​ឃើ បាន​និយាយថា ប្រធានាធិបតី​ទី ៤១ របស់​អាមេរិក បានទទួល​ការជូន​ពរ​ជាច្រើន​តាមរយៈ​ទូរស័ព្ទ និង រីករាយ​ខួបកំណើត​ប្រកបដោយ​ភាព​សុខ​ស្រួល​នៅឯ​ផ្ទះ​មាត់សមុទ្រ​របស់គាត់ ពោលគឺ ៨ ថ្ងៃ បន្ទាប់ពី​ចាកចេញ​ពី​មន្ទីរពេទ្យ កន្លែង​ដែល​គាត់​សម្រាក​ព្យាបាល​អាកា​រៈ​សម្ពាធ​ឈាម​ទាប​។​

​កូនៗ​របស់គាត់​មួយចំនួន​បាន​មាន​វត្តមាន​នៅក្នុង​ទីក្រុង​កេ​ន​ណេ​បាំង​ផត​ផងដែរ រួមទាំង​អតីត​ប្រធានាធិបតី​ច​ច ដាប់​ប​ល​យូ​ប៊ូ​ស ដែល​បាន​បង្ហោះ​រូបភាព​ញញឹម​របស់​ពួកគាត់​ទាំង​២​នាក់​នៅលើ​អ៊ី​ន​ស្តា​ក្រាម​។​

​លោក​ប៊ូ​ស​ដែលជា​ប្រធានាធិបតី​ទី ៤៣ បាន​និយាយថា “​ខ្ញុំ​គឺជា​មនុស្ស​សំណាង​ដែល​ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ថា ច​ច ប៊ូ​ស និង បាន​នៅ​ជាមួយ​ប្រធានាធិបតី​ទី ៤១ នៅ​ថ្ងៃ​ខួបកំណើត​គម្រប់ ៩៤ ឆ្នាំ​របស់គាត់​”​។​

​អ្នកនាំពាក្យ​លោក ជី​ម ម៉ាក​ហ្គ្រា​ត បាន​និយាយថា លោក​ប៊ូ​សបាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ចាស់​ជាងគេ​បំផុត​កាលពី​ប៉ុន្មាន​ខែ​មុន ហើយ​ជាម​នុស្ស​ដំបូង​គេ​ដែល​ប្រារព្ធ​ខួបកំណើត​លើក​ទី ៩៤​។​

​អតីត​ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ​លោក ជី​មមី ខាត​ធឺ ក៏​មិន​ណ​យ​ដែរ គឺ​គាត់​មាន​អាយុ ៩៣ ឆ្នាំ​ហើយ ហើយ​គាត់​នឹង​ប្រារព្ធ​ខួប​គម្រប់ ៩៤​ឆ្នាំ​នៅ​ថ្ងៃទី ១ តុលា​ខាងមុខ​។ អតីត​ប្រធានាធិបតី​អាមេរិក​២​នាក់​ផ្សេងទៀត​បាន​ឈានដល់​អាយុ ៩៣ ឆ្នាំ គឺ​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​ទាំង​២ រូប លោក រ៉ូ​ណា​ល់ រី​ហ្គិ​ន និង​លោក ជើ​រ៉ាត់ ហ្វ​ដ​៕ ដោយ៖ កញ្ញាដាលីស

លោក ច​ច អេ​ច ដាប់​ប​ល​យូ ប៊ូ​ស និង​កូនប្រុស ច​ច ដាប់​ប​ល​យូ ប៊ូ​ស អបអរ​ខួបកំណើត​គម្រប់ ៩៤ ឆ្នាំ នៅ​ទីក្រុង​កេ​ន​ណេ​បាំង​ផត រដ្ឋ​មេន កាលពី​ថ្ងៃ​អង្គារ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ