​រថយន្ដ​កុងតឺន័រ​ដាច់​ហ្វ្រាំង​បុក​រះ​រ៉ឺម៉ក​កង់​បី​រងរបួស​ធ្ងន់​ស្រាល​ពីរ​នាក់​

1011
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​រថយន្ដ​កុងតឺន័រ​មួយគ្រឿង​ដាច់​ហ្វ្រាំង​បុក​រះ​រ៉ឺម៉ក​កង់​បី​ពីរ​គ្រឿង​បង្ក​គ្រោះថ្នាក់​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​ស្រាល​និង​ខូចខាត​ម៉ូតូ​កង់​បី​ចំនួន​ពីរ​គ្រឿង​និង​រថយន្ដ​កាមរី​ឆ្លាម​មួយគ្រឿង​ទៀត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា ម៉ោង​៩​យប់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្តុ​ប​លូ​៥ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ។​

​អ្នកបើក​ម៉ូតូ​កង់​បី​ឥណ្ឌា​បានឱ្យដឹងថា ពេលដែល​កំពុងតែ​ឈប់​នោះ ស្រាប់​តែមាន​ក្បាល​រថយន្ដ​កុងតឺន័រ​មួយគ្រឿង​បើក​មកពី​ក្រោយ​ទំនងជា​ជាន់​ហ្វ្រាំង​អត់​ស៊ី​ក៏​ជ្រុល​បុក​រះ​រថយន្ដ​កាមរី​ឆ្លាម​រួមទាំង​ម៉ូតូ​កង់​បី​របស់គាត់​និង​រ៉ឺម៉ក​ម៉ូតូ​កង់​បី​មួយគ្រឿង​ទៀត​បណ្ដាលឱ្យ​រ៉ឺម៉ក​ម៉ូតូ​របស់គាត់​ក្រឡាប់​ផ្ងារជើង​និង​ធ្វើឱ្យ​រូបគាត់​រងរបួស​ស្រាល​។ ចំណែក​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​មួយគ្រឿង​ទៀត រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ក្រោយពី​បង្កហេតុ​តៃកុង​រថយន្ដ​មិន​ហ៊ាន​ចុះ​ពី​រថយន្ដ​នោះទេ ព្រោះ​ខ្លាច​ប្រជាពលរដ្ឋ​នាំគ្នា​ព្រួត​វាយ ដោយ​អង្គុយ​នៅលើ​រថយន្ដ​រហូត ទាល់តែ​ជំនាញ​ចរាចរណ៍​ក្រុង​ចុះមក​វាស់វែង​យក រថយន្ត​និង​រ៉ឺម៉ក​កង់​បី​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។​

​សូមជម្រាបថា​នៅ​ចំណុចកើតហេតុ​គឺជា​តំបន់​ដែល​សំបូរ​ទៅដោយ​ក្រុមអាជីវករ​លក់ដូរ​ដាក់​តាំង​ទំនិញ​នៅលើ​ចិញ្ចើមផ្លូវ​និង​លើ​ដងផ្លូវ​សាធារណៈ​ដែល​ធ្វើឱ្យ​ចរាចរណ៍​មាន​លក្ខណៈ​ចង្អៀត​និង​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ផងដែរ​៕S/​

​រថយន្ដ​កុងតឺន័រ​ដាច់​ហ្វ្រាំង​បុក​រះ​រ៉ឺម៉ក​កង់​បី​រងរបួស​ធ្ងន់​ស្រាល​ពីរ​នាក់​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ