ដោយៈ សុផល / កំពត​៖ នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ បច្ចេកទេស​ពាក់ព័ន្ធ របស់​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ ប្រចាំ​ខេត្តកំពត ដោយមាន​ការអញ្ជើញ​ចូលរួម ពី​ក្រុមការងារ​បច្ចេកទេស មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន តំណាង​ក្រុមហ៊ុន​សាងសង់ ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ថាៈ គម្រោង​សាងសង់ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ ប្រចាំ​ខេត្តកំពត ដែលមាន​ទីតាំង ស្ថិតនៅ​ស្រុក​ទឹកឈូ កំពុង​សាងសង់​នៅលើ​ផ្ទៃដី ទំហំ ៤ ហិកតា មាន​ជម្រៅ ៤,៥ ម៉ែត្រ ជា​ហិរញ្ញប្បទាន​របស់ ធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណ​ជិត ១០ លាន​ដុល្លារ​អាមេរិក​។​

​សូម​ជម្រាបជូន​ថាៈ កំពង់ផែ​នេះ មាន​បណ្តោយ ៣០០ ម៉ែត្រ និង​មាន​សមត្ថភាព​អាច​ផ្ទុក នាវា​ដឹក​អ្នកដំណើរ បាន​ពី ៣០០ ទៅ ៤០០ នាក់ គិត​ត្រឹម​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២២ វឌ្ឍនភាព​ការងារ សាងសង់ សម្រេចបាន ៩៣,៤១ % ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់ ជា​ស្ថាពរ នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ​។​

​ក្រោយពី​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ នឹង​ក្លាយជា​ច្រកទ្វារ ដ៏​សំខាន់ សម្រាប់​ទទួលភ្ញៀវ​ទេសច​រណ៍​ជាតិ និង​អន្តរជាតិ ធ្វើដំណើរ​កម្សាន្ត តាមផ្លូវ​ទឹក ជាពិសេស​ទេសចរណ៍ មកពី​ប្រទេស​ថៃ និង​វៀតណាម ចូលមក​កាន់​កម្ពុជា ជា​កំពង់ផែ សម្រាប់​អ្នកដំណើរ មិនមែនជា​កំពង់ផែ​ទំនិញ​ឡើយ​។​

​ជាងនេះទៅទៀត កំពង់ផែ​នេះ ចូលរួមចំណែក​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍ នៅ​ខេត្តកំពត ជួយ​បង្កើត​ឱកាស​ការងារ បង្កើន​ប្រាក់ចំណូល និង​លើកកម្ពស់ ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​។

​កំពង់ផែ​នេះ ជា​ផ្នែក​មួយ នៃ​គម្រោង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ សម្រាប់​កំណើន ប្រកបដោយ​បរិ​យាប​ន្ន ក្នុង​មហា​អនុតំបន់​មេគង្គ​។ ការសាងសង់​កំពង់ផែ​នេះ ស្ថិតក្រោម​ការគ្រប់គ្រង ដោយ​អង្គភាព​អនុវត្ត អនុ​គម្រោង​របស់ ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​។​

​បន្ថែម​ពីលើ​នេះ កំពង់ផែ​នេះ ជា​ច្រកទ្វារ​អន្តរជាតិ ផ្លូវ​សមុទ្រ យ៉ាងសំខាន់ ត​ភ្ជាប់​ការដឹក ជញ្ជូន​ភ្ញៀវទេសចរ ទៅកាន់​បណ្តា​កោះ​នានា នៅ​ភាគខាងត្បូង និង​ត​ភ្ជាប់ ខេត្តកំពត នៃ​ប្រទេស​កម្ពុជា ទៅកាន់​ពិភពលោក​។​ តាមរយៈ​កំពង់ផែ​នេះ នឹង​ជួយ​ជំរុញ​បន្ថែម ការអភិវឌ្ឍ​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​នានា នៅ​ខេត្តកំពត រមណីយដ្ឋាន ភ្នំ​បូកគោ និង​គោលដៅ​ទេសចរណ៍ តំបន់ឆ្នេរ​សមុទ្រ របស់​កម្ពុជា ផងដែរ​៕/V​